ពោធិ៍សាត់ៈ ការតម្រៀបទៅតាមមុខ ឬក៏ប្រភេទ ដូចជា ប្រអប់ដាក់ក្រដាសជូតមាត់ ផ្តិល ពែង និងប៉ាន់តែ ត្បាល់ និងអង្រែបុកគ្រឿង វែកបាយ វែកសម្ល សម និងស្លាបព្រា ចានបាយ ចង្កឹះ និងគ្រឿងវត្ថុអនុស្សាវរីយ៍ដទៃទៀតរាប់ពាន់មុខដ៏ស្រស់ស្អាត ច្រើនទំហំ និងប្រភេទគឺសុទ្ធតែជាផលិតផលកែច្នៃចេញពីដើមត្នោតដែលងាប់របស់សិប្បកម្មសានពៅ ស្ថិតនៅឯភូមិបឹងឈូក ក្នុងឃុំបឹងបត់កណ្តោល ស្រុកបាកាន ខេត្តពោធិ៍សាត់។
ជាម្ចាស់សិប្បកម្មលោក សាន ពៅ បានបង្ហើបឲ្យដឹងពីគំនិតច្នៃប្រឌិតរហូតមកការបង្កើតជាសហគ្រាសសិប្បកម្មទ្រង់ទ្រាយធំមានកម្មករ និងសិប្បករប្រមាណជា ៧០ នាក់ ជាស្រ្តីមានលើស ៥០ ភាគរយបម្រើការងារនារយៈពេលបីបួនឆ្នាំចុងក្រោយនេះថា៖ «តាមពិតទៅការផ្តើមធ្វើសិប្បកម្មកែច្នៃពីត្នោតនេះ ខ្ញុំបានធ្វើរយៈពេល ១០ ឆ្នាំហើយ តែកាលនៅដំបូងឡើយគ្រាន់តែជាលក្ខណៈតូចតាច។ ទើបតែបានប្រមាណបីបួនឆ្នាំចុងក្រោយនេះខ្ញុំបានពង្រីកជាទ្រង់ទ្រាយធំនៅទីកន្លែងដែលមានទំហំដីក្បាល ២៥ គុណ ២៥ ម៉ែត្រ និងបានទិញម៉ាស៊ីនក្រឡឹងកែច្នៃខ្នាតធំមួយគ្រឿងមកពីប្រទេសចិន ខណៈខ្ញុំក៏បានខ្ចីលុយគេជាដើមទុនរកស៊ី ចំនួនជិត ១៩ ម៉ឺន ដុល្លារដែរ ហើយពុំទាន់សងគេអស់នៅឡើយទេមកទល់ពលនេះ»។

ទោះជាយ៉ាងណា ក៏ម្ចាស់សិប្បកម្មរូបនេះនៅបន្តមានសុច្ឆន្ទៈចង់ជួយសង្គមចូលរួមបង្កើតការងារឲ្យប្រជាពលរដ្ឋក្នុងតំបន់ និងចង់ទទួលយកកម្មករបន្ថែមផងដែរ ដោយលើកឡើងថា៖ «សព្វថ្ងៃមានការមមាញឹកខ្លាំងដោយមានការកុម្ម៉ង់ទិញច្រើនពីភ្ញៀវទាំងនៅក្នុងស្រុក និងក្រៅស្រុកដូចជាប្រទេសថៃ និងអាមេរិក ជាដើម។ ចំណោមកម្មករ ឬសិប្បករទាំងនោះទទួលបានប្រាក់ខែ គឺចាប់ពីកម្រិតទាបទៅ ៥០ ម៉ឺនរៀល ទៅដល់ចំនួនមួយលានរៀល ហើយក៏នឹងដំឡើងប្រាក់ខែតាមកម្រិតការងារផងដែរ»។
សិប្បកម្មសានពៅមានលក់ផលិតផលទាំងដុំ និងរាយ ខណៈនៅពេលបច្ចុប្បន្ននេះមានក្រុមឈ្មួញកណ្តាលមកទិញយកទៅលក់ចែកចាយជាបន្តច្រើនខេត្ត និងក្រុងហើយដែរ។
លោក សាន ពៅ បានបង្ហើបឲ្យដឹងតម្លៃលក់រាយចំពោះវត្ថុកែច្នៃពីត្នោតខ្លះៗតាមខ្នាតថា៖ «ឧទាហរណ៍ដូចជាពែងទឹកតូចមួយដែលមានទំហំ ៧ សង់ទីម៉ែត្រតម្លៃ ១,២៥ ដុល្លារ ខណៈទំហំ ៩ សង់ទីម៉ែត្រតម្លៃ ២ ដុល្លារ»។

ថ្វីដ្បិតខ្លួនមិនបានរៀនចេះជំនាញសិប្បកម្មក្តី តែលោក សាន ពៅ មានគំនិតសម្បូរបែប ដោយបាននឹកឃើញគំនិតច្នៃប្រឌិតទៅលើដើមត្នោតងាប់ ហើយត្រូវមនុស្សភាគច្រើនមិនសូវមើលឃើញនូវអត្ថប្រយោជន៍របស់វានោះឡើយ។ តែមានអ្នកខ្លះមិនត្រឹមតែគ្មានការគាំទ្រគំនិតច្នៃប្រឌិតដ៏កម្រនេះប៉ុណ្ណោះទេ បែរជានាំគ្នាមកចោទប្រកាន់ថា សិប្បកម្មនេះ ជាការចូលរួមជំរុញការកាប់បំផ្លាញដើមត្នោតខ្មែរទៅវិញ។
ដើម្បីការពារខ្លួនដែលគេយល់ខុស លោក សាន ពៅ បកស្រាយដោយចិត្តត្រជាក់ថា៖ «សម្រាប់អ្នកចោទប្រកាន់ខ្ញុំថាចូលរួមការជំរុញបំផ្លាញដើមត្នោតនោះ មានមិនដល់ ១០ ភាគរយផងទេ។ ក្រៅពីនេះមានតែគេគាំទ្រ និងជំរុញបន្ថែមទៀតព្រោះថា ខ្ញុំមិនបានកុម្ម៉ង់ទិញប្រជាជនឲ្យកាប់ដើមត្នោតឯណា។ ខ្ញុំបានទិញយកតែត្នោតងាប់ដែលមានវ័យចំណាស់ខ្លាំង ឬត្នោតចាស់ត្រូវរន្ទះបាញ់ដាច់ចុងតែប៉ុណ្ណោះដើម្បីយកមកកាត់កែច្នៃជាគ្រឿងផលិតផលសិប្បកម្មនេះ»៕


