លោក ឆន ទិត្យអាយុ២៩ឆ្នាំ ប្រធានផ្នែកព័ត៌មានកីឡានៅគេហទំព័រSabay
«មកដល់ត្រឹមនេះ ខ្ញុំមិនទាន់ជោគជ័យជាដុំកំភួននៅឡើយទេ ខ្ញុំនៅតែខិតខំបន្ដទៀតដើម្បីក្លាយជាមនុស្សសំខាន់ក្នុងពិភពកីឡានៅកម្ពុជា។ចំពោះការងារថ្ងៃខ្ញុំត្រូវផ្ដោតលើឆន្ទៈរៀនសូត្រពីអ្នកមានបទពិសោធជំនឿចិត្ដលើខ្លួនឯង ស្ដាប់យោបល់អ្នកដទៃ បង្កើតទំនាក់ទំនងល្អក្នុងស្ថានប័នកីឡា កីឡាករឬអ្នកកាសែតដូចគ្នា ការងារផ្ទាល់រៀបចំគម្រោងច្បាស់លាស់ជាដើម»៕
កញ្ញា គឹម ស្រាយ អាយុ២៤ឆ្នាំជាជំនួយការរដ្ឋបាលនៃផ្នែកទំនាក់ទំនងនៅអង្គការ UNICEF
«ពិតណាស់ ការសិក្សាគឺជាកូនសោទៅកាន់ភាពជោគជ័យ។ បន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យ និងបន្តទៅកាន់សាលាដុងបូស្កូ ខ្ញុំខិតខំប្រឹងប្រែងរៀនយ៉ាងខ្លាំង និងកត់ចំណាំនូវដំបូន្មានល្អៗពីលោកគ្រូអ្នកគ្រូ។ ខ្ញុំត្រូវបានជ្រើសរើសឲ្យចូលបម្រើការងារជាបុគ្គលិកនៅអង្គការ UNICEFផ្នែកទំនាក់ទំនងនេះ ដោយសារតែមានការចាប់អារម្មណ៍ក្នុងវិស័យសារគមនាគមន៍នេះផង ហើយគួបផ្សំនឹងការព្យាយាមរៀនសូត្រពីបុគ្គលិកដទៃ និងអ្នកគ្រប់គ្រង»៕
លោក ជ័យ សម្បត្តិ អាយុ២៥ឆ្នាំជាអ្នកផលិតកម្មវិធី និងអ្នកដឹកនាំរឿងក្នុងកម្មវិធីឡូយ៩
«ដំបូងឡើយខ្ញុំត្រូវតម្រង់គោលដៅជីវិតរបស់ខ្លួន ទាំងជីវិត និងការសិក្សា ដើម្បីឈានទៅរកភាពជោគជ័យ។ប៉ុន្តែខ្ញុំត្រូវពង្រឹងសមត្ថភាព និងលទ្ធភាពរបស់ខ្លួនឯងតាមរយៈចំណេះដឹងនិងជំនាញដ៏ច្បាស់លាស់។ ដើម្បីជាបទពិសោធនិងចំណេះដឹងខ្ញុំតែងតែចូលរួមក្នុងសិក្ខាសាលានិងកម្មវិធីគម្រោងផ្សេងៗដើម្បីជាបទពិសោធសម្រាប់ជីវិត។សំខាន់បំផុត ខ្ញុំត្រូវខិតខំបំពេញភារកិច្ចឲ្យបានល្អដើម្បីបង្ហាញពីសមត្ថភាពរបស់ខ្លួនដែលជាគោលដៅរបស់នយោជក»៕
កញ្ញា សួស សុខធារី អាយុ២៧ឆ្នាំជាប្រធានគ្រប់គ្រងផលិតផលនៅ Labelle center
«គ្រួសាររបស់ខ្ញុំតែងតែផ្តល់កម្លាំងចិត្ត និងតាមជួយជ្រោមជ្រែងដល់ការសិក្សារបស់ខ្ញុំជានិច្ច ប៉ុន្តែដោយសារតែខ្ញុំរៀនមិនសូវពូកែ ដូចនេះការងារចាប់ផ្តើមពីដំបូងក៏មិនសូវជាល្អប៉ុន្មានដែរ។ ខ្ញុំបានផ្លាស់ប្តូរការងារពីមួយកន្លែងទៅមួយកន្លែងទៀតជាញឹកញាប់ដោយសារតែខ្ញុំដឹងថាខ្ញុំពុំទាន់មានសមត្ថភាព បើទោះជាខិតខំយ៉ាងណាក៏ដោយប៉ុន្តែខ្ញុំមានទំនាក់ទំនងនិងអត្តចរិតល្អការងារថ្មីៗ ត្រូវបានណែនាំជាហូរហែ។ដូច្នេះហើយខ្ញុំត្រូវពឹងផ្អែកលើ៣ចំណុចសំខាន់ៗសម្រាប់រូបខ្ញុំដូចជាទំនាក់ទំនង ការព្យាយាម និងអត្ដចរិតល្អ»៕
លោក លីវ សុខគា អាយុ២៥ឆ្នាំជាប្រធានគ្រប់គ្រងផ្នែកដឹកជញ្ជូនតាមកប៉ាល់
«ពេលមកដល់ភ្នំពេញដំបូង ខ្ញុំធ្វើការងារជាគ្រូបង្រៀនភាសាចិនបណ្ដើរ និងបន្ដការសិក្សានៅមហាវិទ្យាល័យបណ្ដើរ។ ក្រោយពីបញ្ចប់ថ្នាក់បរិញ្ញាបត្រខ្ញុំក៏ចាប់យកការងារជាគណនេយ្យករក្នុងរោងចក្រមួយរួចអភិវឌ្ឍខ្លួនមកបម្រើការឲ្យក្រុមហ៊ុនសព្វថ្ងៃនេះ។ ការងារក្នុងវិស័យដឹកជញ្ជូនកាលពីដំបូង ខ្ញុំត្រូវគេមាក់ងាយខ្លះដែរ ពីព្រោះគេយល់ថា ខ្ញុំធ្វើការមិនកើតប៉ុន្ដែដោយសារតែការតស៊ូខ្ញុំក៏អាចជម្នះរាល់ឧបសគ្គហើយទទួលបានលទ្ធផលគួរជាទីគាប់ចិត្ដ»៕

