យើងគ្រប់គ្នាបានដឹងហើយថា ការសិក្សាមិនមានទីបញ្ចប់នោះទេ រៀនច្រើនកាលណា ចេះច្រើនកាលនោះ។ ដោយមានចិត្តអំណត់និងព្យាយាមក្នុងការសិក្សាបានប្រែក្លាយយុវជនមកពីតាមខេត្តឲ្យក្លាយជានាយកក្រុមហ៊ុនEntrepreneur Consulting។
ផ្តើមចេញពីគ្រួសារជាអ្នកជនបទនៃខេត្ត បន្ទាយមានជ័យ លោក ហ៊ឹម សីហា វ័យ៣០ឆ្នាំ បច្ចុប្បន្នជានាយកក្រុមហ៊ុន Entrepreneur Consulting ធ្លាប់បានឆ្លងកាត់នូវលទ្ធផលវិជ្ជមាន និងអវិជ្ជមានស្ទើរតែរាប់មិនអស់ក្នុងឆាកជីវិតសិក្សារបស់លោក។
រំឭកដល់អតីតកាលវិញ លោកគឺជាមនុស្សដែលបានឆ្លងកាត់ការសិក្សាមកយ៉ាងលំបាកទម្រាំតែបានមកដល់ថ្ងៃនេះ។ ដោយមានមហិច្ឆតាចង់ក្រេបជញ្ជក់យកចំណេះវិជ្ជាឲ្យបានកាន់តែខ្ពង់ខ្ពស់ គឺលោកសិក្សានៅឯភូមិកំណើតបានត្រឹមតែថ្នាក់ទី៩ប៉ុណ្ណោះ ហើយសម្រេចចិត្តចាកចេញពីផ្ទះដែលនៅចុងកាត់មាត់ញកមករស់នៅជាមួយឪពុកមាក្នុងទីរួមខេត្តវិញ។
បន្ទាប់ពីសម្រេចចិត្តរួចលោកឈានមួយជំហានទៀតទៅកាន់ថ្នាក់មហាវិទ្យាល័យ។ មុននឹងសម្រេចចិត្តចូលសិក្សាថ្នាក់មហាវិទ្យាល័យនោះ លោកនិងមិត្តភក្តិឯទៀត បានចូលទៅបំប៉ននូវវិជ្ជារបស់ខ្លួនក្នុងថ្នាក់ត្រៀមសម្រាប់មហាវិទ្យាល័យ។ ថ្នាក់បំប៉នបានបញ្ចប់ លទ្ធផលបង្ហាញថា ពិន្ទុរបស់លោកគឺមិនសូវជាល្អសោះ។ ក្នុងពេលនោះដែរ មានស្រ្តីម្នាក់ដែលជាមិត្តភក្តិរួមថ្នាក់របស់លោក បានពោលនូវសម្តីបញ្ឈឺចិត្តក្នុងន័យមាក់ងាយដល់លោកថា៖ «គ្មានអីគួរឲ្យអស្ចារ្យទេ!» ដែលសម្តីមួយឃ្លានេះ ហាក់ដូចជាប្រយោគពិឃាតមួយ ដែលចូលមកចាក់សម្លាប់នូវភាពខ្ជិលច្រអូស អំនួត និងការមិនឲ្យតម្លៃលើការសិក្សារបស់លោកឲ្យភ្ញាក់រឭកឡើងវិញ។
ចាប់តាំងពីពេលនោះមក លោកបានខិតខំសិក្សាឲ្យកាន់តែខ្លាំងជាងមុន ដើម្បីកុំឲ្យមានគេមាក់ងាយគាត់ទៀត។ នៅឆ្នាំ២០០៤ ជាឆ្នាំថ្មីមួយសម្រាប់លោក ក្នុងការបង្ហាញឲ្យមនុស្សគ្រប់រូបបានដឹងថា លោកមិនមែនជានិស្សិតមិនបានការនោះទេ។ ដោយបានតាំងចិត្តប្រឹងប្រែងរៀបចំនូវគោលដៅជីវិតសាជាថ្មី រួមទាំងមានកាលវិភាគសិក្សាសម្រាប់ខ្លួនច្បាស់លាស់ និងចំណាយពេលវេលាទាំងស្រុងលើការសិក្សានោះ បានធ្វើឲ្យលោកទទួលបានរហស្សនាមថ្មីមួយពីមិត្តរួមថ្នាក់ថា «វចនានុក្រមទីពីរ»។
