
លោក សាយ សំអាល់វ័យ៣៣ឆ្នាំ ជាបេក្ខជនតំណាងរាស្ត្រអាណត្តិទី៥របស់គណបក្សប្រជាជនកម្ពុជា ប្រចាំមណ្ឌលខេត្តកំពង់ចាមបានផ្តល់បទសម្ភាសពិសេសជាមួយ LIFT ទាក់ទងនឹងការចូលរួមរបស់យុវជននៅក្នុងវិស័យនយោបាយ។ ស្របជាមួយនឹងការឈរឈ្មោះជាបេក្ខជនលោក សំអាល់ក៏មានតួនាទីនៅទីស្តីការគណៈរដ្ឋមន្ត្រីផងដែរ។
តើលោកចូលរួមក្នុងវិស័យនយោបាយចាប់ តាំងពីពេលណាហើយហេតុអ្វីបានជាលោកសម្រេចចិត្តចូលប្រឡូកក្នុងវិស័យនេះ?
ខ្ញុំចាប់ផ្តើមឈរឈ្មោះជាបេក្ខជនតំណាងរាស្ត្រនៅក្នុងអាណត្តិទី៥នេះ គឺក្រោយពីការរៀបចំ និងវាយតម្លៃពីខាងគណបក្ស។ ការចូលប្រឡូកក្នុងវិស័យនេះមិនមែនគ្រាន់តែជាការសម្រេចចិត្តរបស់ខ្ញុំម្នាក់ឯងនោះទេ ពីព្រោះសម្រាប់គណបក្សប្រជាជនកម្ពុជារបស់យើង ថ្នាក់ដឹកនាំមានការសិក្សាស្រាវជ្រាវពីបេក្ខជនតំណាងរាស្ត្រនីមួយៗយ៉ាងច្បាស់លាស់។ នៅក្នុងនោះផងដែរខ្ញុំក៏ជាប្រធានគណៈពង្រឹងនៅស្រុកអូររាំងឪ ខេត្តកំពង់ចាម ហើយពីមុននោះបន្តិចខ្ញុំជាអនុប្រធានគណៈពង្រឹងនៅស្រុកចំការលើ។ អ៊ីចឹងហើយគណបក្សខេត្តកំពង់ចាម ក៏ដូចជាគណៈពង្រឹងខេត្តបានជ្រើសរើសបេក្ខជនតាមរយៈការបោះឆ្នោតផ្ទៃក្នុងដែលឈ្មោះរបស់ខ្ញុំក៏ត្រូវបានជាប់ក្នុងលេខរៀងទី១០នៅក្នុងចំណោមសមាជិកពេញសិទ្ធិ១៨នាក់សម្រាប់មណ្ឌលកំពង់ចាម។ សម្រាប់ខ្ញុំ វាគឺជាឱកាសមាសមួយក្នុងការចូលរួមកសាងមាតុភូមិរបស់យើង។
តើលោកទទួលបានការគាំទ្រនិងជំរុញពីឪពុកម្តាយរបស់លោកដែរឬទេក្នុងការចាប់យកអាជីពជាអ្នកនយោបាយ?
ចំពោះការចូលរួមនេះ វាគឺជាជម្រើសពីធម្មជាតិរបស់ខ្ញុំ ដោយសារតែឪពុកម្តាយរបស់ខ្ញុំពីមុនធ្លាប់ធ្វើជាគ្រូបង្រៀនប៉ុន្តែដោយសារសង្គ្រាមលោកទាំងពីរនាក់អត់បានបន្តមុខរបរនោះទេ គាត់បានបោះបង់ដីស មកកាន់អាវុធដើម្បីសង្គ្រោះជាតិ។ ចំពោះបេសកកម្មដ៏ថ្លៃថ្លារបស់ឪពុកម្តាយខ្ញុំ ពួកគាត់ធ្វើដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជន។ ពេលបច្ចុប្បន្ននេះ នៅក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាជនមានសន្តិភាព ស្ថិរភាពនិងវឌ្ឍនភាពសង្គម។ ដូចនេះកាតព្វកិច្ចរបស់ខ្ញុំគឺចូលរួមបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមសម្រាប់ប្រជាជនកម្ពុជាទាំងមូល។ ឪពុកម្តាយរបស់ខ្ញុំ ពួកគាត់មានការគាំទ្រខ្ញុំឲ្យចូលរួមប៉ុន្តែរាល់ការសម្រេចចិត្ដនោះគឺខ្លួនខ្ញុំផ្ទាល់ ដោយសារតែនេះគឺជាអាយុជីវិតរបស់ខ្ញុំ។
តើការចូលរួមរបស់យុវជនក្នុងវិស័យនយោបាយមានសារៈសំខាន់យ៉ាងដូចម្តេច?
