ស្ថិតនៅក្នុងវ័យ ៣០ ឆ្នាំ កញ្ញា ឈី រដ្ឋា សព្វថ្ងៃមានតួនាទីជាមន្ត្រីអមលេខាធិការដ្ឋានអាស៊ាន ទទួលបន្ទុកខាងផ្នែកសង្គមនិងវប្បធម៌។ កញ្ញា ឈី រដ្ឋា ធ្វើការនៅខាងផ្នែកសុខុមាលភាពសង្គម ស្ត្រីពលកម្ម និងការងារទេសន្តរប្រវេសន៍ នៅទីស្នាក់ការនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
កញ្ញា បានរៀបរាប់ពីការងាររបស់កញ្ញាថា៖ «ខ្ញុំបានមកធ្វើការនៅទីនេះចំនួនបីខែរួចមកហើយ។ តួនាទីខ្ញុំគឺជាមន្ត្រីអមចូលរួមក្នុងកិច្ចប្រជុំនានារបស់លេខាធិការដ្ឋានអាស៊ានដែលពាក់ព័ន្ធនឹងការងារតាមផ្នែកដែលកំពុងបំពេញ រៀបចំចងក្រងឯកសារសម្រាប់កិច្ចប្រជុំថ្នាក់តំបន់ និងធ្វើកំណត់ត្រាកិច្ចប្រជុំជាដើម»។
សម្រាប់បរិយាកាសធ្វើការនៅប្រទេសឥណ្ឌូនេស៊ីនេះវិញ កញ្ញា ឈី រដ្ឋា បានបញ្ជាក់ថា វាមានលក្ខណៈខុសប្លែកគ្នាពីការងារនៅក្រសួងនៅឯប្រទេសកម្ពុជា ពីព្រោះ ការងារនៅទីនោះជាទូទៅគឺជាការងារសម្របសម្រួលថ្នាក់តំបន់ ដែលមានន័យថា មិនត្រឹមតែធ្វើការសម្រាប់ឲ្យតែស្ថាប័នមួយទេ ប៉ុន្តែ សម្រាប់ប្រទេសទាំងអស់ដែលជាសមាជិកអាស៊ានទាំងអស់។
ក្នុងរយៈពេលបីខែដែលបានធ្វើការនៅទីនោះ កញ្ញាពេញចិត្ត ចំពោះការធ្វើការនោះណាស់ ដោយសារវាបានធ្វើឲ្យកញ្ញា មានភាពជាម្ចាស់ការ និងការទទួលខុសត្រូវខ្ពស់។ កញ្ញាថា ការធ្វើការនៅទីនោះ គឺមានមន្ត្រីជាច្រើន ដែលមកតំណាងប្រទេសរបស់ខ្លួន និងមានភាពប្រកួតប្រជែង។

បើតាមកញ្ញា ឈី រដ្ឋា អ្នកធ្វើការនៅទីនោះសុទ្ធតែជាធនធានមនុស្សដែលមានសក្តានុពល ពិសេស ការធ្វើការងារមានលក្ខណៈរហ័សរហួន ចំណែកលទ្ធផលការងារមានប្រសិទ្ធភាពខ្ពស់។
កញ្ញា ឈី រដ្ឋា ជាមន្ត្រីបម្រើការនៅក្រសួងកិច្ចការនារី ដែលត្រូវបានជ្រើសរើសដោយក្រសួងអប់រំ យុវជន និងកីឡា តាមរយៈការប្រឡងប្រជែង ដើម្បីចូលរួមនៅក្នុងការផ្លាស់ប្តូរបទពិសោធការងារនៅប្រទេស ឥណ្ឌូនេស៊ី រយៈពេលមួយឆ្នាំ ក្នុងឋានៈជាមន្ត្រី អមលេខាធិការដ្ឋានអាស៊ាន។
កញ្ញា ឈី រដ្ឋា បានបញ្ជាក់ថា៖ «ពីដំបូងខ្ញុំមិនគិតថាបានជាប់នោះឡើយ ពីព្រោះអ្នកដែលបានជ្រើសរើសមកពីតំណាងក្រសួងនានាសុទ្ធតែមានសមត្ថភាព ប៉ុន្តែ ខ្ញុំក៏បានត្រៀមលក្ខណៈជាច្រើននៅមុនពេលសម្ភាស ជាពិសេស ចំណេះដឹងពាក់ព័ន្ធនឹងអាស៊ានតែម្តង»។
បន្ថែមលើនេះទៅទៀត ដោយសារតែ កញ្ញា រដ្ឋា បានចូលបម្រើការនៅក្រសួងកិច្ចការនារី តាំងពីចុងឆ្នាំ ២០១១ នៅនាយកដ្ឋានសមភាពយេនឌ័រ ដូច្នេះ កញ្ញាហាក់មានចំណេះដឹងច្រើនពាក់ព័ន្ធនឹងបញ្ហានានា ទាក់ទងនឹងស្ត្រីស្រាប់ផងដែរ។
កម្មវិធីមន្ត្រីអមលេខាធិការដ្ឋានអាស៊ានរយៈពេលមួយឆ្នាំ ត្រូវបានគាំទ្រដោយមូលនិធិសហប្រតិបត្តិការជប៉ុន អាស៊ាន (JAIF) ក្នុងគោលបំណងផ្តល់ឱកាសដល់មន្ត្រីជំនាញ ៤ ប្រទេសរួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម ដើម្បីពង្រឹងនូវសមត្ថភាពបន្ថែម។
ជាចុងក្រោយ មន្ត្រីវ័យក្មេង រូបនេះ បាននិយាយថា៖ «អ្វីដែលខ្ញុំ រំពឹងថានឹងទទួលបានបន្ទាប់ពីការផ្លាស់ប្តូរបរិយាកាស និងបទពិសោធការងារនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នោះគឺ ចំណេះដឹងស្តីពីការបព្ជ្រាបយេនឌ័រទៅក្នុងគោលនយោបាយសុខុមាលភាពសង្គម ស្ត្រី ពលកម្ម និង ការងារទេសន្តរប្រវេសន៍ រួមទាំងចំណេះដឹងសម្របសម្រួលថ្នាក់តំបន់ និងយុទ្ធសាស្ត្រដៃគូក្នុងអាស៊ានហើយជាពិសេសគឺកិច្ចសហការរវាងជប៉ុន និងអាស៊ាន៕


