អតីតនិស្សិតកម្ពុជារាប់រយនាក់នៃសាកលវិទ្យាល័យអូស្ត្រាលីកំពុងតែប្រើប្រាស់បទពិសោធ និងជំនាញដែលខ្លួនទទួលបាននៅក្នុងប្រទេសអូស្ត្រាលីក្នុងគោលបំណងជំរុញឲ្យមានការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា។
អតីតនិស្សិតដែលទទួលបានពិន្ទុខ្ពស់ត្រូវបានគេទទួលស្គាល់នៅក្នុងពិធីប្រគល់រង្វាន់នៅរាជធានីភ្នំពេញដែលបានប្រារព្ធឡើងដោយសមាគមអតីតនិស្សិតអូស្ត្រាលីកម្ពុជា (AAA-C) និងមានការគាំទ្រដោយស្ថានទូតអូស្ត្រាលី។
ឯកឧត្ដម ម៉ក់ ង៉ុយ អគ្គនាយកនៅក្រសួងអប់រំ យុវជន និងកីឡាបានទទួលរង្វាន់អតីតនិស្សិតអូស្ត្រាលីប្រចាំឆ្នាំដើម្បីទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់លោកក្នុងការបង្កើនគុណភាពនៃកម្រិតឧត្តមសិក្សានៅកម្ពុជា។
ពានរង្វាន់ភាពជាអ្នកដឹកនាំសហគមន៍ត្រូវបានទទួលដោយអ្នកនាង ទុំ ស៊ីសុភារិទ្ធ អ្នកសម្របសម្រួលតាមខេត្តនៃអង្គការ Room to Read Cambodia ដើម្បីទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់អ្នកនាងក្នុងការកែលម្អទម្លាប់អានរបស់កុមារនៅតាមបណ្តាខេត្តនានានៅក្នុងប្រទេសកម្ពុជា។
លោក ចាង ប៊ុនលាង នាយកគ្រប់គ្រង និងជាស្ថាបនិកនៃ Brown Coffee បានទទួលពានរង្វាន់ជាអ្នកដឹកនាំវ័យក្មេងសម្រាប់ទេពកោសល្យ សហគ្រាសរបស់លោកនៅក្នុងទីផ្សារហាងកាហ្វេដែលកំពុងតែហក់ឡើងរបស់ប្រទេសកម្ពុជា។
អ្នកដែលបានឈ្នះពានរង្វាន់ទាំងបីរូបនេះសុទ្ធតែបានសិក្សានៅសាកលវិទ្យាល័យលំដាប់ថ្នាក់ពិភពលោករបស់ប្រទេសអូស្ត្រាលីតាមរយៈកម្មវិធីពានរង្វាន់អាហារូបករណ៍ប្រទេសអូស្ត្រាលី ឬតាមការផ្តល់មូលនិធិរៀបចំជាលក្ខណៈឯកជន។
កម្មវិធីពានរង្វាន់អាហារូបករណ៍អូស្ត្រាលីដែលមានភាពជោគជ័យយ៉ាងខ្លាំងក្លានេះជាផ្នែកដ៏សំខាន់មួយនៃភាពជាដៃគូទ្វេភាគីយ៉ាងរឹងមាំរបស់រដ្ឋាភិបាលអូស្ត្រាលីជាមួយប្រទេសកម្ពុជា។
លោកស្រី Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា៖ «កម្មវិធីពានរង្វាន់អាហារូបករណ៍អូស្ត្រាលីគឺជាឧទាហរណ៍ជាក់ស្តែងមួយដែលស្តីអំពីរបៀបដែលកម្មវិធីកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍របស់យើងបានធ្វើឲ្យមានភាពផ្លាស់ប្តូរនៅក្នុងជីវិតរស់នៅរបស់ប្រជាជនកម្ពុជាយ៉ាងពិតប្រាកដមែន»។
លោកស្រីឯកអគ្គរដ្ឋទូតបានបន្តទៀតថា៖ «អាហារូបករណ៍អូស្ត្រាលីបានផ្តល់នូវឱកាសជាច្រើនសម្រាប់សិស្សនិស្សិតកម្ពុជាក្នុងការជំរុញការសិក្សារបស់ខ្លួនព្រមទាំងធ្វើឲ្យមានការតភ្ជាប់ពេញមួយជីវិតជាមួយនឹងប្រទេសអូស្ត្រាលីទាំងក្នុងជំនាញរបស់ខ្លួន និងទំនាក់ទំនងផ្ទាល់ខ្លួន»។
នៅក្រោមកម្មវិធីមួយនេះជាកម្មវិធីដែលបានដំណើរការអស់រយៈពេលជាង ២០ ឆ្នាំមកហើយរដ្ឋាភិបាលអូស្ត្រាលីបានជួយផ្គត់ផ្គង់ដល់ប្រជាជនកម្ពុជាដែលបានខិតខំប្រឹងប្រែង និងមានទេពកោសល្យជាង ៧០០ នាក់ឲ្យទៅសិក្សានៅសាកលវិទ្យាល័យនៅក្នុងប្រទេសអូស្ត្រាលី។
