ពុទ្ធ សាសនា មិនត្រឹមតែទទួលបានការគោរពប្រតិបត្ដិពីសំណាក់ប្រជាពលរដ្ឋ ខ្មែរដ៏ច្រើនលើសលប់ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំងស្ថិតក្នុងបាវចនារបស់រដ្ឋផងដែរ។ វត្ដអារាមជាទីកន្លែងសក្ការបូជារបស់ពុទ្ធសាសនិកសម្រាប់ធ្វើ ការបួងសួងសុំសេចក្ដីសុខ ឧទ្ទិសកុសលផលបុណ្យជូនញាតិសន្ដានរបស់ខ្លួនដែលបានអនិច្ចកម្មទៅ និងជាកន្លែងស្ងប់ស្ងាត់សម្រាប់ការសុំសីល និងតាំងសមាធិរំងាប់កិលេសតណ្ហា។ ព្រះសង្ឃ ដែលតំណាងឲ្យព្រះពុទ្ធសាសនា គឺជាតួអង្គដែលប្រកាន់ភ្ជាប់នូវធម៌អា សន្ដោសប្រោសប្រណីដល់សត្វលោកទាំងឡាយ និងបុគ្គលគួរឲ្យគោរពរបស់ពុទ្ធសាសនិកទាំងអស់។
ចំពោះធម៌ វិន័យរបស់ព្រះពុទ្ធសាសនា ព្រះសង្ឃត្រូវតែប្រកាន់ខ្ជាប់យ៉ាងតឹងរ៉ឹងបំផុត។ យ៉ាងណាមិញ ថ្មីៗនេះ យើងសង្កេតឃើញថា ព្រះសង្ឃមួយចំនួន កំពុងតែប្រព្រឹត្ដប្រាសចាកពីវិន័យរបស់ព្រះសម្មាសម្ពុទ្ធ និងកំពុងតែបង្ខូចកិតិ្ដនាមព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋផង ដែរ។
វាមិនមែនជាការប្រឌិត ឬគ្រាន់តែជាពាក្យលេចឮចេញពីមាត់មួយទៅមាត់មួយនោះទេ ប៉ុន្តែកន្លងមកមានពុទ្ធបរិស័ទមួយចំនួនបានជួបនូវហេតុការណ៍ដូច គ្នានេះផ្ទាល់នៅតាមវត្តអារាម។ យើងតែងតែគិតថា ព្រះធម៌ដែលព្រះសង្ឃសូត្រប្រោះព្រំគឺជាវត្ថុដ៏ស័ក្តិសិទិ្ធ ដែលពួកគេប្រាថ្នាទទួលប្រកបដោយអារម្មណ៍ស្ងប់សុខ ហើយការប្រតិបត្ដិរបស់បុគ្គលជាសង្ឃ ត្រូវតែប្រកាន់នូវវិន័យខ្ជាប់ខ្ជួនដើម្បីទទួលបានការគោរពពី ពុទ្ធសាសនិកទាំងអស់។ ប៉ុន្ដែបុគ្គលជាសង្ឃមួយភាគតូច បែរជាកាឡៃព្រះធម៌ពរជ័យលាយឡំទៅនឹងសម្ដីលេងសើចដែលមិនគួរ គប្បីទៅវិញ។
LIFT បានស្ដាប់ឮផ្ទាល់ត្រចៀកនូវធម៌ជូនពររបស់សង្ឃមួយអង្គថា៖ «ចូលបច្ច័យឲ្យបានច្រើន» និងសូមឲ្យមានសម្រស់ស្អាតដូចតារានេះ ឬតារានោះថា «សូមឲ្យស្អាតដូចអម្ពរទេវី»។
វាមិនមែនជាពាក្យ សម្ដីលេងសើចក្រោយពេលសូត្រធម៌ប្រោះព្រំនោះទេ ប៉ុន្ដែព្រះសង្ឃខ្លះយកមកប្រើលាយឡំនឹងព្រះធម៌ផងដែរ។ ពាក្យពេចន៍ទាំងនេះ មិនមែនជាលើកទី១ទេ ដែលពុទ្ធបរិស័ទបានជួបនោះ វាស្ទើរតែគ្រប់ពេលវេលាទាំងអស់ដែលព្រះសង្ឃអង្គនោះសូត្រធម៌ ប្រោះព្រំ។ ជាការពិត បើទោះបីជាមានការលេងសើចបន្តិចបន្តួចក៏ដោយ ក៏មិនគួរធ្វើឡើងនៅពេលដែលកំពុងសូត្រធម៌ ឬក៏សូត្រច្រំដែលៗ ជារឿយៗនោះទេ។
តាមសម្តីរបស់សិស្សម្នាក់ឈ្មោះ អ៊ុន កញ្ញា អាយុ ១៩ឆ្នាំ ជាពុទ្ធសាសនិកម្នាក់ដែលជួបបទពិសោធស្រដៀងគ្នា បានអះអាងថា៖ «ខ្ញុំធ្លាប់មកស្រោចទឹកជាមួយមិត្តភក្តិខ្ញុំប៉ុន្មានដងដែរពេលដែលនោះខ្ញុំក៏ធ្លាប់ជួបបទពិសោធស្រដៀងគ្នានេះដែរ ពីដំបូងខ្ញុំគិតថាគ្រាន់តែជាការលេងសើចម្តងម្កាល ប៉ុន្តែពេលដែលខ្ញុំជួបប្រទះម្តងទៀត ខ្ញុំចាប់ផ្តើមគិតថា កាលដែលមកទទួលពរបែបនេះដូចជាគ្មានប្រយោជន៍ ខ្ញុំគិតថា បើខ្ញុំចង់ស្រោចទឹកម្តងទៀតខ្ញុំសុខចិត្តឲ្យអ្នកមានគុណស្រោចឲ្យ វិញ វាប្រសើរជាជាង»។
