
ការវះកាត់សម្ផស្សច្រមុះនៅប្រទេសកម្ពុជាយើង ក៏ដូចជាបណ្ដាប្រទេសនៅទ្វីបអាស៊ី មានការកើនឡើងគួរឲ្យកត់សម្គាល់។ ការវះកាត់កែសម្ផស្សច្រមុះឈរលើលំដាប់ខ្ពស់ជាងគេបន្ទាប់ពីការវះកាត់ធ្វើត្របកភ្នែកពីរជាន់។
ទន្ទឹមនឹងនោះ យើងសង្កេតឃើញថា បញ្ហាមួយចំនួនធំដែលបណ្ដាលមកពីការវះកាត់មិនបានត្រឹមត្រូវ ឬការប្រើនូវប្រភេទឆ្អឹងសិប្បនិម្មិតក៏បង្កឲ្យមានបញ្ហាដូចជាការរលាក ការឈឺចាប់ ការបង្ករោគ ឬលទ្ធផលពុំសមស្របជាដើម។
ភាគច្រើននៃស្ត្រីដែលអញ្ជើញមកធ្វើការពិភាក្សាដើម្បីធ្វើការវះកាត់កែច្រមុះ គាត់ពុំសូវបានគិតដិតដល់ពីបញ្ហាក្នុងការដកដង្ហើមដែលបណ្ដាលមកពីការវៀចឆ្អឹងខ្ចីខាងក្នុង ឬក៏មានបញ្ហាទាក់ទងជាមួយសាច់ខាងក្នុងនៃច្រមុះឡើយ។ ពួកគាត់តែងតែធ្វើការពិភាក្សាទៅលើទ្រង់ទ្រាយច្រមុះតែប៉ុណ្ណោះ។
ហេតុនេះហើយ យើងសង្កេតឃើញថា ក្រោយការវះកាត់ ទោះបីជាច្រមុះរបស់គាត់មានរាងសមសួនក្ដី ក៏ប៉ុន្តែគាត់អាចមានបញ្ហាមួយចំនួនដូចជាការវៀចឆ្អឹងខ្ចីខាងក្នុងដែលធ្វើឲ្យការដកដង្ហើមពុំបានស្រួល។ ដូច្នេះវាជាការចាំបាច់ណាស់ដែលយើងត្រូវគិតថា ការកែសម្ផស្សច្រមុះត្រូវដើរទន្ទឹមគ្នាជាមួយនឹងការរក្សានូវតួនាទីនៃខ្យល់ដកដង្ហើមរបស់យើង។
តម្រូវការខ្ពស់នៃការវះកាត់គឺការធ្វើឲ្យក្ដោងច្រមុះរបស់យើងខ្ពស់ ដែលអាចទទួលបានតាមរយៈការប្រើប្រាស់ប្រភេទអ៊ីមភ្លែន ឬឆ្អឹងសិប្បនិម្មិត និងការបណ្ដុះ ឆ្អឹងខ្ចីដែលទទួលបានពីឆ្អឹងត្រចៀក ឬឆ្អឹងជំនីររបស់យើង។ ការវះកាត់នីមួយៗតែងផ្ដល់នូវផលវិបាក និងផលចំណេញខុសៗគ្នាទៅតាមបទពិសោធរបស់វេជ្ជបណ្ឌិត និងការប្រើប្រាស់នូវប្រភេទអ៊ីមភ្លែនទាំងនោះ។
ការប្រើប្រាស់នូវប្រភេទអ៊ីមភ្លែនដែលដាក់បញ្ចូលទៅក្រោមស្បែក គឺមានលក្ខណៈងាយស្រួលនិងឆាប់រហ័សដែលវិធីសាស្ត្រនេះអាចអនុវត្តបានសឹងតែគ្រប់វេជ្ជបណ្ឌិត។ ដោយឡែកការប្រើប្រាស់នូវការបណ្ដុះឆ្អឹងខ្ចីទាមទារចាំបាច់នូវបទពិសោធពិតប្រាកដមួយរបស់វេជ្ជបណ្ឌិត គួបផ្សំនឹងទីកន្លែងនៃការវះកាត់ត្រឹមត្រូវដើម្បីចៀសវាងនូវបញ្ហាផ្សេងៗទាក់ទងនឹងការបង្ករោគ ឬក៏ការប្រើប្រាស់នូវថ្នាំសន្លប់ជាដើម។
