ភ្នំពេញៈ រដ្ឋាភិបាលប្រទេស ហុងគ្រី បានសន្យានឹងផ្តល់អាហារូបករណ៍ ១៥ កន្លែងដល់សិស្សនិស្សិតកម្ពុជាជារៀងរាល់ឆ្នាំ ក្នុងជំនួបពិភាក្សាការងាររវាងរដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ហោ ណាំហុង និង រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម ប្រទេសហុងគ្រី លោក Peter Szijjarto នៅថ្ងៃព្រហស្បតិ៍នេះ ខណៈកាលពីម្សិលមិញ ក្រសួងអប់រំកម្ពុជា បានប្រកាសដំណឹងអាហារូបករណ៍នេះផងដែរសម្រាប់ឆ្នាំសិក្សា ២០១៦-២០១៧។
រដ្ឋមន្ត្រីក្រសួងការបរទេសហុងគ្រី លោក Peter Szijjarto បានថ្លែងបន្ទាប់ពីជំនួបនោះថា៖ «ចាប់ពីឆ្នាំនេះទៅ ប្រទេសហុងគ្រីនឹងផ្តល់អាហារូបករណ៍ ១៥ កន្លែងយ៉ាងដូច្នេះនៅរៀងរាល់ឆ្នាំ។ យើងសង្ឃឹមថា និស្សិតទាំងអស់នឹងមានការចាប់អារម្មណ៍ និងប្រញាប់ដាក់ពាក្យសុំអាហារូបករណ៍ឲ្យបានទាន់ពេលវេលា»។
លោក ហោ ណាំហុង រដ្ឋមន្ត្រីការបរទេសកម្ពុជា បានថ្លែងដែរថា ការផ្តល់អាហារូបករណ៍នេះ គឺជាផ្នែកមួយនៃការរឹតចំណងមិត្តភាពរវាង កម្ពុជា-ហុងគ្រី ក៏ដូចជាដំណាក់កាលដំបូងនៃការបង្កើនចលនាពាណិជ្ជកម្មរវាងប្រទេសទាំងពីរដែលកំពុងតែស្ថិតនៅក្នុងកម្រិតមួយទាបនៅឡើយ។
ដោយឡែក យោងតាមសេចក្តីប្រកាសព័ត៌មានពីក្រសួងអប់រំយុវជន និងកីឡា ចុះថ្ងៃម្សិលមិញ បានឲ្យដឹងថា ស្ថិតនៅក្រោមកម្មវិធី Stipendum Hungarian Programme ដែលជាកម្មវិធីអាហារូបករណ៍ដែលត្រូវបានបង្កើតឡើងដោយប្រទេស ហុងគ្រី ដើម្បីផ្តល់ឱកាសសិក្សាទៅដល់សិស្សនិស្សិតក្នុងប្រទេសដទៃទៀត រដ្ឋាភិបាលប្រទេសនេះបានប្រកាសផ្តល់អាហាររូបករណ៍ចំនួន ១៥ កន្លែងទៅដល់ និស្សិតកម្ពុជាដើម្បីទៅបន្តការសិក្សានៅសាកលវិទ្យាល័យនានានៃប្រទេស ហុងគ្រី។
អាហារូបករណ៍ទាំង ១៥ កន្លែងនេះត្រូវបានបែងចែកជា ៤ កម្រិត គឺ ថ្នាក់បណ្ឌិត (រយៈពេល ៤ ឆ្នាំ) ថ្នាក់បរិញាបត្រជាន់ខ្ពស់ ឬ អនុបណ្ឌិត (ពី ១៨ ខែដល់ ២ ឆ្នាំ) ថ្នាក់បរិញាបត្រ (ពី ២ ឆ្នាំដល់ ៤ ឆ្នាំ) និងកម្មវិធីបណ្តុះបណ្តាលជំនាញ(ពី ៦ ខែដល់ ១ ឆ្នាំ) ហើយឆ្នាំសិក្សាថ្មីនឹងចាប់ផ្តើមចាប់ពីខែកញ្ញា ឆ្នាំ ២០១៤ នេះតទៅ។
ដើម្បីទទួលបានព័ត៌មានអំពីការដាក់ពាក្យ អត្ថប្រយោជន៍នៃអាហារូបករណ៍ និងលក្ខខណ្ឌផ្សេងៗ សូមចូលទៅកាន់គេហទំព័រ www.stipendiumhungaricum.hu


