ក្រុងវ៉ាស៊ីនតោន: ផ្កា Zinnia ពណ៌ទឹកក្រូចខ្ចីបានរីកចេញផ្កាយ៉ាងស្រស់ស្អាតនៅលើស្ថានីយអវកាសអន្ដរជាតិ ដែលបានក្លាយជាបុប្ផាដំបូងចាប់ផ្ដើមលើសុញ្ញអាកាស។
អាកាសយានិកអាមេរិក លោក ស្កុត ខេលលី បានសរសេរលើធ្វីធើរ ដោយភ្ជាប់ជាមួយរូបភាព Zinnia នេះថា៖ «បុប្ផាដំបូងបានរំលេចសម្រស់ នៅអវកាសគួរឲ្យភ្ញាក់ផ្អើល»។
ជាទូទៅ ផ្កា Zinnia ងាយស្រួលដាំណាស់នៅលើផែនដី និងតែងតែរីកចេញផ្កានៅរដូវក្ដៅ។ ប៉ុន្ដែស្ថានីយអវកាសអន្ដរជាតិ ជាទីដែលត្រូវបានធ្វើការពិសោធដាំរុក្ខជាតិប្រភេទនេះ ពួកវាជួបបញ្ហាចំពោះការរៀនរស់ក្រោមបរិយាកាសស្ទើរតែគ្មានទំនាញផែនដី។
ការដាំរុក្ខជាតិផ្កាប្រភេទនេះ ដូចជា ផ្កា Zinnia ជាដើម គឺជាផ្នែកមួយនៃគម្រោងយូរអង្វែងរបស់អង្គការណាហ្សាឈ្មោះថា «អាហារបន្លែ» ដើម្បីផ្គត់ផ្គង់អវកាសយានិកក្នុងដំណើរទៅភពព្រះអង្គារ។
បុគ្គលិកលើស្ថានីយអវកាសអន្ដរជាតិ បានដាំ និងទទួលទានសាលាដនៅលើយានចម្លងរួចហើយកាលពីឆ្នាំមុន និងសង្ឃឹមថានឹងអាចដាំប៉េងប៉ោះបានទៀតនៅឆ្នាំក្រោយ។
ការដាំបន្លែលើស្ថានីយអវកាសចាប់ផ្ដើមតាំងពីពាក់កណ្ដាលឆ្នាំ២០១៤ ដោយពួកវាត្រូវដាំក្នុងលំហដោយគ្មានការប្រើប្រាស់ដី។ បច្ចេកទេសដាំនេះមិនត្រូវទឹក និងជីច្រើននោះទេ ហើយរុក្ខជាតិអាចដុះលឿនជាងរុក្ខជាតិនៅផែនដីរហូត ៣ ដង៕ HR