ការចូលរួមរបស់ក្មេងៗជំនាន់ក្រោយនៅក្នុងរចនាសម្ព័ន្ធរដ្ឋគឺជាការបន្តកសាងនិងការពារមាតុភូមិរបស់យើងព្រោះថាការកសាងប្រទេសទាមទារឲ្យមានអ្នកស្នង ឬបន្តវេន។ និយាយឲ្យស្រួលស្តាប់ ក្នុងស្ថាប័នណាក៏ដោយ យើងតែងតែចង់បានអ្នកថ្មីដើម្បីជួយជាគំនិត ជួយជាកម្លាំងដើម្បីបន្តដឹកនាំ។ ដូចនេះយើងត្រូវតែមានយុវជនចូលរួមក្នុងការពង្រឹង និងអភិវឌ្ឍបន្តពីអ្វីដែលយើងកំពុងមាន។ ចំពោះការចូលរួមមិនមែនមានន័យថាទាល់តែចូលរួមជាមួយគណបក្សប្រជាជនឬជួររដ្ឋាភិបាលទើបយើងអាចជួយកែលម្អប្រទេសយើងនោះទេ។ នៅពេលយុវជនបានចូលទៅធ្វើការតាមស្ថាប័នណាមួយតាមជំនាញ ហើយបំពេញការងារដោយយកចិត្តទុកដាក់និងមានទំនួលខុសត្រូវនោះវាគឺជាសញ្ញាមួយដែលធ្វើឲ្យកម្ពុជាមានអនាគតភ្លឺស្វាង។
ក្នុងនាមរូបលោកជាបេក្ខជនតំណាងរាស្ត្រម្នាក់តើលោកនឹងធ្វើដូចម្តេចដើម្បីឲ្យស្ថានភាពការងាររបស់យុវជនមានភាពកាន់តែល្អប្រសើរ?
យើងមានមួយចំណុចក្នុងកម្មវិធីនយោបាយកសាងនិងការពារមាតុភូមិឆ្នាំ២០១៣ទៅ២០១៨។ យើងបាននិយាយច្បាស់លាស់ពីការលើកកម្ពស់យុវជនឲ្យចូលរួមនៅក្នុងគ្រប់វិស័យទាំងអស់មិនមែនតែនៅក្នុងជួរបក្សទេ។ មានឱកាសច្រើនដែលយុវជនអាចចាប់យកដើម្បីបង្កើនឬក៏រកចំណូលសម្រាប់ខ្លួនឯងដោយការប្រើប្រាស់នូវគំនិតច្នៃប្រឌិតរបស់ពួកគេ ហើយពួកគេផ្ទាល់ក៏អាចផ្តល់ឱកាសបន្តទៅកាន់យុវជនដទៃទៀត។ ចំពោះរាល់សកម្មភាពរបស់ខ្ញុំនិងគណបក្សប្រជាជនកម្ពុជា យើងសេ្នហាជាតិមិនមែនត្រឹមតែអាយុជីវិតរបស់យើងទេ។ ដូចនេះអ្វីដែលយើងកំពុងធ្វើរាល់ថ្ងៃនេះគឺធ្វើដើម្បីអនាគតក្មេងៗជំនាន់ក្រោយផងដែរ។
តើយុវជនមានសំឡេងគ្រប់គ្រាន់ឬនៅក្នុងវិស័យនយោបាយហើយតើវាមានសុវត្ថិភាពឬទេសម្រាប់យុវជនក្នុងការបញ្ចេញមតិនៅក្នុងប្រព័ន្ធផ្សព្វផ្សាយ?
