យុវជន ទូច យិនមុនី អាយុ២៧ឆ្នាំ ជាអតីតនិស្សិតផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញហើយកំពុងបន្តថ្នាក់អនុបណ្ឌិតសិល្បះភាពយន្ត នៃឯសាកលវិទ្យាល័យ Asian Academy of Film and Television នៅទីក្រុងញូវដែលី ប្រទេសឥណ្ឌា។
លោក បានឲ្យដឹងថា៖ «មានចំនួន៧ប្រទេសហើយ ដែលខ្ញុំបានទៅរៀន និងផ្លាស់ប្តូរកម្មវិធីសិក្សាដូចជា ប៊ែលហ្ស៊ីក អាល្លឺម៉ង់ បារាំង អាមេរិក វៀតណាម ថៃ និងឥណ្ឌា»។
ពេលចេញទៅបរទេសម្តងៗ លោកត្រូវត្រៀមលក្ខណៈឲ្យបានរួចរាល់ជាស្រេច ដើម្បីកុំឲ្យមានបញ្ហាពេលធ្វើដំណើររួមមាន៖
១- ភាសារបរទេសជាពិសេស ភាសារអង់គ្លេសមានសារៈសំខាន់ក្នុងការដាក់ពាក្យទៅសិក្សា
២- បទពិសោធការងារ និងចំណេះដឹងទូទៅក៏ជាផ្នែកមួយសំខាន់ដែរ
៣- ឯកសារពាក់ព័ន្ធផ្សេងៗ សញ្ញាបត្រទី១២ និងមហាវិទ្យាល័យ រូបថតកាត សៀវភៅគ្រួសារ និង សម្ភារៈសិក្សាផ្សេងៗ
៤- ត្រូវស្វែងយល់ពីទីតាំងដែលយើងនឹងត្រូវទៅ ថាតើជាតំបន់ប្រភេទណា? ការរស់នៅទីនោះយ៉ាងណាដែរ អាកាសធាតុ និងអាហារ ជាដើម
៥- គួរតែស្វែងរកសមាគមនិស្សិតខ្មែរនៅទីនោះ(បើមាន) បើអត់ ត្រូវទាក់ទងសាលាមុនដើម្បីងាយស្រួលពេលធ្វើដំណើរទៅដល់ទីនោះ ឬទាក់ទងសាលាឲ្យជួយរកកន្លែងស្នាក់នៅឲ្យ
៦- ត្រូវសិក្សាពីកម្មវិធីសិក្សានៅទីនោះឲ្យហើយ ដើម្បីងាយស្រួលក្នុងពេលរៀន
៧- គួរតែបម្រុងនូវម្ហូបក្រៀមៗខ្លះ (ខ្លាចមិនទាន់ទម្លាប់នឹងអាហារនៅឯបរទេស)
៨- ជ្រើសរើសខោអាវណាដែលសាកសមនឹងអាកាសធាតុនៅទីនោះ
៩- ស្វែងយល់ពីសញ្ញាអន្តរជាតិឲ្យបានច្រើន រៀនសង្កេតមើលគេឲ្យបានច្រើនមុននឹងធ្វើអ្វីមួយ
១០- លុយគួរតែត្រៀមមួយចំនួនតាមខ្លួន (ដូរជារូបិយប័ណ្ណស្រុកគេ) ថ្នាំសង្កូវផ្សេងៗ គួរតែបម្រុងខ្លះផងដែរ
១១- ប្រទេសខ្លះអត់មានទូតនៅខ្មែរទេ ដូច្នេះគួរបំពេញបែបបទឲ្យបានរហ័សដើម្បីងាយស្រួលក្នុងការសុំទិដ្ឋាការ
ប្រសិនបើយើងបានត្រៀមមុននោះ បញ្ហាផ្សេងៗប្រាកដជាអាចកាត់បន្ថយបាន ហើយយើងនឹងមានពេលវេលាគ្រប់គ្រាន់សម្រាប់ការសិក្សា ដើម្បីទទួលបានជោគជ័យ៕

