ភ្នំពេញៈ កាសែតខ្មែរនៅថ្ងៃចន្ទនេះ ចាប់អារម្មណ៍ចុះផ្សាយព័ត៌មានខុសៗគ្នាលើទំព័រមុខខ្លួន។ កាសែតរស្មីកម្ពុជា ចាប់អារម្មណ៍រឿង អាជីវករតវ៉ាមុខសាលាខេត្តកំពង់ស្ពឺសុំឲ្យសម្តេចតេជោអន្តរាគម ផ្អាកការដោះដូរចំណតរថយន្ត និងសុំឲ្យអាជ្ញាធរខេត្តរឹតបន្តឹងក្រុមភាស៊ីដែលគាបសង្កត់អាជីវករ យកលុយច្រើនលើសពីសៀវភៅបន្ទុក។ ក្រៅពីនេះ កាសែតរស្មីកម្ពុជា ចាប់អារម្មណ៍រឿងសន្តិសុខសង្គមដូចជា កាន់កាំភ្លើងជ័រចូលប្លន់ផ្ទះលក់គ្រឿងទេសរួចលោតពីផ្ទះជាន់ទីមួយ បាក់ជើងម្ខាង និងរឿងថៅកែការ៉ាសសាំងបឹងត្របែកបាញ់ប្រពន្ធខ្លួនធ្លាយគូទ ហើយរត់បាត់ស្រមោល ដែលរឿងនេះ ត្រូវបានកាសែតនគរវត្តចាប់អារម្មណ៍ចុះផ្សាយលើទំព័រមុខខ្លួនផងដែរ។ ចំណែកឯកាសែត កម្ពុជាថ្មីវិញ បន្តចាប់អារម្មណ៍រឿងបាត់យន្តហោះម៉ាឡេស៊ីធ្វើជាព័ត៌មានធំលើទំព័រ មុខ្លួន ដោយបានដាក់ចំណងជើងថា សង្ស័យអាកាសយានិកចាប់ជំរិតប្លន់យន្តហោះខ្លួនឯង។ កាសែតរាយការណ៍ថា ក្រុមមន្ត្រីស៊ើបអង្កេតស្រាវជ្រាវរឿងបាត់យន្តហោះអាកាសចរណ៍ម៉ាឡេស៊ី មួយគ្រឿងនោះ បានធ្វើការសន្និដ្ឋានថា មានអាកាសយានិកម្នាក់ក្នុងចំណោមអាកាសយានិកនៃយន្តហោះនោះ ឬក៏មាននរណាម្នាក់ផ្សេងទៀតក្នុងចំណោមក្រុមអ្នកបញ្ជាការហោះហើរនោះបាន ចាប់ជំរិតប្លន់យន្តហោះ Boeing 777 ដែលបានបាត់ដាននោះ។ ក្រៅពីនេះកម្ពុជាថ្មី ចាប់អារម្មណ៍រឿង អាវុធហត្ថឃាត់ខ្លួនជនសង្ស័យម្នាក់ជាមួយគ្រឿងញៀន ៧០ កញ្ចប់និងម៉ាទឹកកកប្រភេទ (អាយ) ប្រមាណ៤០ក្រាម។ កាសែតនេះក៏បានចុះអត្ថបទព័ត៌មានដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះដែរថា កម្ពុជានៅតែបន្តទទួលរងឥទ្ធិពលពីការចរាចរគ្រឿងញៀនឆ្លងកាត់។
ក្រលេកមកចាប់អារម្មណ៍ព័ត៌មានរបស់កាសែត កោះសន្តិភាពវិញ ថ្ងៃនេះកាសែតកោះសន្តិភាពចាប់អារម្មណ៍រឿងពីរសំខាន់គឺ ព័ត៌មានការបក្សទី៣ របស់ព្រះអង្គ អ្នកវិភាគថា៖ សម្តេចក្រុមព្រះនឹងលំបាកសម្រាប់ការស្តារប្រជាប្រិយភាព និងមង្គលការកូនស្រីទោល របស់ប៉ុល ពតអតីតបងធំទី១ ខ្មែរក្រហម។ ក្រៅពីនេះលើទំព័រមុខកាសែតនេះ ក៏មានរំលេចរឿងសន្តិសុខសង្គមខ្លះដែរដូចជារឿង ប្រទះឃើញគ្រោងឆ្អឹងក្នុងព្រៃរបោះជាប់ព្រំដែនថៃនៅខេត្តបន្ទាយមានជ័យ និងរឿងទុក្ខស្ត្រីប្តីមិនឲ្យកាន់លុយ ចងកធ្វើអត្តឃាត ថ្ងៃបុណ្យសពប្តីប៉ងសម្លាប់ខ្លួនដោយចរន្តភ្លើងឆក់។ កាសែតនគរធំ នៅថ្ងៃនេះ ក៏ចាប់អារម្មណ៍រឿង សម្តេចក្រុមព្រះ បើកឆាកនយោបាយថ្ងៃនេះ ដោយបានដាក់ចំណងជើងថា សម្តេចក្រុងព្រះ ចេញស្ទាបស្ទង់កម្លាំងគាំទ្រព្រះជំហរដឹកនាំបក្សនយោបាយថ្មីផងដែរ។
ងាកមកកាសែត មនសិការខ្មែរវិញ នៅថ្ងៃនេះ កាសែតគាំទ្រគណបក្សសង្គ្រោះជាតិ បានចុះផ្សាយរឿង ថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជួបជាមួយតំណាងរាស្ត្រអូស្ត្រាលី និងជនរួមឈាមខ្មែរដែលកំពុងស្រេកឃ្លានក្នុងការផ្លាស់ប្តូរមេដឹកនាំ ថ្មី។ កាសែតនេះក៏មិនភ្លេចចុះផ្សាយព័ត៌មានរិះគន់រាជរដ្ឋាភិបាលដែរ ជាក់ស្តែងនៅថ្ងៃនេះ កាសែត មនសិការខ្មែរ បានដាក់ចំណងជើងថា ការបិទសិទ្ធិសេរីភាពប្រជាពលរដ្ឋខ្មែរក្នុងការធ្វើបាតុកម្មកំពុងត្រូវ សហភាពអឺរ៉ុបធ្វើការរិះគន់រដ្ឋាភិបាលហ៊ុន សែន យ៉ាងខ្លាំង។

