ភ្នំពេញៈ ខណៈកាលវេលាកំណត់ថ្ងៃរៀបពិធីមង្គលការត្រូវបានអូសបន្លាយយូរតទៅទៀតដោយមានដែនកំណត់នៅត្រឹមពិធីភ្ជាប់ពាក្យម្តងជាពីរដងមកហើយ ឥឡូវនេះក៏ស្រាប់តែលេចដំណឹងបែបរាងមិនសូវច្បាស់ការជាម្តងទៀតហើយ សម្រាប់ថ្ងៃកំណត់ចូលរោងការរបស់តារាសម្តែងស្រីជាថៅកែសម្អាងការវ័យក្មេងកញ្ញា លី ច័ន្ទសីហា និងគូដណ្តឹងនិស្សិតយោធាមាឌធំ លោក ច័ន្ទ ថៃសេង នោះ។
ដំណឹងលើកពេលវេលារៀបចំមង្គលការរបស់កញ្ញា លី ច័ន្ទសីហា ជាប់ងារជាតារាទឹកភ្នែកដែលសម្តែងក្នុងរឿង «មរណមាតា» និងរឿង «កូនកតញ្ញូ» ត្រូវបានទម្លាយដោយលោក លី សុខជុន ដែលជាឪពុកបង្កើតនាង បន្ទាប់ពីលោកបានបង្ហោះសារមួយឃ្លា ដែលមានន័យសុខចិត្តរង់ចាំ និងចង់ឃើញមុខមាត់ចៅជាកូនរបស់កូនស្រីខ្លួនឆាប់ៗ បន្ទាប់ពីនាងបានភ្ជាប់ពាក្យរួចហើយ តែនៅមិនទាន់ប្រញាប់រៀបការនោះ។
លោក លី សុខជុន បានបង្ហោះសារនោះនាពេលគាត់បានចូលរួមក្នុងពិធីខួបកំណើតកូនប្រុសរបស់តារាសម្តែង និងពិធីករទូរទស្សន៍បាយ័នលោក ជា សុវណ្ណារិទ្ធិ កន្លងមក ខណៈបានលើកពកុមារាឈ្មោះ Fame ក៏បន្លឺថា៖ «Good Morning!ក្តីប៉ងប្រាថ្នារបស់ខ្ញុំគឺបែបនេះ ករុណាមេត្តាកុំឲ្យខ្ញុំអស់សង្ឃឹមមួយឆ្នាំទៀត។ អាសីហា [កូនស្រី លី ច័ន្ទសីហា] និងស្វាមីមិនឲ្យខ្ញុំអស់សង្ឃឹមឡើយ ហិហិហិ!ផ្កាប់មុខរបស់ខ្ញុំគឺកូនតារាសម្តែង ជា សុវណ្ណរិទ្ធិ នេះឯង ហិហិហិ» ដែលនេះគឺជាការបង្ហាញពីអារម្មណ៍របស់មនុស្សចាស់ដែលជាការទទូចចង់ឲ្យកូនស្រីខ្លួនឆាប់រៀបការ និងឆាប់មានកូនចៅនឹងគេ បង្កើតជាសង្គមគ្រួសារ។
ឯការពន្យារពេលរៀបមង្គលការរបស់កញ្ញា លី ច័ន្ទសីហា ក៏នៅតែពុំទាន់មានកាលបរិច្ឆេទកំណត់ច្បាស់លាស់នៅឡើយដដែល ខណៈដែលលោក លី សុខជុន ជាឪពុករបស់នាងគ្រាន់តែបានឲ្យដឹងថា៖ «ដំបូងថាគិតគូរចុងឆ្នាំនេះ តែពេលរកមើលពេលាទៅដូចជាមិនសូវល្អសម្រាប់កូនស្រីឡើយ។ ដូច្នេះក៏ត្រូវជឿនឹងទំនៀមចាស់បុរាណខ្លះទៅ ដោយរង់ចាំដល់ឆ្នាំក្រោយ [ឆ្នាំ ២០១៧ ]»។
តារាសម្តែង លី ច័ន្ទសីហា កូនសំណព្វចិត្ត លោក លី សុខជុន បានភ្ជាប់ពាក្យកាលពីថ្ងៃទី ៤ ខែកុម្ភៈកន្លងមក ក្រោយពីបានសាងស្នេហ៍ជាង ៣ ឆ្នាំ ហើយក៏មានការសាទរពីមហាជនដែរថា៖ «សូមកុំឲ្យជំពប់នឹងរឿងអភ័ព្វដូចការភ្ជាប់ពាក្យលើកទី ១ អី!»។
ខណៈមហាជនក៏នៅតែមានការក្រែងទុកដែរថា ពិធីរៀបអាពាហ៍ពិពាហ៍របស់កញ្ញា លី ច័ន្ទសីហា អាចនឹងបន្តការលើកវេលាទៅឆ្នាំក្រោយៗដែរឬទេមើលទៅ ដោយមើលទៅដូចជាពុំទាន់មានចេតនាប្រញាប់ឆាប់រៀបចំសោះក្រោយពីពួកគេបានភ្ជាប់ពាក្យមកនោះ?
លោក លី សុខជុន ក៏ហាក់ដូចជានៅមិនទាន់ហ៊ានសម្រេចដែរ ដោយបានបង្ហើបប្រាប់ថា៖ «ខ្ញុំក៏នៅមិនទាន់ដឹងច្បាស់យ៉ាងណានោះដែរសម្រាប់ពេលណាមួយឲ្យច្បាស់នៅក្នុងឆ្នាំ ២០១៧ នោះ»៕


