អាហារទាន់ចិត្ដ ដែលយុវវ័យតែងនិយមហៅថា «fast food» គឺកំពុងតែទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសគឺយុវជនតែម្តង។ ប្រសិនបើយើងក្រឡេកទៅមើលតាមបណ្ដាភោជនីយដ្ឋាន fast food នានាវិញ យើងឃើញថា ម្ហូបទាន់ចិត្ដទាំងនេះ មានការកើនឡើងជាលំដាប់នៅកម្ពុជា។ ដូច្នេះ ម្ហូបអាហារក៏ជាចំណែកមួយរបស់អត្ដសញ្ញាណរបស់ប្រជាជាតិនីមួយៗផង ដែរ។ ឧទាហរណ៍ ប៊ឺហ្គើ មកពីបស្ចិមប្រទេស ប៉ាវហ៊ឺមកពីប្រទេសចិន រីឯសម្លរកកូរជារបស់កម្ពុជាជាដើម។
ថ្វីដ្បិតតែម្ហូបបរទេសកំពុងវាយលុកនៅទីផ្សារកម្ពុជាយ៉ាងណាក៏ ដោយ ក៏យុវជនខ្មែរមួយចំនួននៅតែមិនភ្លេចម្ហូបដែលតពីដូនតារបស់ខ្លួន ឡើយ។
កញ្ញា គង់ ករុណា វ័យ២៧ឆ្នាំ ជាមន្រ្តីទំនាក់ទំនងនៃអង្គការអន្តរជាតិមិត្តសម្លាញ់ បានបង្ហាញថា ខ្មែរមានមុខម្ហូបច្រើនបែបច្រើនសណ្ឋានណាស់ ដែលយើងយកចាប់តាំងពីពីងពាងរហូតដល់ព្រលឹត។
យ៉ាងណាមិញ ដើម្បីលើកស្ទួយមុខម្ហូបខ្មែរ លោក ឡូ ម៉េង ជាម្ចាស់ភោជនីយដ្ឋានម្លិះ និងជាមេចុងភៅ បានរៀបរាប់ថា៖ «យើងបើកភោជនីយដ្ឋានម្លិះឡើងដោយសារតែយើងចង់បម្រើសេវាកម្ម ម្ហូបខ្មែរដល់ភ្ញៀវជាតិ និងអន្តរជាតិ ហើយយើងចង់រក្សាអត្តសញ្ញាណម្ហូបរបស់ជាតិយើង»។ លោក បានបន្តថា ម្ហូបខ្មែរមានសម្លអាម៉ុក ប្រហុកខ្ទិះ សម្លកកូរ សម្លម្ជូរគ្រឿង សម្លស្លឹកថ្នឹង និងសម្លប្រហើរជាដើម។
លោក បានពន្យល់ថា៖ «មនុស្សមួយចំនួនយល់ច្រឡំថា អាម៉ុកជាម្ហូបរបស់ថៃ ប៉ុន្ដែខ្មែរយើងមានអាម៉ុករបស់យើងផ្ទាល់។ អាម៉ុកមិនមែនមានតែនៅក្នុងស្រុកខ្មែរ ឬថៃនោះទេ ប៉ុន្តែវាមាននៅបណ្ដាប្រទេសអាស៊ីដទៃទៀត ដូចជា ប្រទេសម៉ាឡេស៊ី ហ្វីលីពីន ឡាវ និងឥណ្ឌូនេស៊ីជាដើម»។
ដោយមានកិច្ចសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍ ភោជនីយដ្ឋានម្លិះ តែងតែទទួលបម្រើភ្ញៀវអន្តរជាតិនូវមុខម្ហូបខ្មែរដើម្បីលើក តម្កើងអត្តសញ្ញាណជាតិខ្មែរ។
ដោយសារនៅពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យុវវ័យពេញនិយមចំពោះម្ហូបបរទេសកាន់តែច្រើនឡើងៗ លោក ឃឿន សម្បត្តិ ជាអ្នកគ្រប់គ្រងគម្រោងនៃសាលាបង្រៀនធ្វើម្ហូប អន្តរជាតិ (មានម្ហូបខ្មែរនិងម្ហូបបរទេស) បាននិយាយថា អត្ត សញ្ញាណម្ហូបខ្មែរ ភាគច្រើនប្រើជាមួយគ្រឿងជាច្រើន រួមមានប្រហុក ក្លិនម្សៅល្មៀត រំដេង ឈើអែម និងផ្កាចន្ទន៍ជាដើម។
លោក បានបន្ថែមថា៖ «ក្នុងការប្រកួតប្រជែងធ្វើម្ហូបអាស៊ាន ម្ហូបខ្មែរដែលមានសម្លកកូរ និងសម្លរម្ជូគ្រឿងបានឈ្នះគេ ដោយសារតែយើងបានប្រើស្លឹកគ្រៃស្រស់ និងមាន់ខ្មែរ ហើយសម្លប្រហើរជាអត្តសញ្ញាណថ្មីរបស់ម្ហូបខ្មែរ។
លោក បានបន្ដទាំងមោទនភាពថា ម្ហូបខ្មែរដែលបរទេសស្គាល់ជាទូទៅនោះគឺ អាម៉ុក សម្លកកូរ ប្រហើរ ប្រហុក ការី និងនំបញ្ចុក។ បរទេសឲ្យតម្លៃម្ហូបខ្មែរតាមរយ:ការចូលចិត្តទទួលទាន ដែលផ្ទុយស្រឡះពីកូនខ្មែរខ្លះបែរជាគាំទ្រអាហារ បរទេសទៅវិញ។
លោក សម្បត្តិ បានក្រើនរំឭកទៀតថា ដើម្បីថែរក្សាអត្តសញ្ញាណម្ហូបខ្មែរឲ្យបានគង់វង្ស កូនខ្មែរគ្រប់រូបគួរគប្បីរៀនធ្វើម្ហូបខ្មែរតាមរយ:ការសិក្សា ស្រាវជ្រាវនៅសាលា បណ្ណាល័យ សៀវភៅ និងអនុវត្ដចម្អិនផ្ទាល់។ លើសពីនេះទៀត គួរតែមានកម្មវិធីប្រកួតប្រជែងធ្វើម្ហូបខ្មែរ បង្កើតវគ្គបណ្តុះបណ្តាលតាមសាលា និងចងក្រងជាសៀវភៅធ្វើម្ហូបខ្មែរ។
លោកបានចែករំលែកពីកង្វល់ផ្ទាល់ខ្លួនថា៖ «ប្រសិនបើយើងមិនជួយលើកកម្ពស់ម្ហូបជាតិយើងទេ នោះម្ហូបបរទេសនឹងដឹកមុខហើយ»។
ឆ្លើយតបនឹងកង្វល់ខាងលើ លោកស្រី ដោក ស៊ីណារ៉ា ជាប្រធានការិយាល័យភោជនីយដ្ឋាន និងជាលេខាធិការដ្ឋានគ.រ.ច.នៃក្រសួងទេសចរណ៍ បានថ្លែងថា លោកស្រីពុំមានការព្រួយបារម្ភចំពោះការបាត់បង់នូវម្ហូបខ្មែរ នោះទេ ពីព្រោះនៅពេលដែលយុវជនទាំងនោះចាស់ទៅ ពួកគេនឹងងាកមកញុំាម្ហូបខ្មែរវិញហើយ។
លោកស្រី បានគួសបញ្ជាក់ថា៖ «មានភោជនីយដ្ឋានជាង៩០,៩ភាគរយដែលមានលក់ម្ហូបខ្មែរ។ កន្លងមក ក្រសួងតែងតែយកចិត្ដទុកដាក់ក្នុងការផ្សព្វផ្សាយមុខម្ហូបខ្មែរ តាមរយៈព្រឹត្ដិការណ៍ធំៗ ដូចជា បុណ្យសមុទ្រ កិច្ចប្រជុំអាស៊ាន និងព្រឹត្ដិការណ៍ជាច្រើនទៀតនៅឯបរទេស»។
