កាលពីចុងសប្តាហ៍កន្លងទៅនេះ ភ្នំពេញប៉ុស្តិ៍ បានរៀបចំការតាំងពិព័រណ៍រូបថតស្តីពី ទស្សនីយភាព២០ឆ្នាំតាមរយៈ ម៉ាស៊ីនថត ភ្នំពេញ ប៉ុស្តិ៍។ ជាមួយនឹងទស្សនីយភាពនេះ គឺមានគោលបំណងបង្ហាញនូវស្នាដៃរបស់ភ្នំពេញ ប៉ុស្តិ៍ រយៈពេល២ទសវត្សរ៍តាមរយៈម៉ាស៊ីនថត បណ្តុះគំនិតយុវជនជំនាន់ក្រោយដែលចាប់អារម្មណ៍ទៅនឹងជំនាញ និងវិធីសាស្រ្តនៃការថតរូបតាមរយៈវាគ្មិនសំខាន់ៗរបស់ភ្នំពេញ ប៉ុស្តិ៍ និងទីភ្នាក់ងារផ្សេងៗ និងប្រមូលមូលនិធិដើម្បីជួយជ្រោមជ្រែងទៅដល់មន្ទីរពេទ្យគន្ធបុប្ជា និងក្រុមរាំ Tiny Toones។
កម្មវិធីនេះ មានការចូលរួមគាំទ្រពី VDB| Loi, Corona Extra, EZECOM, Coca Cola, Mountain Advertising, និង Butterfly Advertising។
នៅក្នុងកម្មវិធីនេះដែរ មានការចូលរួមសម្តែងដោយក្រុមរាំ Tiny Toones តាមរយៈការរាំ Hip Hop និងការចូលរួមចែករំលែកបទពិសោធពីអ្នកថតរូបដែលមានជំនាញ និងវិជា្ជជីវៈដូចជា លោក ហេង ជីវ័ន និងលោក ផា លីណា អ្នកថតរូបរបស់ ភ្នំពេញ ប៉ុស្តិ៍ លោក តាំង ឈិនសុធី មកពីទីភ្នាក់ងារបារាំង AFP និង លោក ម៉ាក រ៉េមីសា មកពី EPA។ លោកតាំង ឈីនសុធី បាននិយាយថា៖ «ការថតរូបដែលជំនាញគឺអាស្រ័យទៅលើមូលដ្ឋានគ្រឹះ៥សំខាន់។ ទីមួយគឺ ពន្លឺ ល្បឿន, ទីពីរគឺ ការផ្តោតសំខាន់ទៅលើរូបភាពដែលយើងថតត្រូវតែច្បាស់ ទី៣ ទីតាំងនៃរូបភាព គឺយើងត្រូវប្រាកដថារូបភាពដែលយើងថតមកមិនវៀច ឬក៏ទ្រេត គឺវាមានតុល្យភាព ទី៤ គឺការកាត់ប្លង់ គឺយើងត្រូវប្រាកដថារូបដែលយើងថតនោះវាមិនដាច់ត្រង់ចំណុចណាមួយនៃ ប្រធានបទដែលយើងចង់បាន ហើយជាចុងក្រោយការបង្ហាញសកម្មភាពដូចជា ការសើច ការយំ គឺអ្វីដែលយើងចង់បង្អាញប្រាប់អ្នកមើល»។
អ្នកចូលរួមម្នាក់នៅក្នុងពិព័រណ៍នេះ លោកវ៉ាន់ ធូ អាយុ ២២ឆ្នាំ ជានិស្សិតនៃវិទ្យាស្ថានជាតិអប់រំ បាននិយាយថា៖ «ខ្ញុំចាប់អារម្មណ៏ចំពោះកម្មវិធីនេះណាស់ ។ ក្នុងនាមជាយុវជនម្នាក់ ខ្ញុំពិតជាគាំទ្រដល់កម្មពិធីសប្បុរសធម៌នេះខ្លាំងណាស់។ ម៉្យាងវិញទៀតគឺខ្ញុំចាប់អារម្មណ៍ជាមួយនឹងការថតរូប និងបទពិសោធល្អៗ ដែលអ្នកថតរូបជំនាញបានចែករំលែកនូវបទពិសោធរបស់ពួកគាត់»៕

