ដើម្បីសម្រេចមហិច្ឆតារបស់ខ្លួន យើងត្រូវចេះអភិវឌ្ឍទាំងចំណេះដឹងសមត្ថភាពនិងការតាំងចិត្ដខ្ពស់។ តើអ្នកមានបំណងចាប់យកអាហារូបករណ៍ទៅសិក្សានៅបរទេសដែរឬទេ?ទន្ទឹមនឹងការកើនឡើងនូវចំនួននិស្សិតចេញទៅក្រៅបរទេសនេះ សិស្ស-និស្សិតជាច្រើនទៀតមានការស្ទាក់ស្ទើរក្នុងការសាកល្បងដាក់ពាក្យអាហារូបករណ៍ដែលជាឱកាសសម្រាប់ពួកគេទៅវិញ។
ជាការពិតវាទាមទារលក្ខខណ្ឌជាច្រើនដែលពួកគេត្រូវពុះពារខណៈពេលសាកលវិទ្យាល័យបរទេសនានាបានផ្ដល់ឱកាសដល់និស្សិតកម្ពុជាទៅបន្ដការសិក្សានៅទីនោះ។ តើពួកគេត្រូវរួញរាអីទៀត?
លោក ស្រេង ម៉ៅ ជាប្រធានប្រចាំប្រទេសនៃមជ្ឈមណ្ឌលអូស្ត្រាលីសម្រាប់ការបណ្តុះបណ្តាល ដែលជាគ្រឹះស្ថានបណ្តុះបណ្តាលជំនាញ និងភាសាក្នុងការទទួលបានអាហារូបករណ៍ទៅសិក្សានៅបរទេសបានថ្លែងថា៖«ឆ្លៀតក្នុងឱកាសនេះខ្ញុំសូមបញ្ជាក់និងផ្តាំផ្ញើចំពោះនិស្សិតដែលមានបំណងចង់បន្តការសិក្សានៅបរទេសឲ្យបានជ្រាបថាការដាក់ពាក្យសុំអាហារូបករណ៍គឺជាការប្រកួតប្រជែង។ ក្រៅពីភាសាអង់គ្លេស នៅមានកត្តាសំខាន់ៗជាច្រើនទៀត ដូចជាការជ្រើសរើសមុខវិជ្ជា និងជំនាញសមស្របនឹងប្រវត្តិនៃការសិក្សា គោលដៅថ្ងៃអនាគត ភាពសមរម្យ ភាពច្បាស់លាស់និងភាពលេចធ្លោ»។
លោក ស្រេង ម៉ៅ បានលើកឡើងថា ដើម្បីដាក់ពាក្យសុំអាហារូបករណ៍ទៅសិក្សានៅបរទេសប្រកបដោយជោគជ័យនិស្សិត និងសិក្ខាកាមទាំងអស់គួរតែសិក្សាទៅលើកត្តាមួយចំនួន ១) ចំណេះដឹងភាសាអង់គ្លេស ២) មុខវិជ្ជាស្នើសុំដែលសមស្របតាមមុខជំនាញកំពុងសិក្សា ៣) ភាពសមរម្យ ច្បាស់លាស់ និងលេចធ្លោដែលអ្នកត្រូវបង្ហាញការតាំងចិត្ដកង្វះខាតនិងអ្វីដែលអ្នកចង់បានហើយតើអ្នកនឹងផ្ដល់ប្រយោជន៍អ្វីខ្លះដល់សង្គមជាតិនៅពេលត្រឡប់មកស្រុកវិញ។ ចុងក្រោយដំណាក់កាលសម្ភាសន៍អ្នកត្រូវបញ្ជាក់បន្ថែមទៅលើអ្វីដែលអ្នកបានសរសេរនៅក្នុងបែបបទស្នើសុំនោះដោយធ្វើយ៉ាងណាបង្ហាញពីការតាំងចិត្ដរបស់អ្នកប៉ុន្ដែត្រូវប្រាកដថា វាមិនស្មុគស្មាញ។
មនុស្សគ្រប់រូបអាចសម្រេចក្ដីសុបិន ឬបំណងប្រាថ្នារបស់ខ្លួនតាមរយៈការកំណត់គោលដៅជាក់លាក់។ ប្រសិនបើពួកគេមានគោលដៅច្បាស់លាស់គួបផ្សំនឹងការតាំងចិត្ដខ្ពស់ និងព្យាយាមឲ្យអស់ពីលទ្ធភាព ជោគជ័យនឹងស្ថិតនៅខាងមុខមិនខាន។តើអ្នកត្រូវធ្វើយ៉ាងណាទើបទទួលបានភាពជោគជ័យក្នុងការសិក្សា?
