ភ្នំពេញៈ ក្រោយពីបានធ្វើសកម្មភាពថែរក្សាព្រៃព្រឹក្សា និងបំបួសដើមឈើរហូតទទួលបានការសរសើរពីលោកនាយករដ្ឋមន្ត្រីកម្ពុជា តារាចម្រៀងដែលប្ដេជ្ញាថានឹងដាំដើមឈើឲ្យបាន ១ ម៉ឺនដើមក្នុងមួយជីវិតខ្លួននាង មាស សុខសោភាដែលគ្រានេះពុំសូវមានពេលធ្វើកិច្ចការសង្គមដូចមុន បានឆ្លៀតផ្សារភ្ជាប់កិច្ចការសិល្បៈចម្រៀងជាមួយទិដ្ឋភាពធម្មជាតិ។
ក្រៅពីមានការគាស់កកាយបង្ហោះឡើងវិញនូវរូបភាពដាំដើមឈើ និងបំបួសកូនឈើនៅឯស្រុកឱរ៉ាល់កាលពីពីរឆ្នាំមុន តារាចម្រៀងស្រីផលិតកម្មថោនបានរំលេចនូវសកម្មភាពថតបទចម្រៀងថ្មីៗជាច្រើនក្នុងតំបន់ព្រៃ ដែលទីតាំងថតមួយនេះត្រូវបានកញ្ញា មាស សុខសោភា អះអាងថាជាការស្នើរបស់នាងផ្ទាល់។
ចម្រៀងថ្មីមួយមានចំណងជើងថា «ខ្យល់អាកាស» ដែលជាប្រភេទបទអូរីជីណល និពន្ធទំនុកច្រៀង និងសាច់ភ្លេងថ្មីសន្លាង នៅក្នុងអាល់ប៊ុមទោល ៧៦ របស់តារាចម្រៀងស្រីរូបនេះ បានធ្វើឲ្យប្រិយមិត្តជាច្រើននឹកស្មានថា វាអាចមានអត្ថន័យទាក់ទិននឹងបរិស្ថានឬយ៉ាងណាហើយទើបជាដើមចមនាំឲ្យមានការថតឈុតវីដេអូចម្រៀងនេះនៅតំបន់ព្រៃ។
ប៉ុន្តែកញ្ញា មាស សុខសោភា បានបញ្ជាក់ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា៖ «តាមពិតទៅបទចម្រៀងថ្មីៗប្រភេទអូរីជីណលសង (Original Song) ទាំងនេះអត់មានពាក់ព័ន្ធ [បរិស្ថាន ឬព្រៃឈើ] ទេបង! ចំពោះឈុតថតនៅតំបន់ព្រៃនោះ គឺគ្រាន់តែជាចំណាប់អារម្មណ៍ផ្ទាល់ ដែលតែងតែស្រឡាញ់នូវទេសភាពធម្មជាតិរបស់នាងខ្ញុំតែប៉ុណ្ណោះ ហើយក៏សំណូមពរទៅដល់អ្នកដឹកនាំសម្តែងឲ្យបញ្ចូលទេសភាពនេះ ខ្លះរហូតយើងបានថតតែម្តង។ យើងបានថតនៅឯតំបន់ព្រៃមួយនៅឯសង្កាត់ចោមចៅ ហើយបទចម្រៀងថ្មីៗទាំងនោះក៏ចេញលក់ហើយដែរ»។
តារាចម្រៀងស្រីល្បីការងារមនុស្សធម៌ និងស្នេហាបរិស្ថានធម្មជាតិរូបនេះ បានទទួលស្គាល់ថា មួយរយៈចុងក្រោយនាងពិតជាមមាញឹកខ្លាំងមិនមានពេលវេលាធ្វើសកម្មភាពការពារព្រៃឈើដូចមុនឡើយ។
ប៉ុន្តែថ្មីៗនេះក្រោយពីកិច្ចការថែរក្សាបរិស្ថានធម្មជាតិរបស់នាងទទួលបានការសរសើរពីថ្នាក់ដឹកនាំកំពូលទើបនាងបញ្ចេញសារអំពាវនាវទទូចជាថ្មីសុំឲ្យមានការចូលរួមថែរក្សា និងដាំរុក្ខជាតិពីប្រជាជនទូទាំងប្រទេសដើម្បីឲ្យមាតុភូមិសម្បូរទៅដោយព្រៃឈើ ជាទុនទៅថ្ងៃអនាគតដល់កូនចៅជំនាន់ក្រោយ។
កញ្ញា មាស សុខសោភា ក៏បង្ហើបដែរថា៖ «រឿងតំណាងជាសកម្មជនផ្សព្វផ្សាយពីធម្មជាតិ ឬបរិស្ថាននេះ ក៏ធ្លាប់មានខាងអង្គការ ឬស្ថាប័ននានាបានធ្វើទំនាក់ទំនងនាងខ្ញុំដើម្បីចូលរួមដែរ តែដោយសារនាងខ្ញុំ មិនមានពេលសមស្រប ទើបបដិសេធសំណើទាំងនោះ»។
កញ្ញាបន្តថា៖ «តែទោះជាយ៉ាងណានាងខ្ញុំសប្បាយចិត្តនឹងសកម្មភាពជួយសង្គមបែបនេះណាស់ ហើយនៅពេលខាងមុខ នាងខ្ញុំក៏មានបំណងចង់ចូលរួមសកម្មភាពផ្នែកនេះជាមិនខាន»៕


