នៅថ្ងៃទី ២៦ ខែ មករា ជារៀងរាល់ឆ្នាំប្រជាជនប្រទេស អូស្ត្រាលី ធ្វើពិធីអបអរសាទរទិវាបុណ្យជាតិរបស់ខ្លួន។ វាគឺជាឱកាសដ៏ពិសេសសម្រាប់ប្រទេសដ៏សម្បូរបែបរបស់យើងដើម្បីរំឭកដល់អតីតកាលខណៈពេលដែលយើងកំពុងបោះជំហាន និងសម្លឹងមើលទៅថ្ងៃអនាគត។
នៅព្រះរាជាណាចក្រកម្ពុជា ពិធីបុណ្យជាតិអូស្ត្រាលី ក៏ជាឱកាសមួយដើម្បីរឹតចំណងមិត្តភាពរវាងកម្ពុជា និងអូស្ត្រាលីផងដែរ។
កាលពី ៦៥ឆ្នាំមុន ត្រូវនឹងខែមករា ឆ្នាំ ១៩៥២ គឺជាពេលដែលប្រទេសអូស្ត្រាលី ចាប់ផ្តើមបង្កើតចំណងមិត្តភាពជាលើកដំបូងបង្អស់ជាមួយប្រទេសកម្ពុជា។ យើងគឺជាប្រទេសដំបូងគេមួយចំពោះមោទនភាពនេះ ដែលពេលនោះគឺមានរយៈពេល ២ ឆ្នាំមុនពេលកម្ពុជា ទទួលបានឯករាជ្យភាពពីបារាំង។
ឆ្នាំ ២០១៧ នឹងជាឆ្នាំដែលមានការងារច្រើនត្រូវធ្វើសម្រាប់ស្ថានទូតអូស្ត្រាលីយើង ប៉ុន្តែខ្ញុំសូមឆ្លៀតឱកាសលើកឡើងអំពីសមិទ្ធផលទ្វេភាគី កាលពីឆ្នាំ ២០១៦ កន្លងមកជាមុនសិន។
នៅខែតុលា យើងបានរំឭកដល់ខួប ២៥ ឆ្នាំ នៃសន្ធិសញ្ញាក្រុងប៉ារីស ជាមួយប្រជាជនកម្ពុជា និងភ្ញៀវកិតិ្តយសអន្តរជាតិផងដែរ។ នេះគឺជាសកម្មភាពដ៏សំខាន់មួយក្នុងចំណោមសកម្មភាពជាគ្រឹះរឹងមាំនៃមិត្តភាពរវាងកម្ពុជា និងអូស្ត្រាលី ដែលមានអាយុកាលយូរមកហើយ ក៏ព្រោះតែប្រទេសអូស្ត្រាលី បានចូលរួមចំណែកយ៉ាងសំខាន់ក្នុងកិច្ចចរចារសន្ធិសញ្ញាស្វែងរកសន្តិភាពនេះ ហើយនៅតែបន្តនូវការប្តេជ្ញាយ៉ាងមុតមាំនេះតាមរយៈការចូលរួមក្នុងការអភិវឌ្ឍអនាគតរបស់ប្រទេសកម្ពុជាជាមួយនឹងជំនួយរបស់អ៊ុនតាក់ (UNTAC) ដែលបានមកជួយកម្ពុជានាទសវត្សរ៍ឆ្នាំ ១៩៩០។
កម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់ប្រទេស អូស្ត្រាលី បាននៅតែបន្តផ្លាស់ប្តូរជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា។
ក្នុងឆ្នាំ ២០១៦ កន្លងមក យើងបានសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា និងដៃគូម្ចាស់ជំនួយក្នុងការបង្កើតនូវគម្រោងពង្រឹងគុណភាព និងសមភាពសុខុមាលភាព (ហៅកាត់ H-EQIP) ដែលនឹងបន្តផ្តល់នូវភាពល្អប្រសើរក្នុងការទទួលបាននូវសេវាសុខភាពប្រកបដោយសុខភាព និងវិជ្ជាជីវៈនៅទូទាំងព្រះរាជាណាចក្រកម្ពុជា។
