ភ្នំពេញ: មហោស្រពភាពយន្ដអន្ដរជាតិ (CIFF) លើកទី ៦ ជាព្រឹត្តិការណ៍ភាពយន្ដដ៏ធំមួយនៅកម្ពុជានឹងនាំយកខ្សែភាពយន្ដចំនួន ១៣០ រឿងពី ៣៤ ប្រទេសមកចាក់បញ្ចាំងជូនទស្សនិកជនទស្សនានៅរោងភាពយន្ដចំនួន ៨ នៅក្នុងក្រុងភ្នំពេញ ខណៈកម្មវិធីនឹងសម្ពោធនៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៥ ខាងមុខនេះ។
CIFF គឺជាព្រឹត្តិការណ៍ភាពយន្ដប្រចាំឆ្នាំរបស់កម្ពុជា ក្រោមការដឹកនាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ គាំទ្រដោយអង្គការយូណេស្កូ និងរៀបចំឡើងដោយមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្ដនៅប្រទេសកម្ពុជា (CFC) រួមជាមួយនឹងមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា ខណៈឆ្នាំទី ៦ នេះ មានលក្ខណៈអស្ចារ្យជាងមុនដែលប្រមូលផ្តុំទៅដោយក្រុមគណៈកម្មការកិត្តិយសមានអាជីពក្នុងវិស័យភាពយន្ដមកពីប្រភពផ្សេងៗគ្នា និងមានអ្នកស្រី អេនជឺលីណា ជោលី ជាតារាហូលីវូដដ៏ល្បីឈ្មោះជាប្រធានគណៈកម្មការកិត្តិយស។ ឮ
លោក ជា សុភាព នាយករងនៃមជ្ឈមណ្ឌលសោតទស្សន៍បុប្ផាណា ឲ្យដឹងថា៖ «CIFF ឆ្នាំផ្តើមនូវគំនិតបង្កើតគណៈកម្មការកិត្តិយស ដែលប្រមូលផ្តុំដោយអ្នកអាជីពក្នុងវិស័យភាពយន្ដ និងគាំទ្រទៅដល់ការអភិវឌ្ឍឧស្សាហកម្មភាពយន្ដកម្ពុជា។ យើងមានសមាជិកក្រុមគណៈកម្មការកិត្តិយស ដែលមានប្រភពមកពីប្រទេសផ្សេៗគ្នាដូចជា លោក រិទ្ធី ប៉ាន់ និងលោក សុខ វិសាល ជាផលិតករភាពយន្ដនៅកម្ពុជា អ្នកស្រី ម៉ម កល្យានី អ្នកស្រី ខេលី សូ និងលោក នីកូឡា ស៊ីម៉ុង ជាផលិតករមកពីសហរដ្ឋអាមេរិក លោក ជែម ជីវ៉ាន់ ជាផលិតករដែលមកពីប្រទេសអូស្រ្តាលី និង ផាក សុងហូ គឺជាអ្នករៀបចំមហោស្រពភាពយន្ដមកពីកូរ៉េខាងត្បូង ខណៈអ្នកស្រី អេនជឺលីណា ជោលី ដែលជាតារាភាពយន្ដហូលីវូដដ៏ល្បី និងផលិតករមកពីសហរដ្ឋអាមេរិក គឺជាប្រធានគណៈកម្មការកិត្តិយសនៃមហោស្រពភាពយន្ដអន្ដរជាតិឆ្នាំនេះ»។

អ្នកស្រី អេនជឺលីណា ជោលី បង្ហាញពីចំណាប់អារម្មណ៍ថា៖ «ខ្ញុំមានមោទនភាព ដែលបានគាំទ្រនូវមហោស្រពភាពយន្ដអន្ដរជាតិនេះ និងគាំទ្រប្រទេសកម្ពុជាដែលគឺជាទឹកដីនៃការផលិតរឿងថ្មីដ៏គគ្រឹកគគ្រេង។ ចំពោះប្រវត្តិសាស្រ្ដ និងវប្បធម៌ដ៏យូរលង់ រួមទាំងមានធនធានមនុស្សដ៏មានទេពកោសល្យរបស់កម្ពុជា គឺជាផ្នែកមួយដ៏ធំសម្រាប់ផ្ដល់ឲ្យតំបន់ និងពិភពលោក។ នាងខ្ញុំមានកិត្តិយសណាស់ ដែលបានក្លាយជាផ្នែកមួយនៃគណៈកម្មការរបស់មហោស្រព CIFF នៅឆ្នាំនេះ ហើយក៏រំភើបចិត្តទុកជាមុន ដែរសម្រាប់ការបញ្ចូលគ្នារវាងខ្សែភាពយន្តកម្ពុជា និងខ្សែភាពយន្តអន្តរជាតិ ដែលយើងនឹងត្រូវយកមកចែករំលែកទាំងអស់គ្នានៅឆ្នាំនេះ»។
រោងកុន ៨ រួមមាន៖ រោងកុន Major Cineplex by Cellcard រោងកុន Platinum Cineplex រោងកុន Legend Cinema ទាំងបីសាខា ហើយមហោស្រពចតុមុខ និងនៅរោងភាពយន្តថ្មីនៅវិទ្យាស្ថានបារាំង និងនៅឯមជ្ឈមណ្ឌលបុប្ផាណា ចាប់ពីថ្ងៃទី ៥ ដល់ទី ១០ ខែធ្នូនេះ។
រីឯ សំបុត្រចូលទស្សនាអាចរកជាវបានចាប់ពីពេលនេះ នៅឯមជ្ឈមណ្ឌលបុប្ផាណា ដោយមានជម្រើសជាវសំបុត្រសម្រាប់មួយរឿងតម្លៃ ១ ដុល្លារ តែបើជាវសម្រាប់ ១០ រឿងតម្លៃ ៥ ដុល្លារ ខណៈនៅតាមបណ្តារោងកុននានានឹងមានដាក់លក់នៅថ្ងៃទី ៤ ខែធ្នូ ឆ្នាំ ២០១៥ ឯណោះ៕


