ភ្នំពេញៈ សាកលវិទ្យាល័យនានាក្នុងព្រះរាជាណាចក្រកម្ពុជាប្រមាណជាង៥០ និងមកតាំងពិពរណ៌សាកលវិទ្យាល័យ រួមគ្នានៅវិមានពហុកីឡដ្ឋានជាតិអូឡាំពិកនាថ្ងៃសៅរ៍ស្អែកនេះ ចាប់ពីម៉ោង ៨ព្រឹក ដល់ ម៉ោង ៨យប់ ដើម្បីផ្ដល់ឱកាសឲ្យយុវជន សិស្សានុសិស្ស ដែលទើបប្រឡងបញ្ចប់បាក់ឌុប អាចសាកសួរព័ត៌មាននៃការសិក្សា និងជ្រើរើសជំនាញណាដែលខ្លួនស្រលាញ់។
លោក ឡុង ដារ៉ាវីន នាយកផ្នែកអភិវឌ្ឍពាណិជ្ជកម្មនៃ Romdoul Media បានប្រាប់ LIFT ឲ្យដឹងថាការធ្វើពិពណ៌នេះ មានគោលបំណងដើម្បីឲ្យសិស្សានុសិស្ស ដែលទើបប្រឡងចប់មធ្យមសិក្សាទុតិយភូមិ អាចទទួលបានបទពិសោធន៍ និងជ្រើសរើសជំនាញសម្រាប់ថ្ងៃអនាគតឲ្យបានត្រឹមត្រូវ និងអាចទទួលបានពត៌មានផ្សេងៗពីសាកលវិទ្យាល័យជាង៥០ក្នុងពិពរណ៌នេះ។
លោក បានបន្ដឲ្យដឹងទៀតថា ក្នុងព្រឹត្ដិការណ៍ពិពណ៌នេះ ក្រៅពីមានការពិពរណ៌សាកលវិទ្យាល័យ ក៏មានការប្រគុំតន្រ្ដី ដែលមានការចូលរួមពីតារាចម្រៀងល្បីៗ អ្នកនិពន្ធបទចម្រៀងមិនចម្លងពីគេ នឹងការសម្ដែងល្ខោនខោល ឈុតថលតយ័ន្ដ។ សិស្សានុសិស្ស អាចចូលរួមក្នុងកម្មវិធីនេះ បានដោយសេរី មិនគិតកម្រៃឡើយ៕


