ក្រុងតូក្យូ: អំឡុងរដូវវិស្សមកាល ក្រុមហ៊ុនរថយន្ដក្រុងនីស៊ី តូក្យូ បានដាក់ឲ្យដំណើរការរថយន្ដក្រុងសង្គ្រោះឈ្មោះ «ណេស៊ូហ្គូស៊ិ ក្យូសៃ» ឬ «រថយន្ដក្រុងសង្គ្រោះអ្នកដេកជ្រុល» ដើម្បីទៅទទួលអ្នកដំណើរស្រវឹងដែលលង់លក់ហួសចំណតត្រូវចុះ។
វានឹងទៅជួបអ្នកដំណើរនៅស្ថានីយចុងក្រោយ និងដឹកជញ្ជូនពួកគេត្រឡប់មកចំណតត្រូវចុះវិញដោយគិតថ្លៃថោក បើធៀបនឹងការជួលបន្ទប់ស្នាក់ក្នុងតម្លៃតែ ៧,៨៥ ដុល្លារ។
រថយន្ដក្រុងសង្គ្រោះកើតចេញពីគំនិតរបស់អ្នកបើកបរឲ្យក្រុមហ៊ុន រថយន្ដក្រុងនីស៊ី តូក្យូ ដែលបានណែនាំសេវាកម្មនេះដល់ក្រុមហ៊ុន ៤ ឆ្នាំមុន។
អំឡុងរដូវវិស្សមកាលឆ្នាំ ២០១៦ មានអ្នកដំណើរ ៧៥ នាក់បានជ្រើសរើសសេវាកម្មសង្គ្រោះ រួមទាំង ភ្ញៀវ ៣២ នាក់ក្នុងរាត្រីដ៏មមាញឹកបំផុត។ ឆ្នាំនេះ រថយន្ដក្រុងសង្គ្រោះ នឹងដំណើរការរៀងរាល់ល្ងាចថ្ងៃសុក្រពេញមួយខែ ខណៈក្រុមហ៊ុនទូទៅរៀបចំកម្មវិធីជប់លៀងដល់បុគ្គលិក។
រថយន្ដក្រុងសង្គ្រោះរត់ដល់ខ្សែស្ថានីយ ឆូ ដែលតភ្ជាប់ភាគកណ្ដាលក្រុងតូក្យូជាមួយជាយក្រុងភាគខាងលិច។ អ្នកដំណើរជាច្រើនបានសាទរសេវាកម្មរថយន្តក្រុងសង្គ្រោះអ្នកស្រវឹងនេះ៕HR


