ភ្នំពេញ: ក្រោយសម្ដី នាយ ឆ្លាំង សារភាព អន្ទងអស់ដួងចិត្តមហាជន ដែលសង្វេគនឹងជីវភាពគ្រួសារដ៏ខ្សត់ខ្សោយខ្លាំង លើជីវិតជាតារាកំប្លែង ក៏ជួបទុក្ខប្រពន្ធឈឺគ្មានប្រាក់ព្យាបាលជំងឺ ទ្រាំរស់ក្នុងខ្ទមកម្សត់នាចុងព្រៃឧដុង្គ មិនទាំងបានមួយសប្តាហ៍ផង នាយ ឆ្លាំង ក៏ជួបនឹងទុក្ខធំទ្វេដង លើបង្គងជីវិតគ្រួសារដ៏កម្សត់ ប្រពន្ធនាយ ក៏ស្លាប់ចោល បន្សល់ទុកកូនកំព្រាពីរនាក់ ទាំងប្រាក់ធ្វើបុណ្យក៏មិនមាន។
ក្នុងភាពក្តុកក្តួល ខណៈដែលប្រពន្ធរបស់កូនក្រុមកំប្លែងទទួលមរណភាព ទាំងខ្សត់ខ្សោយរកប្រាក់ធ្វើបុណ្យគ្មាន នាយក្រឹម ដែលបង្ហាញឲ្យឃើញ តាមរយៈបណ្តាញសង្គម ពីវត្តមានរួតរះទៅដល់ផ្ទះ នាយឆ្លាំង នៅទឹកដីឧដុង្គ ឃុំវាំងចាស់ ខេត្តកំពង់ស្ពឺ មុនគេនោះ នាយ ក្រឹម ក៏បានបង្ហាញថា៖ «ប្រពន្ធរបស់នាយ ឆ្លាំង គាត់បានទទួលមរណភាព កាលពីរសៀលថ្ងៃទី ២១ មិថុនា ដោយសារជំងឺមហារីករ៉ាំរ៉ៃ»។
ភាពក្តុកក្តួលបង្ហាញពីសម្ដីអណ្ដឺតអណ្ដក នាយ ក្រឹម ក៏បញ្ជាក់ឲ្យដឹងថា៖ «ប្រពន្ធ នាយ ឆ្លាំង មានជំងឺរ៉ាំរ៉ៃ ហើយគាត់ (ឆ្លាំង) ក៏អស់លទ្ធភាពក្នុងការស្វែងរកថវិកាព្យាបាលប្រពន្ធផងដែរ រហូតមួយរយៈចុងក្រោយនេះ ប្រពន្ធគាត់ចាប់ផ្តើមកើតទាចទឹក ហើមពោះខ្លាំង»។
កាលពីជំនួបជាមួយនឹងភ្នំពេញ ប៉ុស្តិ៍ ដែលចុះទៅធ្វើព័ត៌មានដល់ផ្ទះនាយ ឆ្លាំង ផ្ទាល់ នាទឹកដីឃុំវាំងចាស់ កាលពីប្រពន្ធអ្នកកំប្លែងជីវភាពតោកយ៉ាកនៅមានដង្ហើម នាយ ឆ្លាំង ក៏បានសារភាពប្រាប់ដោយឥតលាក់លៀមថា៖ «មួយរយៈចុងក្រោយនេះ ព្រមនឹងជីវភាពខ្សត់ខ្សោយ នៅឆ្ងាយដីក្រុងដាច់ស្រយាល ប្រពន្ធក៏ឈឺ ការងារសិល្បៈក៏ធ្លាក់ស្រុតចុះយ៉ាងខ្លាំង ដែលធ្វើឲ្យបាត់បង់ចំណូលមកទប់ទល់ជីវភាព»។
នាយ ឆ្លាំង ក៏ប្រាប់ទៀតថា៖ «ការងារកំប្លែងដែលកំប្លែងក្នុងក្រុម មេក្រឹម នៅទូរទស្សន៍បាយ័នដែលជាឆ្នាំងបាយ គេបិទអស់ពីរកម្មវិធី នៅមួយកម្មវិធី មួយសប្តាហ៍លេងបានម្តង យកមកដោះបំណុល ស៊ីមុនសងក្រោយមិនគ្រាន់ផង»។
នាយត្អូញថា៖ «រាល់ថ្ងៃចំណូលបានបន្តិចបន្តូចដោះស្រាយគ្រួសារ មានតែបានមកពីសិល្បៈ អ៊ីចឹងហើយរាល់ថ្ងៃរបស់របរអង្ករស្លឹកគ្រៃ បើមិនទៅទិញគេក៏មិនបានមកឲ្យកូនស៊ីដែរ ទោះមានលុយមិនមានក៏ទៅទិញបណ្តាក់គេសិន ទៅលេងសិល្បៈបានយកមកសងបំណុលចាស់ ជំពាក់បំណុលថ្មី»។

ជាមួយនឹងទុក្ខព្រាត់ប្រពន្ធអស់ឱកាសនឹងជួបនេះ នាយ ឆ្លាំង ក៏ប្រាប់ថា៖ «ខ្ញុំនិងប្រពន្ធនេះ បានរួមរស់នឹងគ្នាជិត ២០ ឆ្នាំហើយ បង្កើតបានកូនប្រុសស្រីចំនួនពីរនាក់។ ប៉ុន្តែជីវភាពយើងក៏ពិបាកណាស់ដែរ តាំងពីជួលផ្ទះគេនៅភ្នំពេញ រហូតមកធ្វើផ្ទះខ្លួនឯងនៅស្រុកឧដុង្គ វាំងចាស់នេះ»។
នាយ ឆ្លាំង ដែលពោលថា៖ «ពេលនេះប្រពន្ធខ្ញុំគាត់ស្លាប់ចោលប្តីកម្សត់នេះហើយ ហើយកូនៗប្រុសស្រីពីរនាក់ក៏កំព្រាម្តាយដែរពេលនេះ» នាយ ក៏បានបញ្ជាក់ទៀតថា៖ «ខ្ញុំពិបាកណាស់សព្វថ្ងៃ ខ្វះខាតខ្លាំង ប្រពន្ធឈឺមិនមានប្រាក់ព្យាបាលគាត់ទេ តែពេលនេះគាត់ស្លាប់ទៅហើយក៏មិនមានលទ្ធភាពចាត់ចែងធ្វើបុណ្យសពគាត់ឲ្យបានសមរម្យដែរ។ តែពេលនេះបានបងប្អូនអាណិតមកចូលរួមបុណ្យច្រើន រួមនឹងអ្នកសិល្បៈក៏គាត់ស្វែងមកចូលបុណ្យបានច្រើនដែរ»។
តារាកំប្លែងជីវិតមហាកម្សត់ នាយ ឆ្លាំង បានបញ្ជាក់ថា៖ «សពប្រពន្ធខ្ញុំតម្កល់ធ្វើបុណ្យតាមប្រពៃណីនៅនឹងផ្ទះ នៅភូមិវិហារខ្ពស់ ឃុំវាំងចាស់ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ»៕