លោកបានបង្ហើបអំពីគន្លឹះថា៖ «ព្រលឹមឡើងត្រូវទន្ទេញមេរៀន និងពាក្យអង់គ្លេសថ្មីៗ។ ចំណែកពេលថ្ងៃ និងយប់ ឲ្យតែធ្វើកិច្ចការសាលារួច គឺយកសៀវភៅ TOEFL មកធ្វើលំហាត់ ហើយសៀវភៅ TOEFL មានស្ទើរតែគ្រប់ក្បាលហើយ លើកលែងតែប្រភេទIBT មួយទេ ពីព្រោះសម័យនោះអ៊ីនធឺណិតមិនទាន់ពេញនិយម»។
រយៈពេលបួនឆ្នាំនៃការប្រឹងប្រែងក្នុងថ្នាក់មហាវិទ្យាល័យ លោកទទួលបាននូវចំណាត់ថ្នាក់ល្អស្ទើរតែគ្រប់មុខវិជ្ជាទាំងអស់ ដែលធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីសំណាក់អ្នកនៅជុំវិញខ្លួន។
ម្តងនេះ លោកត្រាច់ចរតែឯងសាជាថ្មីមកកាន់ទឹកដីស៊ីវិល័យនិងជាបេះដូងនៃប្រទេសផងដែរ។ ភ្នំពេញ គឺជាកន្លែងដ៏ប្លែកបំផុតសម្រាប់លោក ហើយក៏ជាកន្លែងដែលលោកត្រូវតស៊ូម្តងទៀត។ ដោយទទួលបានការជួយទំនុកបម្រុងពីមិត្តភក្តិ លោកមានកន្លែងស្នាក់នៅយ៉ាងសុខស្រួល ក្រោមដំបូលដ៏កក់ក្តៅនៃវិហារចិនមួយនៅម្តុំទួលសង្កែ។ ហេតុតែមានចំណេះ និងជំនាញភាសាអង់គ្លេសស្រាប់ លោកបានក្លាយជាគ្រូបង្រៀនភាសាអង់គ្លេសម្តងទៀតក្នុងកន្លែងដែលលោកស្នាក់អាស្រ័យ។
ដោយសារតែលោកស្រឡាញ់និងមានចំណូលចិត្តផ្នែកសរសេរភាសាអង់គ្លេសផងនោះ លោកបានក្លាយខ្លួនជាអ្នកកាសែតមួយរូបប្រចាំទស្សនាវដ្តី Economic Today។ អាជីពថ្មីក្នុងវិស័យសារព័ត៌មាននេះ បានចាប់ផ្តើមឡើងក្នុងឆ្នាំ២០១០នេះ ហើយលោកបានចំណាយពេល១ឆ្នាំ៨ខែក្នុងស្ថាប័នខាងលើដែលជាលទ្ធផល អត្ថបទរបស់លោកមួយដែលទាក់ទងនឹងបរិស្ថានបានទទួលចំណាត់ថ្នាក់លេខ ៣ ក្នុងកម្មវិធី Environmental of Asia Pacific។ បន្ទាប់ពីនោះ លោកបានឡើងតំណែងជា និពន្ធនាយករបស់ស្ថាប័នកាសែតក្នុងស្រុកមួយអស់រយៈពេលកន្លះឆ្នាំ មុននឹងលោកចាប់ផ្តើមបើកនូវក្រុមហ៊ុនផ្ទាល់ខ្លួនដែលមានឈ្មោះ Entrepreneur Consulting។
ជាចុងក្រោយលោក សីហា សូមផ្តាំផ្ញើឲ្យយុវជនគ្រប់រូបគួរតែចេះលៃលកពេលវេលាសិក្សា និងពេលវេលាសម្រាប់កម្សាន្ដឲ្យបានច្បាស់លាស់ ហើយប្រឹងសិក្សាយកចំណាត់ថ្នាក់ល្អ និងចំណេះមកជូនលោកអ្នកមានគុណ និងសាងខ្លួនឲ្យរឹងមាំដើម្បីក្លាយជាសសរទ្រូងសម្រាប់ចូលរួមអភិវឌ្ឍសង្គម៕