លោក ប៉ុក វណ្ណធី ជាទីប្រឹក្សាឧទ្ទេសនាមអាចារ្យនៃក្រសួងធម្មការ និងសាសនា បានថ្លែងថា មិនមែនតែប្រជាពលរដ្ឋទេដែលជួបបញ្ហាដូចគ្នានេះ សូម្បីតែលោកក៏ធ្លាប់បានឮពាក្យជូនពរប្រោះព្រំនេះដែរ ដោយ លោកបានលើកឡើងថា វាគ្រាន់តែជាទង្វើដែលចង់បានប្រជាប្រិយភាពរបស់ព្រះសង្ឃអង្គ នោះប៉ុណ្ណោះ។ ការជូនពរឲ្យមានសម្រស់ស្រស់ស្អាតរបស់ព្រះធម៌ គឺវណ្ណៈដែលមានន័យថា ពណ៌សម្បុរស្អាត ប៉ុន្ដែមិនមែនស្អាតដូចតារានោះទេ។
លោក វណ្ណធី បានប្រៀបធៀបទង្វើខុសឆ្គងរបស់ព្រះសង្ឃមួយចំនួនទៅនឹងការគោរព ច្បាប់ចរាចរណ៍ ដែលមនុស្សគ្រប់រូបតែងតែប្រព្រឹត្ដខុសម្ដងម្កាលចៀសមិនផុត។ ប៉ុន្ដែប្រសិនបើមានរឿងនេះកើតឡើង លោកនឹងរាយការណ៍ទៅដល់ក្រសួង និងគណៈសង្ឃនាយកដើម្បីដោះស្រាយបញ្ហានេះ។ការនិមន្ដតាមផ្លូវតូចៗ ដូចជា ផ្សារ ឬពិព័រណ៍មនុស្សច្រើនកុះករ អាចប៉ះពារមកលើព្រះសង្ឃដែលខុសនឹងវិន័យជាមិនខាន។
អ្នកស្រី កែវ សុផាវី អាយុ៤២ឆ្នាំ ជាអ្នកលក់បន្លែ បានសម្ដែងការមិនពេញចិត្ដចំពោះទង្វើប្រាសចាកធម៌វិន័យរបស់ព្រះ សង្ឃមួយចំនួន ដោយបានអះអាងថា៖ «កាលពីជំនាន់មុន ព្រះសង្ឃតែងតែខ្លាចរអា និងគោរពវិន័យខ្លាំងណាស់ ប៉ុន្ដែបច្ចុប្បន្ននេះ ខ្ញុំឃើញសង្ឃអង្គខ្លះនិមន្ដបិណ្ឌបាតក្នុងផ្សារដែលជាកន្លែង ប្រជ្រៀតតូចចង្អៀតទាំងស្រីទាំងប្រុស»។
ចំពោះបញ្ហានេះ លោក ប៉ុក វណ្ណធី បានឲ្យដឹងថា ព្រះសង្ឃនិមន្ដក្នុងផ្សារមិនខុសវិន័យទេ ប្រសិនបើលោកនិមន្ដទៅតែកន្លែងធំទូលាយ។ ប៉ុន្ដែព្រះសង្ឃមិនអាចនិមន្ដទៅទីកន្លែងតូចចង្អៀតដែលអាចប៉ះពារ ឧបាសក ឧបាសិកាឡើយ។
ទង្វើខុសឆ្គងរបស់ព្រះសង្ឃមួយចំនួន អាចអូសទាញសាសនាឲ្យអាប់ឱន និងជះឥទ្ធិពលអាក្រក់ដល់ព្រះសង្ឃដទៃ។ ព្រះចៅអធិការវត្ដនីមួយៗគួរតែពង្រឹងវិន័យឲ្យបានតឹងរ៉ឹងដើម្បី កុំឲ្យពុទ្ធបរិស័ទអស់ជំនឿចំពោះព្រះពុទ្ធសាសនា។ នេះបើយោងតាមសម្ដីអ្នកគោរពប្រតិបត្ដិសាសនាយ៉ាងខ្ជាប់ខ្ជួន ម្នាក់ឈ្មោះ មាស សុគន្ធា វ័យ៥១ឆ្នាំ។
ព្រះពុទ្ធសាសនាត្រូវបាន គោរពប្រតិបត្ដិចំពោះប្រជាពលរដ្ឋខ្មែរដ៏ច្រើនលើសលប់ ប៉ុន្ដែការប្រព្រឹត្ដិប្រាសកចាកក្រមវិន័យរបស់ព្រះសង្ឃមួយចំនួន អាចធ្វើឲ្យពុទ្ធបរិស័ទអស់ជំនឿ។
ទង្វើប្រាសចាកធម៌វិន័យ ព្រះពុទ្ធសាសនាគួរតែត្រូវបានលុបបំបាត់ និងមានវិធានការម៉ឺងម៉ាត់ដើម្បីជាសេចក្ដីទុកចិត្ដរបស់ពុទ្ធ បរិស័ទ៕

