ចាប់អារម្មណ៍សិក្សាផ្នែកព័ត៌មានវិទ្យាដែលជាគោលដៅជីវិតច្បាស់ បានហុចផ្លែផ្កាឲ្យយុវជនរ៉ាពីដក្លាយជាមន្ដ្រីសម្របសម្រួលផ្នែក បច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) និង …….
លេខសូន្យ និងលេខមួយ ប្រហែលជាគ្មានន័យអ្វីប៉ុន្មានទេ ចំពោះអ្នកដែលរៀនផ្នែកច្បាប់ ឬគណិតវិទ្យា ប៉ុន្តែលេខទាំងពីរនេះពិតជាសំខាន់ណាស់សម្រាប់អ្នកគ្រប់គ្រង បច្ចេកវិទ្យាទំនើប និងកម្មវិធីក្នុងប្រព័ន្ធទូរគមនាគមន៍ និងអ៊ីនធឺណិត។
លោក ស៊ុន រ៉ាពីដ ក្នុងវ័យ៣០ឆ្នាំ ជាមន្រ្តីសម្របសម្រួលផ្នែកបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនងនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) និងជាមន្រ្តីជំនាញផ្នែកព័ត៌មានវិទ្យានៅអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការអភិវឌ្ឍន៍វិស័យបច្ចេកវិទ្យា ទូរគមនាគមន៍ ព័ត៌មានវិទ្យា NIDA។ លោកបានប្តេជ្ញាចិត្តយ៉ាងមុតមាំតាំងពីនៅវ័យសិក្សាមកថា លោកនឹងគ្រប់គ្រងការវិវត្តនៃបច្ចេកវិទ្យា។
ចំពោះការងារប្រចាំថ្ងៃ លោក រ៉ាពីដ បានរៀបរាប់ថា លោកត្រូវពិនិត្យមើលថាតើមានបញ្ហាអ្វីខ្លះកើតឡើងជាមួយប្រព័ន្ធ ទូរគមនាគមន៍ និងគ្រឿងអេឡិចត្រូនិក និងកម្មវិធីមួយចំនួនក្នុងប្រព័ន្ធប្រើប្រាស់នៅ អ.វ.ត.ក។
លោករ៉ាពីដ ជ្រើសរើសយកជំនាញព័ត៌មានវិទ្យានេះ តាំងពីជំនាញនេះទើបតែចាប់ផ្តើមពេញនិយមក្នុងប្រទេសកម្ពុជាមកម្ល៉េះ។ នៅ ពេលនោះដែរ ដោយសារតែមហិច្ឆតារបស់គាត់ចង់ក្តោបក្តាប់ប្រព័ន្ធបច្ចេកវិទ្យាទំនើប ទើបបានក្លាយជាកម្លាំងជំរុញយ៉ាងសំខាន់ឲ្យយុវជនរូបនេះខំប្រឹងប្រែងកាន់ តែខ្លាំងឡើងៗចំពោះជំនាញនេះ។
ពាក់ព័ន្ធទៅនឹងចំណូលចិត្តចំពោះបច្ចេកវិទ្យានេះ បន្ទាប់ពីលោកបានបញ្ចប់ថ្នាក់បរិញ្ញាបត្រព័ត៌មានវិទ្យានៅសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ កាលពីឆ្នាំ២០០១ លោកក៏បានបន្តសិក្សាថ្នាក់អនុបណ្ឌិតនៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច ព្រមទាំងសិក្សាជំនាញជាអ្នកប្រឹក្សាផ្នែកព័ត៌មានវិទ្យានៅប្រទេស អាល្លឺម៉ង់ រយៈពេលមួយឆ្នាំទៀត។
លោក រ៉ាពីដ បានពន្យល់ពីមូលហេតុបន្ថែមដែលជំរុញឲ្យលោកជ្រើសរើស យកមុខវិជ្ជាព័ត៌មានវិទ្យាមកសិក្សាថា នេះមកពីលោកបានសម្លឹង មើលឃើញពីទីផ្សារការងារកាន់តែប្រសើរទៅថ្ងៃអនាគត។