នេះគឺជាសិទ្ធិសេរីភាពរបស់យើងទាំងអស់គ្នា។ គណបក្សប្រជាជនខិតខំកសាងមាតុភូមិជាច្រើនឆ្នាំដើម្បីផ្តល់សិទ្ធិសេរីភាពដល់យុវជន ដោយមិនមានគំនាបណាមួយឡើយ។ ពីមុនគាត់មិនសូវហ៊ានបង្ហាញថា ខ្លួនគាត់គាំទ្រខាងបក្សណានោះទេ។ ប៉ុន្ដែឥឡូវយើងឃើញមានការបង្ហាញពេញតាមរយៈបណ្តាញសង្គម តាមការជិះម៉ូតូនៅលើដងផ្លូវ តាមការស្លៀកខោអាវ ហើយគាត់អាចបញ្ចេញមតិរបស់គាត់នៅតាមសាកលវិទ្យាល័យ ដោយសេរីនិងមិនមានការហាមឃាត់អ្វីនោះទេ។
នៅក្នុងអាណត្តិទី៥នៃការបោះឆ្នោតនេះយុវជនជាច្រើនមានចំណាប់អារម្មណ៍និងមិនខ្លាចក្នុងការចូលរួមឃោសនាការបោះឆ្នោតតើលោកយល់ថាមកពីកត្តាអ្វី?
ពួកគាត់មានសិទិ្ធគ្រប់គ្រាន់ក្នុងការជ្រើសរើសគណបក្សនយោបាយរបស់គាត់។ កម្រិតវប្បធម៌និងការគិតគូររបស់គាត់បានវែងឆ្ងាយ ដោយគាត់ដឹងថាសិទ្ធិសេរីភាពរបស់គាត់ត្រូវបានផ្តល់យ៉ាងពេញលេញ។ ការដង្ហែក្បូនឃោសនាមិនមានរងការគាបសង្កត់ឬគំរាមកំហែងនោះទេ ព្រោះកម្ពុជាជានីតិរដ្ឋ។ ប្រជាពលរដ្ឋទាំងអស់លោកបានយល់ច្បាស់ថាគណបក្សនយោបាយមួយណាដែលគាត់គាំទ្រនិងចង់ឲ្យដឹកនាំប្រទេសបន្តទៀត ដោយសារតែពួកគាត់ទទួលបានព័ត៌មានពេញលេញ។ អ្វីដែលសំខាន់នោះគឺយុវជនកម្ពុជាមានការគិតគូរពីអនាគតខ្លួនឯង និងប្រទេសកម្ពុជា។ ដូចនេះពួកគាត់បានបញ្ចេញមតិច្រើនសម្រាប់អាណត្តិថ្មីនេះ ដែលពួកគាត់ធ្វើការសម្រេចចិត្តដោយខ្លួនឯង។
ជាចុងក្រោយលោក សាយ សំអាល់បានមានចំណាប់អារម្មណ៍ និងសំណូមពរឲ្យប្រជាជន និងយុវជនកម្ពុជាធ្វើការគិតគូរឲ្យបានច្បាស់ពីអនាគតរបស់ប្រទេសកម្ពុជាទាំងមូល។ ដូចនេះការសម្រេចចិត្តសម្រាប់ថ្ងៃទី ២៨ ខែ កក្កដា ខាងមុខនេះពិតជាមានសារៈសំខាន់ណាស់។
យុវជនតំណាងរាស្ដ្ររូបនេះបាននិយាយឲ្យដឹងទៀតថាប្រសិនបើយើងសម្រេចចិត្តត្រូវនោះប្រទេសរបស់យើងនឹងទទួលបាននូវសុខសន្តិភាព ស្ថិរភាពនិងធានាបាននូវការអភិវឌ្ឍប្រទេសទៅមុខទៀត៕


