ភ្នំពេញ :វេទិកាពោរពេញទៅដោយការសម្តែងចម្រុះនៃទម្រង់សិល្បៈបុរាណរបស់ខ្មែររួមមានការតាំងពិព័រណ៍ឧបករណ៍ចាប៉ីដងវែង ការច្រៀងចាប៉ីដងវែងជាក្រុម មានសមាជិកជានារីជាតិអូស្ត្រាលី អាយ៉ៃឆ្លើយឆ្លង និងការសម្តែងរបាំសហសម័យ នាល្ងាចថ្ងៃអាទិត្យទី ២៥ ខែកញ្ញា នេះ ត្រូវបានរៀបចំដោយសមាគមចាប៉ីអមតៈ និងក្រុមរីកសាយ នៅឯសារមន្ទីរជាតិ។
លោក ពេជ្រ សារ៉ាត ប្រធានក្រុមនៃសមាគមចាប៉ីអមតៈ បានរៀបរាប់ឲ្យដឹងថា៖ «នេះជាកម្មវិធីស្នាដៃថ្មី ដែលគោលបំណងចង់ផ្សព្វផ្សាយពីទម្រង់សិល្បៈបុរាណខ្មែរ ដែលនាពេលបច្ចុប្បន្នកាន់តែសាបរលាបក្រុមអ្នកគាំទ្រ ឬអ្នកទស្សនាទៅហើយ»។
ប្រធានសមាគមដែលធ្វើកិច្ចការថែរក្សាមរតកសិល្បៈរូបនេះបានឲ្យដឹងថា៖ «យើងក៏មានការសម្តែងពិសេសមួយគឺការច្រៀងចាប៉ីដងវែងទោល ដោយលោកព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ ដែលនឹងរៀបរាប់ពីប្រធានបទមួយឈ្មោះថា ដំរីស្រុកយង និងមានស្រ្តីជនជាតិអូស្រ្តាលីម្នាក់ ក៏នឹងចូលរួមសម្តែងចាប៉ីដងវែងជាមួយនឹងក្រុមខ្មែរយើងផងដែរ»។

លោកបានបន្តថា៖ «សម្រាប់ប្រធានបទ ដំរីស្រុកយើង នេះ ចង់ផ្សព្វផ្សាយ និងបង្ហាញពីសារៈសំខាន់នៃធម្មជាតិ និងសត្វនានានៅកម្ពុជា ដល់កូនខ្មែរជំនាន់ក្រោយ ពិសេសសត្វដំរី ដែលកំពុងតែក្លាយជាសត្វកម្រនៅស្រុកយើង»។
ផ្ទុយពីឆន្ទៈចង់រៀបចំទម្រង់សិល្បៈបុរាណឲ្យមានទ្រង់ទ្រាយធំ និងសម្បូរបែបនោះ លោក ពេជ្រ សារ៉ាត ត្អូញត្អែរថា៖ «ទោះបីយើងមានមូលនិធិពីអង្គការសិល្បៈខ្មែរអមតៈ និងគាំទ្រដោយអង្គការ USAID និងអង្គការ WINROCK និងសហការដោយអង្គការ មរតកអមតៈ និង pakka សម្រាប់ដំណើរការនេះក្តីតែយើងនៅមានការខ្វះខាតផ្នែកកញ្ចប់នៃហិរញ្ញវត្ថុសម្រាប់ការចំណាយសម្រួលដល់ក្រុមសិល្បករសិល្បការិនី ជារឿយៗ ដូច្នេះហើយបានជាយើងបានបង្រួមកម្មវិធីឲ្យមានរយៈពេលខ្លីៗ និងមានការលក់សំបុត្រចូលទស្សនាដើម្បីបានថវិកាខ្លះៗជួយសម្រួលផ្នែកនេះ»។
សំបុត្រចូលទស្សនាកម្មវិធីការសម្តែងស្នាដៃថ្មី អាយ៉ៃ និងចាប៉ីដងវែង ក្រោមប្រធានបទថា «ដំរីស្រុកយើង» នេះមានតម្លៃ ១៦ ០០០ រៀល ដែលអាចរកជាវបាននៅទីស្នាក់ការអង្គការសិល្បៈខ្មែរអមតៈ និងនៅឯសារមន្ទីរជាតិ៕


