ភ្នំពេញៈ ក្រុមយុវជនសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្ដខ្មែរ បានផ្ដើមលើកបដាទស្សនៈ លោកបណ្ឌិត កែម ឡី ដែលបានបន្សល់ទុក ដើម្បីឲ្យសាធារណៈជន និងយុវជន ហ៊ានបញ្ចេញមតិលើឆាកនយោបាយ និងបង្ហាញនូវការដឹងគុណចំពោះវិរភាព នៃការលះបង់ជីវិត ចំពោះការហ៊ាននិយាយការពិតលើឆាកនយោបាយរបស់កម្ពុជា។
យុវជន មួង សូនី ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញវន្តខ្មែរ ជាសមាគម ដែលបានរៀបចំចងក្រងទស្សនៈ និងស្នាដៃរបស់លោកបណ្ឌិត កែម ឡី ប្រាប់ LIFT-យុវវ័យ ថា៖ «ខ្ញុំមើលឃើញថា ពាក្យសម្ដីរបស់លោកបណ្ឌិត គឺមានសារៈសំខាន់ណាស់ សម្រាប់ប្រជាពលរដ្ឋ ក្នុងការចូលរួមធ្វើនយោបាយ ពាក្យបណ្ដាំរបស់លោកបណ្ឌិត អាចដាស់ស្មារតីយុវជនឲ្យចាប់អារម្មណ៍ ទៅលើរឿងនយោបាយ និងមានភាពក្លាហានក្នុងការចូលរួមលើឆាកនយោបាយ» ។
ប្រធានសមាគមវ័យក្មេងរូបនេះបានបន្តថា ក្រុមលោកបានចាប់ផ្ដើមធ្វើបដាទស្សនៈបណ្ដាំលោកបណ្ឌិត កែម ឡី តាំងពីខែមករាមក ដែលភាគច្រើនបានដកស្រង់យកសម្ដីលោកបណ្ឌិត ដែលនិយាយពីការហ៊ានបញ្ចេញមតិ ការហ៊ានលះបង់ដើម្បីប្រទេសជាតិ និងការបណ្ដុះគំនិតឲ្យមានគុណធម៌ជាដើម ។
បើតាម សូនី មកទល់នឹងពេលនេះក្រុមពួកលោកបានលើកបដាទស្សនៈរបស់លោក បណ្ឌិត កែម ឡី បានចំនួន ៤ ផ្ទាំងធំៗ និងចែកបដាតូចៗមានទំហំ ១ ម៉ែត្រ ទៅ ២ ម៉ែត្រ បានជាង ២០ ផ្ទាំង នៅខេត្ដតាកែវស្រុកកំណើតរបស់លោក កែម ឡី និងពីរផ្ទាំងធំៗ នៅស្រុកពារាំង ខេត្ដព្រៃវែង ។

យុវជនរូបនេះនិយាយថា «នៅតាមសាកវិទ្យាល័យ វត្តអារាម និងប្រជាពលរដ្ឋទូទៅ ចង់បានបដាទស្សនៈ លោកបណ្ឌិតអាចស្នើសុំមក ពួកខ្ញុំនឹងចុះទៅធ្វើជូនពួកគាត់» ។
សូនីបានឲ្យដឹងដែរថា បញ្ហាប្រឈមចម្បង គឺបញ្ហាថវិកានៃការដំណើរការការងារនេះ និងបញ្ហាប្រឈមមួយទៀត គឺការសហការរវាងអាជ្ញាធរ ព្រោះមានការលំបាកចំពោះការស្នើសុំលើកបដានេះ ទោះបីដាក់នៅផ្ទះប្រជាពលរដ្ឋក៏ដោយ ។
លោក សុខ ភាព ប្រជាពលរដ្ឋរស់នៅស្រុក ពារាំង ខេត្ដព្រៃវែង ដែលជាអ្នកស្ដាប់យល់ និងគោរពទស្សនៈលោកបណ្ឌិត កែម ឡី និងបានលើកបដាទស្សនៈរបស់លោកបណ្ឌិតនៅផ្ទះនោះបានថ្លែងប្រាប់ឲ្យដឹងដែរថា ប្រជាពលរដ្ឋដែលរស់នៅក្នុងស្រុកភូមិរបស់លោក មានភាពស្និទ្ធស្នាលជាមួយលោកបណ្ឌិត កែម ឡី ហើយស្រុកភូមិរបស់លោក ក៏ជាភូមិរាត្រីទី ១ នៃយុទ្ធនាការ ១ រយរាត្រីរបស់លោកបណ្ឌិត កែម ឡី ដែរ។
លោក ភាព បានឲ្យដឹងថា ការលើកបដានេះ ក្នុងគោលបំណងគាំទ្រនូវទស្សនៈរបស់លោកបណ្ឌិត កែម ឡី និងការហ៊ានបញ្ចេញមតិ មិនខ្លាចការគំរាមកំហែង ទោះលោកធ្លាប់ត្រូវបានក្រុមជនមានអំណាចមួយចំនួនគំរាមកំហែងនាពេលកន្លងមកក៏ដោយ ។
លោកនិយាយថា «ខ្ញុំត្រូវបានគេគំរាមកំហែងច្រើននាពេលកន្លងមក ព្រោះខ្ញុំធ្វើសកម្មភាពផុសផុល ជាមួយនឹងការជួយប្រជាពលរដ្ឋចំពោះការទៅចុះឈ្មោះបោះឆ្នោត ការធ្វើអត្ដសញ្ញាណប័ន ប្រជាពលរដ្ឋដែលបាត់ អត្ដសញ្ញាណប័នខ្ញុំជួយពួកគាត់ទៅធ្វើឡើងវិញ និងជួយប្រជាពលរដ្ឋក្រីក្រជាដើម» ។
លោក សន ជ័យ នាយកប្រតិបត្តិអង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា បានមើលឃើញថា ទស្សៈរបស់លោកបណ្ឌិត កែម ឡី បានដាស់សតិ និងបញ្ច្រៀបទៅដល់អ្នកដែលកំពុងលង់លក់នឹងលាភសក្ការៈ លង់លក់នឹងមុខមាត់ និងកំពុងលង់លក់នឹងជំងឺតួឯក ឲ្យភ្ញាក់កំរើកឡើងវិញ ។
លោកបានថ្លែងថា «គំនិតរបស់លោកបណ្ឌិត កែម ឡី ស៊ីជម្រៅបែបអភិបាលកិច្ច នៅពេលដែលគាត់មើលឃើញសេវាសាធារណៈនៅខ្វះនេះខ្វះនោះ។ ខ្ញុំមើលឃើញថា គឺជាការផ្ដល់យោបល់ ដល់រដ្ឋាភិបាលក្ដី ដល់មហាជនក្ដី ជាការចូលរួមចំណែកពង្រឹងការអភិវឌ្ឍបែបសាមញ្ញដល់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន» ។
ទាក់ទិននឹងបញ្ហាប្រឈមរបស់យុវជន ជាមួយនឹងការផ្សព្វផ្សាយ នៃលើកបដានេះ លោក សន ជ័យ បានបន្ដលើកឡើងថា ក្រុមយុវជនកែមឡីនិយម គួររៀបចំទម្រង់បែបបទផ្លូវច្បាប់ឲ្យបានច្បាស់លាស់ជាមុនសិន ដើម្បីជាភាពងាយស្រួលដល់ដំណើរការនៃការងារនេះ៕