ដោយមានជាប់សាច់ឈាមពីឪពុកម្តាយជាអ្នកជំនួញនៅក្នុងខេត្ដកោះកុងទៀតនោះ បានធ្វើឲ្យលោកចាប់អារម្មណ៍កាន់តែខ្លាំង ចំពោះមុខវិជ្ជាព័ត៌មានវិទ្យា ដោយលោកបានបញ្ជាក់ថា៖ «គ្រាន់តែឃើញមុខវិជ្ជាហ្នឹង ខ្ញុំចាប់អារម្មណ៍ភ្លាមតែម្តង ហើយខ្ញុំបានមើលឃើញថា តម្រូវការទីផ្សារលើអ្នកជំនាញបច្ចេកវិទ្យានោះពិតជាមានខ្ពស់ទៅថ្ងៃអនាគត»។
យុវជនកូនចៅចិនរូបនេះ បានអះអាងទៀតថា កាលដែលលោកជ្រើសរើសមុខជំនាញព័ត៌មានវិទ្យានេះ ពីព្រោះវាគឺជាមុខវិជ្ជាថ្មី សន្លាងដែលលោកចង់សាកល្បងវា។
ដោយសារតែមានការតាំងចិត្តខ្ពស់ យុវជនរូបនេះ បានអភិវឌ្ឍខ្លួនពីនិស្សិតរហូតក្លាយជាអ្នកជួសជុលកុំព្យូទ័រ អ្នកបញ្ចូលកម្មវិធី និង ជានាយកប្រតិបត្តិផ្នែកព័ត៌មានវិទ្យានៃសាលាឯកជនមួយ។
«ត្រូវតែរៀនស្រឡាញ់ការងារដែលយើងធ្វើ» នេះគឺជាពាក្យដែលលោកតែងតែរំឭក និងដាស់តឿនខ្លួនឯងជាប់ជានិច្ច។ ដោយសារតែមានការតាំងចិត្តបែបនេះ លោក រ៉ាពីដ មិនទាន់បានបញ្ឈប់ការងារខ្លួនត្រឹមនេះនោះទេ ប៉ុន្ដែលោកក៏បានអភិវឌ្ឍខ្លួន លោករហូតដល់ក្លាយជាសាស្រា្តចារ្យលើគម្រោង តូចៗនៃកម្មវិធីព័ត៌មានវិទ្យាទៀតផង។
ជាងនេះទៅទៀត លោកបានចូលរួមក្នុងកម្មវិធីបណ្តុះបណ្តាល ជាច្រើននៅបណ្តាប្រទេសមួយចំនួននៅអឺរ៉ុប និងអាស៊ី។ ជាមួយ នឹងជោគជ័យនេះ លោក រ៉ាពីដ និយាយដោយទឹកមុខមាំថា៖ «ខ្ញុំគ្រាន់តែសង្ឃឹមថា ខ្ញុំអាចប្រើចំណេះដឹង និងសមត្ថភាពរបស់ ខ្ញុំទៅបណ្តុះបណ្ដាធនធានមនុស្សបន្ថែមតែទៀតប៉ុណ្ណោះ។ យុវជនជំនាន់ក្រោយអាចនឹងមានគំនិតច្នៃប្រឌិត ឬពូកែជាងខ្ញុំក៏ថាបាន»។
តាមរយៈបទពិសោធផ្ទាល់ យុវជនរូបនេះបានផ្តាំផ្ញើបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា កិច្ចខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់ខ្ញុំ អាចនឹងក្លាយជាគំរូដល់កូនខ្មែរបច្ចុប្បន្ន និងទៅថ្ងៃអនាគត ឲ្យខិតខំព្យាយាម ដើម្បីសម្រេចគោលដៅជីវិតរបស់ពួកគេ ដូចរូបខ្ញុំអ៊ីចឹង»។
លោកបានបញ្ជាក់ទៀតថា៖ «ខ្ញុំមិនដែលភ្លេចប្រើនូវភាពឆ្លាតវៃ និងសមត្ថភាពនៃការបត់បែនទៅតាមកាលៈទេសៈនោះទេ ជាពិសេសការវាយតម្លៃលើការងារឡើងវិញ ពីព្រោះវាអាចធ្វើឲ្យយើងទទួលជោគជ័យយ៉ាងឆាប់រហ័សដូចការរំពឹងទុក»៕