យើងក៏បានចូលរួមក្នុងការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការលុបបំបាត់អំពើហិង្សាលើស្ត្រី និងធានានូវការការពារសម្រាប់ជនពិការផងដែរ។ នេះគឺជាការបន្ថែមមួយទៅក្នុងសកម្មភាពគាំទ្រជាបន្តបន្ទាប់របស់យើងលើសុខភាពមាតា និងការផ្តល់កំណើតនៅបណ្តាខេត្តភូមិភាគឦសាន្តក្នុងប្រទេសកម្ពុជា ក៏ដូចជាតាមបណ្តារោងចក្រកាត់ដេរផងដែរ។
យើងបានបន្តវិនិយោគទៅលើវិស័យហេដ្ឋារចនាសម្ព័ន្ធ ដើម្បីជំរុញឲ្យវិស័យសេដ្ឋកិច្ចកាន់តែមានភាពល្អប្រសើរនៅតាមតំបន់ដាច់ស្រយាល និងដើម្បីជួយបង្កើនផលកសិកម្មតាមរយៈកម្មវិធីបណ្តាញតម្លៃកសិកម្មកម្ពុជា (Cambodia Agricultural Value Chain program) ដំណាក់កាលទី ២។ ជំនួយជាបន្តបន្ទាប់លើការដោះមីនរបស់យើងសម្រាប់កម្ពុជា បានពង្រីកទំហំផ្ទៃដីសម្រាប់ធ្វើដំណាំកសិកម្ម និងសកម្មភាពសេដ្ឋកិច្ចជាច្រើនទៀត។
យើងបានឃើញនូវជំនួបផ្លាស់ប្តូរបទពិសោធរវាងសភាតំណាងរាស្ត្រនៃប្រទេសទាំង២ ដែលកម្ពុជា បានទទួលស្វាគមន៍កប៉ាល់កងទ័ពជើងទឹករបស់ប្រទេស អូស្ត្រាលី ឈ្មោះ HMAS Warramunga នៅខេត្តព្រះសីហនុ ហើយបានពង្រឹងនូវកិច្ចសហប្រតិបត្តិការរបស់យើងក្នុងការដោះស្រាយបញ្ហាថ្នាំញៀន ឧក្រិដ្ឋកម្មអន្តរជាតិ និងឧបសគ្គក្នុងតំបន់ ដូចជាការជួញដូរថ្នាំញៀនផងដែរ។ ទាំងអស់គ្នាប្រទេសអូស្ត្រាលី និងប្រទេសកម្ពុជា បានចូលរួមយ៉ាងច្រើនក្នុងការស្វែងរកដំណោះស្រាយសម្រាប់បញ្ហាជាច្រើនតាមរយៈយុទ្ធសាស្រ្តក្នុងតំបន់សំខាន់ៗ។
ខ្ញុំសូមចូលរួមរីករាយជាមួយប្រជាជនកម្ពុជា ដែលពេលនេះវិស័យសេដ្ឋកិច្ចកម្ពុជា កំពុងតែបោះជំហានទៅមុខជាបន្តបន្ទាប់ និងដែលបានជាប់ចំណាត់ថ្នាក់ពី World Bank ជាប្រទេសដែលមានប្រជាជនរកបាន «ប្រាក់ចំណូលទាប» ទៅ «ប្រាក់ចំណូលមធ្យម»។ ក្រុមហ៊ុនប្រទេសអូស្ត្រាលី ក៏បានចូលរួមក្នុងការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។
នៅពីក្រោយការនាំចូលសម្លៀកបំពាក់ដែលកើនឡើងឥតឈប់ឈរ វិស័យទេសចរណ៍ ជំនួញសត្វគោរស់ៗ និងចំនួនសិស្សានុសិស្សកម្ពុជាទៅសិក្សានៅប្រទេសអូស្ត្រាលីមានភាពល្អប្រសើរឥតឈប់ឈរនោះ វិស័យពាណិជ្ជកម្មមុខពីររបស់យើងបានកើនឡើងដល់ជាង ៥០០ លានដុល្លារអូស្ត្រាលីក្នុងឆ្នាំ ២០១៥ និង២០១៦។