ជាក់ស្ដែង កញ្ញា យ៉ុង សុគន្ធី ដែលជានិស្សិតជាប់អាហារូបករណ៍ទៅសិក្សានៅសាលាបណ្ដុះបណ្ដាលជំនាញ Tokyo Shoukagakuin Specialized Training School ប្រទេសជប៉ុននិងកំពុងបន្តការសិក្សាផ្នែកគ្រប់គ្រងមុខជំនួញនៅទីនោះ បានជួបការលំបាកនៅពេលកញ្ញាបានដាក់ពាក្យសុំអាហារូបករណ៍ដែលខ្លួនធ្លាប់តែគ្មានជំនឿ។ កញ្ញាត្រូវប្រឡងមុខវិជ្ជាគណិតវិទ្យា ភាសាអង់គ្លេស និងជប៉ុន រួចបន្ដវគ្គសម្ភាសន៍ទៀត។ វាហុចលទ្ធផលគួរឲ្យភ្ញាក់ផ្អើលដែលកញ្ញាមានឱកាសទៅបន្ដការសិក្សានៅប្រទេសជប៉ុនថែមទៀត។
ពិតណាស់ ឱកាសនៃការសិក្សានេះ បានបង្រៀនកញ្ញាជាច្រើនទាំងបទពិសោធក្នុងការផ្លាស់ប្ដូរវប្បធម៌ ភាសា និងឯករាជភាពផងដែរ។
កញ្ញា បានចែករំលែកបទពិសោធថា កញ្ញាទទួលបានអាហារូបករណ៍នេះតាមរយៈការប្រឡងដែលរៀបចំឡើងដោយស្ថានទូតជប៉ុននៅជុំទីមួយរួចបន្ដទៅវគ្គសម្ភាសន៍ទើបដល់ការសរសេរពាក្យសុំទៅកាន់ក្រសួងអប់រំនៅប្រទេសជប៉ុនដែលត្រូវឆ្លងកាត់រយៈពេល៦ខែ។
ជាទូទៅ និស្សិតស្នើសុំអាហារូបករណ៍ត្រូវមានសមត្ថភាពផ្នែកភាសាបរទេសទាំងការសរសេរ និងនិយាយ។ ជួនកាលពួកគេត្រូវតែមានចិត្ដអំណត់ព្យាយាមពីព្រោះពួកគេខ្លះអាចជួបបរាជ័យជាច្រើនលើកច្រើនសា។
ពាក់ព័ន្ធនឹងបញ្ហានេះលោកបណ្ឌិត តាំង យូ ដែលជានាយកផ្នែកទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ ទទួលបន្ទុកផ្នែកអាហារូបករណ៍បានឲ្យដឹងថា៖ «កុំស្ទាក់ស្ទើរក្នុងការចាប់យកឱកាសនេះបើពួកគេពិតជាមានការតាំងចិត្ដខ្ពស់។ ប៉ុន្ដែបើយល់ថាខ្លួនមិនទាន់មានសមត្ថភាពគ្រប់គ្រាន់គួរតែខិតខំសិក្សាបន្ថែមទៀត។ កុំបាត់បង់ជំនឿចិត្ដលើខ្លួនឯងឲ្យសោះ»។
លោក បានបន្ដថា យើងទទួលស្គាល់ថា ភាសាអង់គ្លេសពិតជាតម្រូវការចាំបាច់ប៉ុន្ដែអាហារូបករណ៍មួយចំនួនទៀតគេពិចារណាលើជំនាញដែលនិស្សិតកំពុងសិក្សានៅសាកលវិទ្យាល័យ។ ពួកគេត្រូវមានជំនឿចិត្ដសមត្ថភាព ជំនាញច្បាស់លាស់និងការប្ដេជ្ញាចិត្ដ។
ទាំងនេះគឺជាការណែនាំរបស់អ្នកជំនាញ និងអ្នកមានបទពិសោធក្នុងការដាក់ពាក្យសុំអាហារូបករណ៍ ចូរយើងក្រឡេកមើលមតិរបស់និស្សិតមួយចំនួនវិញម្ដងមើល។