លោកស្រី បានលើកឡើងថា៖ «ពួកយើងបានជំរុញឲ្យគ្រប់ភោជនីយដ្ឋាន និងសណ្ឋាគារទាំងអស់ដាក់ម្ហូបខ្មែរបញ្ចូលទៅក្នុងតារាងរាយមុខ ម្ហូប ដើម្បីលើកស្ទួយនូវស្នាដៃម្ហូបខ្មែររបស់យើង»។
គំនិតស្រដៀងគ្នានេះដែរ លោក ឡូ ម៉េង បានអះអាងថា៖ «យើងពុំមានការព្រួយបារម្ភចំពោះការបាត់បង់នូវម្ហូបខ្មែរនោះ ទេ ថ្វីដ្បិតតែកូនខ្មែរមួយចំនួនកំពុងពេញនិយមញ៉ាំអាហារទាន់ ចិត្ដ ឬ fast food ក៏ដោយ ពីព្រោះនៅពេលដែលពួកគាត់ចាស់បន្តិចទៅ ពួកគាត់នឹងត្រឡប់មកញ៉ាំអាហារខ្មែរវិញហើយ ពោលគឺមិនទ្រលាន់ដូចអាហារបរទេសឡើយ»។
បើយោងតាមសៀវភៅមគ្គុទ្ទេសក៍ទេសចរណ៍របស់ក្រសួងទេសចរណ៍ បានឲ្យដឹងថា ម្ហូបខ្មែរ មានដូចជានំបញ្ចុកសម្ល សាច់ឆ្អើរ ម្ហូបឆា ការី សាលាដ បង្អែម និងមានបន្លែច្រើនផ្លែឈើ ព្រមទាំងបាយផងដែរ។
អង្គការអន្តរជាតិមិត្តសម្លាញ់ ជាអង្គការមួយដែលបានជួយអភិរក្សនូវម្ហូបខ្មែរយើងតាមរយ:ការ បើកបង្រៀនជំនាញធ្វើម្ហូបដល់ក្មេងអនាថាតាមដងផ្លូវ ក្មេងងាយរងគ្រោះ ក្មេងផ្ទុកមេរោគអេដស៏ ក្មេងញៀនថ្នាំ និងកេ្មងគ្មានផ្ទះសំបែង ដែលមានបំណងចង់រៀន។ ក្រៅពីនេះអង្គការនេះបានបើក ពិព័រណ៍ម្ហូបខ្មែរ និងបានបង្កើតសៀវភៅម្ហូបខ្មែរ «តាំងពីពីងពាងរហូតដល់ព្រលិត» ទៀតផង ដែលត្រូវបានទទួលជ័យលាភីជាសៀវភៅធ្វើម្ហូបល្អជាងគេប្រចាំអាស៊ានឆ្នាំ២០០៩។
កញ្ញា គង់ ករុណា នៅអង្គការអន្តរជាតិមិត្តសម្លាញ់បានបញ្ជាក់ថា៖ «បុគ្គលិករបស់អង្គការយើងបានចុះទៅស្រាវជ្រាវមុខម្ហូបខ្មែរពី គ្រប់ភូម ស្រុក ខេត្ត ដើម្បីចង់ក្រងជាសៀវភៅនេះឡើង។ យើងនឹងមានគម្រោងចែកចាយសៀវភៅនេះនៅតាមបណ្ណាល័យនៃព្រះរាជាណា ចក្រកម្ពុជា ក្នុងន័យអភិរក្សនូវម្ហូបខ្មែរយើងឲ្យបានគង់វង្ស»។
គួរឲ្យកត់សម្គាល់ថា កាលពីសម័យប្រជុំកំពូលអាស៊ានកាលពីខែកក្កដាកន្លងទៅ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន ក៏បានថ្លែងថា លោកទទួលស្វាគមន៍ភ្ញៀវអាស៊ានទាំងអស់ជាមួយនឹងអាហារខ្មែរផងដែរ៕

