ភ្នំពេញៈ ពិព័រណ៍ចល័តមួយស្ដីពី «សម្លេងក្រុមជនជាតិភាគតិច» នឹងបើកកកាយរឿងរ៉ាវ និងបទពិសោធន៍ជីវិតពិតពីក្រុមជនជាតិភាគតិច ចាម និង វៀតណាម ក្នុងប្រទេសកម្ពុជាដែលបានឆ្លងកាត់ក្នុងសម័យខ្មែរក្រហម ឲ្យយុវជនបានស្វែងយល់ និងមិនឲ្យមានការរើសអើងមកលើជនរងគ្រោះដែលជាជនជាតិភាគតិចទាំងនេះទៀត។
លោក លី រតនៈ មន្រ្ដីគម្រោងអង្គការក្ដីករុណា ដែលជាអង្គការបង្កើតការពិព័រណ៍ចល័តនេះឡើង បានប្រាប់ LIFT ថា ពិព័រណ៍នេះបានបើកឱកាសឲ្យយុវជនជំនាន់ក្រោយ បានស្វែងយល់ដឹងពីទុក្ខលំបាកនៃជនជាតិភាគតិច ចាម និង វៀតណាម ចំពោះការប្រព្រឹត្ដមកលើពួកគាត់ក្នុងសម័យខ្មែរក្រហម តាមរយៈវីដេអូឯកសារ ឯកសារសម្លេង រូបថត និងគំនូរ ហើយក៏បានផ្ដល់ឱកាសឲ្យពួកគាត់ដែលជាជនរងគ្រោះក្នុងសម័យនោះមានឱកាសនិយាយទៅកាន់សាធារណៈជនពីទុក្ខវេទនា នៃការធ្វើបាបក្នុងរបបនោះ។
បើតាមលោក រតនៈ អង្គការលោកនឹងធ្វើគម្រោងពិព័រណ៍ចល័តនៅខែក្រោយនេះ ទៅកាន់ខេត្ដ កំពង់ឆ្នាំង និងលើកក្រោយៗទៀត ទៅធ្វើនៅខេត្ដ ពោធិ៍សាត់ ព្រៃវែង និង ត្បូងឃ្មុំ ។
យុវនិស្សិត គៀវ ម៉េងគ័ង និស្សិតប្រវត្តិវិទ្យាឆ្នាំទី ៣ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលបានចូលរួមការសម្ពោធការដាក់តាំងពិព័រណ៍នេះកាលពីចុងសប្ដាហ៍មុនបានលើកឡើងថា ពិព័រណ៍នេះ ពិតជាមានសារៈសំខាន់សម្រាប់យុវជន និងប្រជាជនទូទៅ ដោយសារតែវាបានអប់រំដល់អ្នកជំនាន់ក្រោយឲ្យបានយល់ដឹងពីសារសំខាន់នៃការសិក្សាប្រវត្តិសាស្ត្រ ពិសេសរឿងរ៉ាវដែលបានកើតឡើងនៅក្នុងរបបខ្មែរក្រហម។ ម្យ៉ាងទៀតរាល់ព័ត៌មានដែលទទួលបានពីពិរណ៍នេះ គឺជាព័ត៌មានដែលទទួលបានពីសាក្សីនៅរស់រាន ដែលភាគច្រើន គាត់ជាប្រជាជនដែលរងគ្រោះក្នុងរបបនោះផ្ទាល់ ឬអាចតាមរយៈអតីតអ្នកធ្លាប់ធ្វើការក្នុងរបបនេះតែម្ដង។
យុវជនវ័យ ២០ ឆ្នាំរូបនេះយល់ឃើញថា ពិព័រណ៍នេះ គួរតែធ្វើឡើងតាមបណ្ដាខេត្តនានាថែមទៀត ពោលគឺមិនត្រឹមតែទីក្រុងភ្នំពេញនោះទេ។ ព្រោះថា វាជាសារមួយយ៉ាងសំខាន់សម្រាប់អ្នកជំនាន់ក្រោយៗទៀតឲ្យគាត់បានសិក្សាស្វែងយល់។
យុវតី ឆេង ចន្ធូ និស្សិតរៀនជំនាញប្រវត្ដិសាស្រ្ដដែលបានចូលទស្សនាក្នុងការពិព័រណ៍នេះដែរ បានថ្លែង ថា «ពិព័រណ៍នេះបង្ហាញឲ្យខ្ញុំដឹងមួយផ្នែកផ្សេងទៀតនៃការធ្វើបាបរបស់ខ្មែរក្រហមមកលើជនជាតិភាគតិច។ ខ្ញុំធ្លាប់បានដឹងភាគច្រើនគឺការធ្វើបាបតែលើប្រជាជនខ្មែរតែប៉ុណ្ណោះ»។
លោក ធី ដឺយ ជាដើមបណ្ដឹងរដ្ឋប្បវេណីជនជនជាតិវៀតណាមមួយរូបនៅក្នុងសាលាក្ដីខ្មែរក្រហម និងបានមកចូលរួមក្នុងពិព័រណ៍នេះដើម្បីចែករំលែកបទពិសោធន៍ឈឺចាប់របស់ខ្លួនទៅកាន់សាធារណៈជន បានប្រាប់ឲ្យដឹងដែរថា «ខ្ញុំឃើញរូបថត រូបភាពទាំងនេះ ធ្វើឲ្យខ្ញុំនឹកឃើញក្នុងចិត្តវិញកាលពីជំនាន់នោះ។ រូបទាំងនេះវាបានរំឭកខ្ញុំគ្រប់រឿងដែលគេធ្វើបាបខ្ញុំ។ តែដល់ពេលនេះខ្ញុំបានធូរស្រាលច្រើនហើយ។ ខ្ញុំពេញចិត្តនឹងការរៀបចំ [ពិព័រណ៍] នេះណាស់ វាពិតជាប្លែកមែនទែន ហើយជាពិសេសខ្ញុំសប្បាយចិត្តព្រោះមានក្មេងៗមកមើល[ពិព័រណ៍] ហើយពួកគេសួរខ្ញុំពីរឿងខ្មែរក្រហម»៕