ខ្ញុំមានក្តីមោទនៈក្រៃលែង ដែលបានឃើញសិស្ស អូស្ត្រាលី ធ្វើដំណើរមកកាន់ប្រទេសកម្ពុជា តាមរយៈគម្រោង New Colombo Plan (NCP) ដែលផ្តល់ការឧបត្ថម្ភដល់សិស្សបរិញ្ញាបត្រមកពីអូស្ត្រាលីមកទទួលយកនូវបទពិសោធការងារ (internship) នៅបណ្តាប្រទេសក្នុងភូមិភាគឥណ្ឌូចិន។ ចំនួនសិស្សកម្ពុជា ទៅសិក្សានៅប្រទេសអូស្ត្រាលី ក៏មានការកើនឡើងផងដែរ។
កម្មសិក្សាធម្មតា និងកម្រិតខ្ពស់ គឺមានសម្រាប់វិស័យសិល្បៈ និងវប្បធម៌។ កម្មវិធីផ្លាស់ប្តូរបទពិសោធនៃវប្បធម៌ និងការសិក្សាបានជួយឲ្យយើងស្គាល់គ្នាកាន់តែច្បាស់ និងបង្កើតនូវសម្ព័ន្ធភាពរវាងគ្នា និងគ្នាដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំនៃចំណងមិត្តភាពរវាងប្រទេសទាំងពីរ។
ឆ្នាំនេះពួកយើងនឹងកាន់តែមានរឿងរ៉ាវកាន់តែច្រើនថែមទៀតដើម្បីធ្វើ! យើងនឹងធ្វើការស្វាគមន៍សិស្សពូកែ NCP ចំនួន ៤៤០ នាក់ ពីប្រទេសអូស្ត្រាលីមកកាន់ប្រទេសកម្ពុជា ហើយយើងនឹងផ្តល់ជំនួយដល់សិស្សកម្ពុជា ចំនួន ៤៥នាក់ ឲ្យទៅសិក្សានៅប្រទេសអូស្ត្រាលីក្រោមកម្មវិធីអាហារូបករណ៍ Australia Awards Scholarships ដែលចំនួនសិស្សកម្ពុជាក្រោមជំនួយនេះនឹងកើនដល់ ៧០០ នាក់ រាប់ពីឆ្នាំ ១៩៩៤ មកទល់ពេលបច្ចុប្បន្ននេះ។
យើងនឹងស្វែងរកឱកាសបន្ថែមទៀតដើម្បីបន្តពង្រឹងវិស័យពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា ពិសេសលើផ្នែកសេវាអប់រំ និងការផ្តល់នូវអាហារ និងភេសជ្ជៈ ដែលមានគុណភាពខ្ពស់ផងដែរ។ យើងនឹងបន្តផ្សព្វផ្សាយ និងលើកកម្ពស់អំពីសិល្បៈវប្បធម៌ និងការផ្សារភ្ជាប់ប្រវត្តិសាស្ត្ររវាងប្រទេសអូស្ត្រាលី និងកម្ពុជា តាមរយៈបណ្តាកម្មវិធីសម្ព័ន្ធភាពសាធារណៈហើយយើងនឹងខិតខំពង្រឹងសម្ព័ន្ធភាពរវាងប្រជាជននៃប្រទេសទាំងពីរផងដែរ។
សម្ព័ន្ធភាពដ៏រឹងមាំដែលមានអាយុកាលយូរអង្វែង ហើយនឹងបន្តទៅមុខទៀតនោះ គឺមិនអាចកើតមានឡើងទេប្រសិនបើគ្មានការចូលរួមដ៏វិជ្ជមានពីសំណាក់ប្រជាជនកម្ពុជា បណ្តាប្រទេសជាមិត្តអន្តរជាតិ និងអ្នកទាំងអស់គ្នា។ យើងសូមអរគុណអ្នកទាំងអស់គ្នាយ៉ាងជ្រាលជ្រៅ ហើយក៏សូមអញ្ជើញអ្នកទាំងអស់គ្នាឲ្យមកចូលរួមទិវាបុណ្យជាតិ អូស្ត្រាលី យើងផងដែរ៕


