កាលពីមុនឪពុកម្តាយតែងតែជូនកូនទៅរៀន ឬក៏ចាំយាមកូននៅឯសាលា ដើម្បីតាមដានការសិក្សារបស់ពួកគេ។ ប៉ុន្តែពេលនេះឪពុកម្តាយមិនបាច់បារម្ភពីបញ្ហានេះទៀតទេ ពីព្រោះបច្ចេកវិទ្យាថ្មីដែលភ្ជាប់ប្រព័ន្ធ SMS ក្នុងទូរស័ព្ទដៃ ឈ្មោះថា «CAMEMIS» បានមកដល់ព្រះរាជាណាចក្រកម្ពុជាហើយ។
ប្រព័ន្ធតាមដានថ្មីនេះ មិនត្រឹមតែត្រួតពិនិត្យវត្ដមានរបស់សិស្សនៅសាលាប៉ុណ្ណោះទេ ប៉ុន្ដែឪពុកម្ដាយអាចនឹងទទួលបានព័ត៌មានមួយចំនួនថាតើកូនរបស់ ពួកគេបានធ្វើអ្វីខ្លះនៅសាលា ថ្ងៃឈប់សម្រាករបស់សាលា និងចំណាត់ថ្នាក់របស់កូនពួកគេទៀតផង។
CAMEMIS ជាប្រព័ន្ធរដ្ឋបាលអនឡាញមួយដែលដំណើរការបានតាមរយៈបណ្ដាញអ៊ីនធឺណិត ។ ប្រព័ន្ធនេះអាចអនុញ្ញាតឲ្យគ្រូបង្រៀន ផ្នែករដ្ឋបាល បុគ្គលិក និងឪពុកម្ដាយបង្ហាញមតិបានភ្លាមៗព្រមគ្នាដែលត្រូវបានបែងចែកតាម មុខងារខុសៗគ្នា។
ចំពោះមុខងារសម្រាប់គ្រូ ពួកគេអាចបញ្ចូលទិន្នន័យពិន្ទុសិស្សដែលនឹងចាត់ចំណាត់ថ្នាក់ដោយ ស្វ័យប្រវត្ដិ។ រីឯនាយកសាលា លោកអាចត្រួតពិនិត្យដំណើរការរដ្ឋបាលទាំងមូល ព្រមទាំងទិន្នន័យហិរញ្ញវត្ថុផងដែរ។ ម្យ៉ាងវិញទៀត ផ្នែករដ្ឋបាលអាចរៀបចំវត្ដមានសិស្សថ្មីៗដែលបញ្ជូនទៅកាន់ឪពុក ម្ដាយដោយស្វ័យប្រវត្ដិតាមរយៈសារអេឡិចត្រូនិក ប្រសិនបើកូនរបស់ពួកគេមិនមករៀន។
លោក លន់ ច័ន្ទបូរី ជាទីប្រឹក្សារបស់ក្រុមហ៊ុន CamFirst Technologies Co., LTD បានឲ្យដឹងថា គោលបំណងដែលនាំយកបច្ចេកវិទ្យានេះចូលមក គឺចង់ឲ្យប្រទេសកម្ពុជាកាន់តែមានភាពសម្បូរបែបថែមទៀតនូវ បច្ចេកវិទ្យាថ្មីៗ និងជួយសម្រួលដល់ការងារផ្នែករដ្ឋបាលដែលធ្លាប់តែស្មុគស្មាញមួយ ផ្នែកទៀតផង។
លោកបានបន្ដថា៖ «CAMEMIS ជួយសម្រួលដល់ការងារលេខនព្វន្តដ៏ស្មុគស្មាញ និងសុក្រឹតជាងមុន ពីព្រោះទិន្នន័យទាំងឡាយត្រូវបានគណនាដោយប្រព័ន្ធអេឡិចត្រូនិកដែល ងាយស្រួលដល់ឪពុកម្តាយទៀតផង»។
ដោយយល់ពីសារប្រយោជន៍នៃបច្ចេកវិទ្យា និងភាពងាយស្រួលបន្ទាប់ពីប្រព័ន្ធនេះត្រូវបានដាក់ឲ្យដំណើរ ការជាផ្លូវការភ្លាម មានសាលារៀនឯកជនមួយនៅខេត្តតាកែវ បានចាប់ផ្តើមប្រើប្រាស់នូវបច្ចេកវិទ្យានេះមុនគេក្នុងប្រទេស កម្ពុជា។
លោក ទេព កោសល្យ ជានាយកសាលាចំណេះទូទៅអន្តរជាតិ ជាសាលាដំបូងដែលបានជ្រើសរើសប្រព័ន្ធCAMEMISមកប្រើប្រាស់ បានប្រាប់ពីមូលហេតុថា៖ «ទំនើបភាវូបនីយកម្ម មិនសំខាន់អីប៉ុន្មានទេ ប៉ុន្ដែអ្វីដែលល្អបំផុតនោះគឺភាពងាយស្រួល និងជំនឿទុកចិត្តដែលប្រព័ន្ធនេះអាចផ្តល់ឲ្យឪពុកម្តាយសិស្សបាន»។
ថ្វីដ្បិតតែការប្រើប្រាស់បណ្ដាញអ៊ីនធឺណិត អាចជាបញ្ហាសម្រាប់ឪពុកម្តាយវ័យចំណាស់ ឬអ្នករស់នៅតាមទីជនបទឆ្ងាយៗយ៉ាងណាក្តី ក៏វានៅតែជាក្តីសង្ឃឹមចំពោះឪពុកម្ដាយសម្រាប់ពេលអនាគត។
លោក កោសល្យ បានលើកឡើងពីចំណុចវិជ្ជមានក្នុងការប្រើប្រាស់ប្រព័ន្ធ CAMEMIS ថា៖ «វាដូចជាបណ្តាញសង្គមហ្វេសប៊ុកអ៊ីចឹងដែរ កាលណាប្រជាជនចាប់អារម្មណ៍ចង់ដឹង និងចង់តាមដានអ្វីមួយ ពួកគាត់ប្រាកដជាព្យាយាមរៀនប្រើប្រាស់ប្រព័ន្ធនេះមិនខាន»។
លោក បានបន្ដថា៖ «សារៈសំខាន់របស់វាមួយទៀត គឺវាបានជួយបង្កើនចំណេះដឹងក្នុងការប្រើប្រាស់ប្រព័ន្ធទំនើប សម្រាប់អ្នករស់នៅជនបទ មានការរីកចម្រើនជាងមុនជាមិនខាន»៕