ចំណុចខ្សោយមួយរបស់អតិថិជនយើងដែលអញ្ជើញមកធ្វើការពិភាក្សាលើការវះកាត់កែច្រមុះគឺទាក់ទងនឹងចំណេះដឹងពិតប្រាកដនៃវិធីសាស្ត្រវះកាត់ និងសម្ភារដែលត្រូវការប្រើប្រាស់ក្នុងការវះកាត់។ ពួកគាត់ជាអតិថិជនភាគច្រើនផ្ដោតសំខាន់តែទៅលើលទ្ធផល និងតម្លៃនៃការវះកាត់និងពុំបានគិតទៅលើគុណភាព ឬផលវិបាកនៃការវះកាត់ឡើយ។ គាត់ច្រើនតែធ្វើការសម្រេចចិត្តដោយផ្អែកតែទៅលើសម្ដីរបស់វេជ្ជបណ្ឌិត ឬការណែនាំរបស់មិត្តភក្ដិដែលធ្លាប់ទទួលការវះកាត់កន្លងមកប៉ុណ្ណោះ។
ហេតុនេះហើយយើងសង្កេតឃើញថា មានបញ្ហាជាច្រើនកើតឡើងក្រោយការវះកាត់ទាំងនេះ។ បញ្ហាសំខាន់បំផុតដែលកើតឡើងគឺទាក់ទិននឹងការប្រើប្រាស់អ៊ីមភ្លែនពុំបានត្រឹមត្រូវ ដែលអាចបង្កឲ្យមានសភាពក្រហមនៅចុងច្រមុះ ឬការរលួយស្បែកចុងច្រមុះ បណ្ដាលមកពី ការប្រើប្រាស់នូវអ៊ីមភ្លែនមានលក្ខណៈរឹង និងធំពេក ដែលធ្វើឲ្យមានការថយចុះនូវប្រភេទសរសៃឈាមចិញ្ចឹមស្បែក។
យើងធ្លាប់បានឃើញស្ត្រីមួយចំនួនដែលមានការធ្លាយអ៊ីមភ្លែនធ្វើពីស៊ីលីកូនចេញមកក្រៅ ជាពិសេសនៅចុងច្រមុះ។ វាគឺជាផលវិបាកមួយដែលពិបាកក្នុងការកែបញ្ហានេះឡើងវិញ។ អ្នកត្រូវចងចាំថា គ្រាន់តែមានបញ្ហាខុសតែបន្តិចនៅលើច្រមុះគឺអាចធ្វើឲ្យយើងកត់សម្គាល់បានភ្លាម ខុសពីបញ្ហាលើផ្ទៃមុខ ឬដងខ្លួនយើងដែលពុំសូវត្រូវបានកត់សម្គាល់ទោះជាមានការខុសគ្នា ឬមិនស្មើគ្នាក្ដី។
ក្នុងករណីមួយចំនួនដែលការស៊កបញ្ចូលអ៊ីមភ្លែននៅក្រោមស្បែកស្ដើងពេក អាចធ្វើឲ្យយើងសង្កេតឃើញថា អ៊ីមភ្លែនហាក់បីដូចជានៅក្រោមស្បែកស្រស់ៗតែម្ដង។ ករណីនេះក៏អាចធ្វើឲ្យមានការបន្លាស់ទីនៃអ៊ីមភ្លែនពីកន្លែងមួយទៅកន្លែងមួយទៀតដោយសារតែស្បែករបស់យើងពុំអាចរក្សាវានៅទីកន្លែងណាមួយពិតប្រាកដបាន។ ជួនកាល ការកែច្រមុះក៏អាចធ្វើឲ្យយើងមើលឃើញថា នៅលើច្រមុះហាក់ដូចជាមានដុំឈើមួយមកបន្តុបពីលើ។
លក្ខណៈសំខាន់នៃការវះកាត់កែច្រមុះគឺធ្វើយ៉ាងណាឲ្យវាមានភាពសមសួននឹងផ្ទៃមុខបែបធម្មជាតិ និងចៀសវាងនូវការសម្គាល់ឃើញនូវខ្ទង់ច្រមុះសិប្បនិម្មិតដែលអណ្ដែតលើផ្ទៃមុខ។
ជាងនេះទៅទៀត ផលវិបាកមួយទៀតគឺការបង្ករោគដែលបណ្ដាលមកពីការប្រើប្រាស់នូវសម្ភារមិនបានសម្លាប់មេរោគត្រឹមត្រូវ។ វាគឺជាកង្វល់មួយយ៉ាងពិតប្រាកដចំពោះសុខភាព។ វាពុំត្រឹមតែធ្វើឲ្យបាត់បង់នូវសម្រស់ច្រមុះប៉ុណ្ណោះទេ ប៉ុន្តែក៏អាចបង្កជាបញ្ហាឆ្លងរោគធ្ងន់ធ្ងររហូតដល់បាត់បង់ជីវិតក៏មាន។
សូមរង់ចាំសិក្សាស្វែងយល់ពីប្រធានបទនេះបន្តនៅថ្ងៃពុធសប្ដាហ៍ក្រោយ។
អត្ថបទនេះចូលរួមចែករំលែកដោយ Pearl Medical Cabinet ដែលអាចទាក់ទងតាមលេខ ០៨៨ ៣៣ ៧៧ ៧៧៧ និងគេហទំព័រ www.pearlmedicalcenter.net៕


