កំពតៈ ការសម្តែងរបាំសហសម័យថ្មីឈ្មោះថា «ត្រឡប់មកវិញកាន់តែត្រចះត្រចង់ ឬ Come Back Brighter» ដែលរៀបចំដោយអង្គការអេពិក អាត លើកដំបូង ក្នុងគោលបំណងអភិវឌ្ឍលើវិស័យសិល្បៈរបាំរបស់ខ្មែរ ការស្វែងរកប្រវត្តិនៃសិល្បករផ្នែករបាំខ្មែរទសវត្សរ៍ទី ៦០-៧០ និងបង្ហាញពីភាពរស់រានមានជីវិតវិញនៃសិល្បៈនេះ បន្ទាប់ពីសម័យខ្មៅងងឹតនៃរបបខ្មែរក្រហម។
ការសម្តែង «ត្រឡប់មកវិញកាន់តែត្រចះត្រចង់» នេះមានរយៈពេលយូរ ដោយចាប់ផ្តើមតាំងពីថ្ងៃទី ១២ ខែកុម្ភៈដល់ថ្ងៃទី ៦ ខែឧសភា ឆ្នាំ ២០១៦ ខាងមុខនៅរៀងរាល់ថ្ងៃសុក្រ នៅឯរោងកុនរ៉ូយ៉ាល់ចាស់ក្នុងខេត្ដកំពត ដែលមានការសម្តែងសរុបចំនួន ១២ ទម្រង់នៃរបាំ ខណៈការដឹកនាំសម្តែងដោយអ្នកគ្រូ ណាម ណារីម នាដកាជំនាញសិល្បៈសហសម័យខ្មែរនៃអង្គការអម្រឹតាសិល្បៈ។
អ្នកស្រី អុន សុខនី ប្រធានគ្រប់គ្រងនៃអង្គការអេពិក អាត (Epic Arts) បានឲ្យដឹងពីដំណើរការនៃការបង្កើតនូវកម្មវិធីសម្តែងសិល្បៈខាងលើជាលើកដំបូងនោះថា៖«ត្រឡប់មកវិញកាន់តែត្រចះត្រចង់ ដែលជាបែបផែននៃរបាំសហសម័យនេះត្រូវរៀបចំ និងបានដំឡើងដោយជនជាតិខ្មែរគឺអ្នកគ្រូ ណាម ណារីម នៅអង្គការអម្រឹតាសិល្បៈ។ឆ្នាំ ២០១៤ គាត់បានយកទៅសម្តែងនៅក្នុងប្រទេសអង់គ្លេស ហើយពេលត្រឡប់មកវិញគាត់ រួមជាមួយអ្នកជំនាញរបាំសហសម័យពីររូបទៀតរបស់អង្គការអេពិកអាតគឺឡារ៉ា អ៊ីវិន និងនាងខ្ញុំ (អុន សុននី) ដើម្បីបង្កើតឲ្យមានកម្មវិធីសម្តែងរបាំថ្មីដែលមានឈ្មោះ ត្រឡប់មកវិញកាន់តែត្រចះត្រចង់ នេះឡើងរបស់ក្រុមរបាំអង្គការអេពិក អាត»។

អ្នកស្រីបន្ដថា៖ «ក្រុមសម្តែងអាជីពដែលធ្វើការសម្តែងរឿង ត្រឡប់មកវិញកាន់តែត្រចះត្រចង់នេះគឺជាផ្នែកនៃគម្រោងអាជីវកម្មថ្មីមួយសម្រាប់អេពិក អាត។ពួកគាត់ជាក្រុមរបាំមានទេពកោសល្យសម្តែងសិល្បៈ ជាជនពិការ មិនពិការ និងមានបញ្ហាស្តាប់»។
គួរបញ្ជាក់ថា អង្គការអេពិកអាត មានមូលដ្ឋានក្នុងភូមិ សុវណ្ណសាគរ សង្កាត់កំពង់កណ្តាល ក្រុង និងខេត្ដកំពត ជាអង្គការបណ្តុះបណ្តាលជំនាញសិល្បៈបែបចម្រុះដល់ជនពិការ ភ្នែក ជើង ដៃ ស្វិតដៃជើង គ ថ្លង់ និងជនមានបញ្ញាខ្សោយជាដើម។
សម្រាប់ការសម្តែងរបាំសហសម័យត្រឡប់មកវិញកាន់តែត្រចះត្រចង់ នឹងប្រារព្ធឡើងនៅឯរោងកុនរ៉ូយ៉ាល់ចាស់ខេត្ដកំពតនៅរៀងរាល់ថ្ងៃសុក្រ ខណៈសំបុត្រទស្សនាអាចជាវបានពីហាងស្នាដៃអេពិកអាត កំពត និងតាមហាងលក់វត្ថុសិល្បៈផ្សេងៗទៀត។
សំបុត្រទស្សនាសម្រាប់មនុស្សពេញវ័យជាជនបរទេសតម្លៃ ១០ ដុល្លារ ក្មេងក្រោមវ័យ ១២ ឆ្នាំតម្លៃ ៧ ដុល្លារ ជនជាតិខ្មែរមនុស្សពេញវ័យតម្លៃ ២,៥ ដុល្លារ និងក្មេងតម្លៃ ១ ដុល្លារ៕