កញ្ញា ជាន ច័ន្ទសុជាតាជានិស្សិតឆ្នាំទី២ផ្នែកគណនេយ្យបានប្រាប់ថា៖ «ខ្ញុំចាប់អារម្មណ៍ចំពោះការដាក់ពាក្យទៅសិក្សានៅបរទេសណាស់ហើយខ្ញុំបានដាក់ពាក្យម្ដងប៉ុន្ដែមិនទទួលបានលទ្ធផលល្អសោះ។ ដូច្នេះ ខ្ញុំមិនហ៊ានសាកល្បងម្ដងទៀតឡើយ»។
កញ្ញា បានបន្ដថា ដោយសារតែមានការលើកទឹកចិត្ដពីក្រុមគ្រួសារ និងមិត្ដភក្ដិកញ្ញាខិតខំរៀនសូត្រនិងត្រៀមដាក់ពាក្យជាថ្មី។
ចំណែកឯកញ្ញា សុធា បញ្ញា ដែលជានិស្សិតឆ្នាំទី៣នៃវិទ្យាស្ថានភាសាបរទេសបានលើកឡើងថា៖ «ខ្ញុំដឹងថា វាគឺជាឱកាសដ៏ល្អប៉ុន្ដែខ្ញុំគ្មានជំនឿចិត្ដសោះ។ សូម្បីតែបងប្រុសរបស់ខ្ញុំដែលគាត់រៀនពូកែជាងខ្ញុំ គាត់មិនទាន់បានជោគជ័យផង»។
ប៉ុន្ដែកញ្ញានៅតែខិតខំរៀនសូត្រដើម្បីប្រឡងប្រជែងដណ្ដើមយកអាហារូបករណ៍នៅវេលាណាមួយដែលស័ក្ដិសម។
ស្រដៀងនឹងការណែនាំខាងលើដែរ លោក ម៉ែន សារ៉ុម ដែលជាសាស្ដ្រាចារ្យសាកលវិទ្យាល័យភូមិន្ទកសិកម្ម បានគូសបញ្ជាក់ថា៖ «អ្វីដែលសំខាន់នោះនិស្សិតគ្រប់រូបគួរតែយល់ដឹងនិងចេះនូវជំនាញចំណេះដឹងទូទៅ សមត្ថភាព និងជំនឿចិត្ដ»។លោក បន្ដថា ជំនាញដែលពួកគេកំពុងសិក្សានៅសាកលវិទ្យាល័យពិតជាសំខាន់ណាស់ពីព្រោះម្ចាស់ជំនួយភាគច្រើនបានដឹងនិងយល់ច្បាស់ពីស្ថានភាពរបស់និស្សិតកម្ពុជា។ ដូច្នេះ ពួកគេចង់ជួយបណ្ដុះបណ្ដាលធនធានមនុស្សក្នុងប្រទេសយើងឲ្យមានការអភិវឌ្ឍតាមរយៈអាហារូបករណ៍នេះ។
បច្ចុប្បន្នមាននិស្សិតជាច្រើនបានបញ្ចប់ការសិក្សាជារៀងរាល់ឆ្នាំប៉ុន្ដែជាទូទៅនិស្សិតបញ្ចប់ការសិក្សាពីបរទេសតែងតែត្រូវបានផ្ដល់អាទិភាពក្នុងការជ្រើសរើសការងារ។
ឱកាសមិនអាចរត់មករកមនុស្សទេប្រសិនបើអ្នកជួបបរាជ័យថ្ងៃនេះ យ៉ាងហោចណាស់វាអាចក្លាយជាបទពិសោធសម្រាប់ការសាកល្បងជាថ្មីទៀត។និស្សិតទាំងអស់ត្រូវបានលើកទឹកចិត្តឲ្យខិតខំប្រឹងប្រែងរៀនសូត្រឲ្យអស់ពីសមត្ថភាពរួចកសាងទំនុកចិត្តសម្រាប់ខ្លួនឯងក្នុងការដាក់ពាក្យទៅសិក្សានៅក្រៅប្រទេស។ យើងរៀនពីបទពិសោធដែលយើងជួបប្រទះ និងចាប់ផ្តើមជម្នះនូវឧបសគ្គដើម្បីសម្រេចគោលដៅ៕

