ក្រុងហាណូយ: វាមានរយៈពេលជាង ៦ ទសវត្សរ៍ហើយតាំងបញ្ចប់អាណានិគមបារាំងលើប្រទេសវៀតណាម ប៉ុន្ដែនៅសល់ប្រវត្ដិនំប៉័ងវែង (ប៉ាហ្គេត) ក្នុងប្រទេសកុម្មុយនីស្ដនេះ។
ញាត់សាច់ ជាមួយជីរ និងចំណិតត្រសក់ ឬគ្រាន់តែជាសាច់ជាមួយប៊័រស្រស់ៗ «បាញ់មី» ឬនំប៉័ងសាច់ ឬសាំងវិចនំប៉័ងបាហ្គេត គឺជានិមិត្តរូបអាហារដ៏ឈ្ងុយឆ្ងាញ់របស់វៀតណាមដែលបន្សល់តាំងពីអតីតអាណានិគម។
លោក ង្វៀង ង៉ុកហ៊ួន ជាអ្នកលក់នំប៉័ងដ៏មមាញឹកក្នុងវិថី French Quarter នៃទីក្រុងហាណូយ និយាយថា៖ «បារាំងចូលចិត្ដ បាញ់មី ណាស់។ ម្ហូបបារាំងមានឥទ្ធិពលយ៉ាងខ្លាំងលើម្ហូបវៀតណាម»។
លោក ហ៊ួន ចាប់ផ្ដើមលក់នំប៉័ងសាច់ ដែលសំដៅលើនំប៉័ងវែង ឬនំប៉័ងតូច ញាត់សាច់ បន្លែ ឬពងចៀន តាំងពីឆ្នាំ ១៩៨៧។

នំប៉័ងបារាំងត្រូវបានផលិតឡើងដំបូងក្នុងប្រទេសវៀតណាមដើម្បីផ្គត់ផ្គង់ទាហាននៅឥណ្ឌូចិន ជាក្រុមចក្រពត្តិបារាំងចំណាយពេលច្រើននៅភូមិភាគអាស៊ីអាគ្នេយ៍ពីឆ្នាំ ១៨៥៨ រហូតដល់ដណ្ដើមជ័យជម្នះក្នុងសមរភូមិ ឌៀនបៀនភូ នៅវៀតណាមក្នុងឆ្នាំ ១៩៥៤។
ប៉ុន្ដែនំប៉័ងបារាំងមានប្រជាប្រិយភាពលើសពីម្ហូបអាហារ ដោយទទួលស្គាល់ជានិមិត្តរូបចលនាប្រឆាំងនឹងពួកចក្រពត្តិនិយម និងការបង្ខំកម្មករវៀតណាមធ្វើការក្នុងស្ថានភាពដ៏លំបាកលំបិនលើចម្ការកៅស៊ូ ខណៈពលរដ្ឋត្រូវបង់ពន្ធវ័ណ្ឌកក្នុងអំឡុងគ្រោះរាំងស្ងួត និងអត់បាយក្រហាយទឹក។ ប្រជាជនបារាំងភាគច្រើនដែលមកកាន់ប្រទេសវៀតណាមមិនចាប់អារម្មណ៍ការងារកម្រិតទាបដូចជា ការលក់នំប៉័ងនេះទេ។

ដើម្បីបំពេញចន្លោះនេះ ចិន និងវៀតណាមបានធ្វើការលើវិស័យនំដុតនេះ ដែលតែងតែលាក់ខ្លួនពួនអាត្មានៅក្នុងផ្ទះបាយ។ ដូច្នេះ អតិថិជនមិនដឹងថា ពួកគេជានរណាឡើយ។
យោងតាម អេរីកា ភីធ័រ ជាប្រវត្ដិវិទូផ្នែកម្ហូបអាហារ និងអ្នកនិពន្ធ «Appetites and Aspirations in Vietnam» បានឲ្យដឹងថា៖ «នៅក្នុងឆ្នាំ១៩១០ នំប៉័ងបាហ្គេតតូចៗ ត្រូវបានលក់តាមចិញ្ចើមផ្លូវឲ្យប្រជាពលរដ្ឋវៀតណាមដែលធ្វើដំណើរទៅធ្វើការ»។
រយៈពេលប៉ុន្មានឆ្នាំក្រោយមកទៀត មាននំប៉័ងសាច់ បន្លែ ឬត្រី ត្រូវបានដាក់លក់ព្រោងព្រាតនៅក្នុងទីក្រុងហាណូយដែលសម្បូរទៅដោយសំណង់តៀមកាហ្វេ និងហាងកាហ្វេ របស់ស្ថាបត្យកម្មអាណានិគមបារាំង៕