និស្សិតទាំងនេះភាគច្រើនបានវិលត្រឡប់មកកាន់ប្រទេសកម្ពុជា និងកំពុងតែរួមចំណែកយ៉ាងសំខាន់នៅក្នុងថ្នាក់ខ្ពស់បំផុតនៃរាជរដ្ឋាភិបាលព្រមទាំងនៅតាមសហគមន៍នៅទូទាំងប្រទេសកម្ពុជា។
អតីតនិស្សិតអូស្ត្រាលីបានក្លាយជារដ្ឋមន្ត្រីសមាជិកសភាជាតិ ឯកអគ្គរដ្ឋទូត មន្ត្រីជាន់ខ្ពស់ នាយកប្រតិបត្តិ អនុក្រុមប្រឹក្សាភិបាល និងមេដឹកនាំសហគមន៍។
លោក ង៉ុយ បានថ្លែងនៅឯពិធីប្រគល់រង្វាន់ថា៖ «ដើម្បីធ្វើជាអ្នកដឹកនាំដែលមានចក្ខុវិស័យ និងមានការអនុវត្តជាក់ស្តែង អ្នកត្រូវការការអប់រំមួយដែលមានគុណភាពខ្ពស់ និង មានសម្ភារបំពាក់គ្រប់គ្រាន់។ អ្នកត្រូវការបទពិសោធពិតប្រាកដពីប្រទេសដែលមានសេដ្ឋកិច្ចជឿនលឿន។ ខ្ញុំសុំស្នើឲ្យអ្នកទៅទទួលយកការសិក្សានៅប្រទេសអូស្ត្រាលី»។
អ្នកនាង ស៊ីសុភារិទ្ធ បានលើកទឹកចិត្តសិស្សនិស្សិតកម្ពុជាឲ្យទៅដាក់ពាក្យសុំអាហារូបករណ៍អូស្ត្រាលី។
អ្នកនាងបាននិយាយថា៖ «អូស្ត្រាលីមានសមត្ថភាពខ្លាំងក្លាក្នុងការបង្កើតនិស្សិតបញ្ចប់ការសិក្សាដែលមានគំនិតឯករាជដែលសមត្ថភាពវិភាគពិចារណាក្នុងរបៀបមួយដែលរួមចំណែកដល់ជីវិតផ្ទាល់ខ្លួនអាជីពការអភិវឌ្ឍសង្គមរបស់ពួកគេ»។
ខណៈពេលដែលសេដ្ឋកិច្ចកម្ពុជានៅតែបន្តកើនឡើងចំនួនប្រជាជនកម្ពុជាដែលអាចមានលទ្ធភាពដើម្បីបង់ថ្លៃការសិក្សារបស់ពួកគេនៅប្រទេសអូស្ត្រាលីកំពុងតែកើនឡើងផងដែរ។ សុវត្ថិភាពនៃប្រទេសអូស្ត្រាលីក៏ដូចជាចម្ងាយជិតជាមួយប្រទេសកម្ពុជា សហគមន៍កម្ពុជាដែលមានស្រាប់ និងមានកេរ្តិ៍ឈ្មោះសម្រាប់លទ្ធផលនៃការអប់រំប្រកបដោយគុណភាពខ្ពស់ធ្វើឲ្យប្រទេសអូស្ត្រាលីក្លាយជាជម្រើសពេញនិយម។
ក្រុមហ៊ុនអាជីវកម្ម និងស្ថាប័នដែលបានបង្កើតឡើងដោយអតីតនិស្សិតអូស្ត្រាលីក៏បានជួយផ្តល់ការងារជូនប្រជាជនកម្ពុជាជាច្រើននាក់ផងដែរ ដែលកត្តានេះបានជួយបង្កើតឱកាសសេដ្ឋកិច្ច និងការអភិវឌ្ឍជំនាញបន្ទាប់បន្សំនៅទូទាំងប្រទេស។
លោក ប៊ុនលាង បានថ្លែងថា Brown Coffee ត្រូវបានបង្កើតឡើងដោយផ្អែកលើបទពិសោធក្រុមរបស់លោកមកពីប្រទេសអូស្ត្រាលី។
លោកបានបន្តថា៖ «ការសិក្សានៅក្នុងប្រទេសអូស្ត្រាលីមិនត្រឹមតែបានផ្ដល់ឲ្យខ្ញុំនូវការអប់រំដែលមានគុណភាព និងវិជ្ជាជីវៈប៉ុណ្ណោះទេគឺថែមទាំងជាឱកាសតែមួយគត់ក្នុងការជួបប្រទះភាពសម្បូរបែបនៃវប្បធម៌អាស៊ីអឺរ៉ុប»។
ពានរង្វាន់អាហារូបករណ៍អូស្ត្រាលីឆ្នាំ ២០១៨ នឹងបើកទទួលពាក្យបេក្ខជនចាប់ពីថ្ងៃទី ១ ខែកុម្ភៈដល់ថ្ងៃ ៣០ ខែមេសាឆ្នាំ ២០១៧។ សម្រាប់ការសាកសួរព័ត៌មានរួមទាំងរបៀបក្នុងការដាក់ពាក្យអាហារូបករណ៍គឺអាចរកបាននៅក្នុងគេហទំព័រ ៖ www.australiaawardscambodia.org។
និស្សិតដែលមានចំណាប់អារម្មណ៍ទៅសិក្សាជាលក្ខណៈឯកជននៅប្រទេសអូស្ត្រាលីអាចចូលទៅមើលគេហទំព័រ ៖ www.studyinaustralia.gov.au៕


