ភ្នំពេញៈ កាលពីថ្ងៃទី ៣ ខែមីនាឆ្នាំ ២០១៦ កន្លងមកនេះ អង្គការស៊ីប៉ា (Sipar) ទទួលនូវដៃគូឧបត្ថម្ភថ្មីសន្លាងមួយទៀតគឺក្រុមហ៊ុនទូរស័ព្ទចល័តស្មាតលើការរ៉ាប់រងសេវាម្មធ្វើសកម្មភាពនៅក្នុងប្រតិបត្តិការបណ្ណាល័យចល័ត ២ កន្លែង នៅតាមតំបន់ជុំវិញរាជធានីភ្នំពេញ និងតាមបណ្តាខេត្តនានាក្បែរ ដើម្បីជំរុញការអភិវឌ្ឍទម្លាប់ការអាននៅប្រទេសកម្ពុជា។
លោក ហុក សុទ្ធិ នាយកអង្គការស៊ីប៉ា ថ្លែងនាឱកាសចាប់ដៃគូថ្មីជាមួយក្រុមហ៊ុនស្មាតថា៖ «ការអានគឺជាគន្លឹះសម្រាប់វិស័យអប់រំ និងការអភិវឌ្ឍមនុស្ស។ ភាពជាដៃគូនឹងក្រុមហ៊ុនស្មាត អនុញ្ញាតឲ្យអង្គការស៊ីប៉ាពង្រីកនូវសកម្មភាពរបស់ខ្លួន និងប្រយុទ្ធប្រឆាំងនឹងអនក្ខរកម្មនៅក្នុងសហគមន៍ទាំងការលើកកម្ពស់ការងារស្ម័គ្រចិត្តក្នុងចំណោមយុវជនកម្ពុជា»។
នេះជាលើកដំបូងហើយ ដែលក្រុមហ៊ុនស្មាត បានចាប់ដៃគូជាមួយនឹងអង្គការស៊ីប៉ាទៅលើសេវាកម្មបណ្ណាល័យចល័ត ខណៈក្រុមហ៊ុននឹងក្លាយជាម្ចាស់ឧបត្ថម្ភពេញមួយឆ្នាំតែម្តងទៅលើសេវាកម្មចំណាយប្រាក់លើបណ្ណាល័យចល័តរថយន្តពីរគ្រឿង ដែលនឹងប្រតិបត្តិនៅតាមគោលដៅចំនួន ១៨ កន្លែងជារៀងរាល់ថ្ងៃ ដោយមានការផ្តល់សៀវភៅផ្សេងៗជាង ៣០០០ ក្បាល និងល្បែងអប់រំសិក្សាដល់ប្រជាជនតាមសហគមន៍។

ក្រៅពីការអាន និងការអប់រំ កុមារ និងអ្នកភូមិ ក៏អាចមានឱកាសបានកម្សាន្តជាមួយសេវាកម្មបន្ថែមរបស់ក្រុមហ៊ុនស្មាតដែរគឺមានថេប្ល៊ិតពីរដែលភ្ជាប់អ៊ីនធឺណិតពេញមួយឆ្នាំ។លោក ថូម៉ាស ហូនដ៍ ជានាយកប្រតិបត្តិក្រុមហ៊ុនស្មាតបានថ្លែងថា៖ «ភាពជាដៃគូរបស់យើងជាមួយនឹងអង្គការស៊ីប៉ាគឺជាការបន្តសកម្មភាពប្រយុទ្ធប្រឆាំងនឹងអនក្ខរកម្ម និងលើកកម្ពស់វិស័យអប់រំនៅកម្ពុជាតាមរយៈបណ្ណាល័យចល័តនេះ។ ភាពជោគជ័យរបស់ក្រុមហ៊ុននៅលើទីផ្សារគឺពឹងផ្អែកលើមនុស្សដែលមានទេពកោសល្យដែលធ្វើការងារហើយទេពកោសល្យគឺជាលទ្ធផលនៃការរួមបញ្ចូលគ្នាជាមួយនឹងការអប់រំ និងមហិច្ឆតា»។
គួរបញ្ជាក់ថា ស៊ីប៉ាគឺជាអង្គការបារាំងបង្កើតឡើងជាមួយនឹងក្រុមការងារជនជាតិខ្មែរមានអ្នកជំនាញវិជ្ជាជីវៈចំនួន ៤០ រូប ខណៈពេល ២ ទសវត្សរ៍ចុងក្រោយនេះ អង្គការបានធ្វើការលើគោលបំណងនៃការប្រយុទ្ធប្រឆាំងនឹងអនក្ខរកម្ម ដែលផ្តល់ការអប់រំមានគុណភព តាមរយៈរៀបចំបណ្ណាល័យចល័តនៅក្នុងស្ថានភាពខុសៗគ្នាដូចជា នៅឯសាលារៀន សហគមន៍ និងរោងចក្រជាដើមដើម្បីលើកកម្ពស់ការអប់រំការអានសៀវភៅជាភាសាខ្មែរចំនួន ២៥ ខេត្តក្រុង៕


