ប្រជាពលរដ្ឋ ខ្មែរមួយចំនួនតែងតែប្រាថ្នាចង់ទៅរស់នៅបរទេសពីព្រោះពួក គេគិតថា វាងាយស្រួលរកការងារធ្វើជាងនៅស្រុកខ្មែរហើយបានប្រាក់ខែច្រើន។ ផ្ទុយមកវិញ វាមិនសុទ្ធតែដូចការគិតរបស់ពួកគាត់ទាំងអស់នោះឡើយ។
ចំពោះបទពិសោធធ្វើការងារនៅស្រុកគេ អ្នកនាង ម៉េង មួយស័ង្ស អាយុ២៣ឆ្នាំ បានប្រាប់អំពីដំណើរជីវិតរបស់ខ្លួនថា៖ «មុនពេលទៅរស់នៅទឹកដីអាមេរិកខ្ញុំក៏ធ្លាប់គិតថា ការរស់នៅទីនោះងាយស្រួលរកការងារធ្វើដែរ សូម្បីតែជាការងារបេះផ្លែឈើ។ ប៉ុន្ដែខ្ញុំបានផ្លាស់ប្ដូរគំនិតនេះតាំងពីខ្ញុំបានជាន់លើដីអាមេរិកជាលើកដំបូង»។
គួរបញ្ជាក់ថា អ្នកនាង មួយស័ង្ស គឺជាកូនទី២ក្នុងគ្រួសារដែលប្រកបអាជីវកម្មនៅភ្នំពេញបានបញ្ចប់ការសិក្សានៅវិទ្យាល័យក្នុងឆ្នាំ២០០៩ និងបន្ដទៅសិក្សាមហាវិទ្យាល័យថែមទៀតផង។
ដោយមានការជំរុញពីក្រុមគ្រួសារនៅស្រុកខ្មែរ និងបងប្អូននៅអាមេរិកអ្នកនាង មួយស័ង្សបានសម្រេចចិត្ដវេចបង្វេចឃ្លាតឆ្ងាយស្រុកកំណើតទៅកាន់ទឹកដីស៊ីវិល័យមួយនេះ។
ទៅដល់ទីនោះភ្លាម អ្នកនាងបានចូលបម្រើការងារនៅក្នុងហាងលក់អាហារមួយក្នុងរដ្ឋ Pittsburgh ដែលមានតួនាទីជាចុងភៅ ជាអ្នករត់តុ និងអ្នកគិតលុយផងពីព្រោះហាងនោះមានបុគ្គលិកតែប៉ុន្មាននាក់ប៉ុណ្ណោះ។ ជាទូទៅ អ្នកនាងត្រូវចូលធ្វើការចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង៤ភ្លឺហើយពីថ្ងៃអង្គារដល់ថ្ងៃអាទិត្យ ហើយធ្វើដំណើរដោយថ្មើរជើងរយៈពេល៧នាទី។
បុគ្គលិកដែលមានតួនាទីច្រើនរូបនេះ បាននិយាយក្នុងទឹកមុខមិនពេញចិត្ដថា៖ «ខ្ញុំពិតជាមិនចង់ធ្វើការវេន យប់នោះទេ ប៉ុន្ដែខ្ញុំគ្មានជម្រើសក្រៅពីនេះឡើយ»។
ថ្វីដ្បិតតែអ្នកនាងធ្វើការនឿយហត់យ៉ាងណាក៏ដោយក៏អ្នកនាងពិតជាសប្បាយចិត្ដណាស់នៅពេលភ្ញៀវដែលមកទទួលទានអាហារនៅទីនោះ បានកោតសរសើរចំពោះស្នាដៃរបស់អ្នកនាង។
ម្យ៉ាងវិញទៀត អ្នករស់នៅផ្ដុំនោះជាមនុស្សរួសរាយរាក់ទាក់និងចេះជួយគ្នាទៅវិញទៅមកមិនប្រកាន់ពូជសាសន៍ឡើយ។
ចំពោះសន្ដិសុខនៅទីនោះវិញអ្នកនាងបានប្រាប់នៅពេលដែលក្រុមនិស្សិតភាគច្រើនចេញផឹកស៊ីនៅថ្ងៃចុងសប្ដាហ៍ជួនកាលពួកគេវាយតប់គ្នាដ៏រញ៉េរញ៉ៃក៏មានដែរ។
ចុងភៅរូបនេះដែលតែងតែត្រឡប់មកលេងផ្ទះនៅស្រុកខ្មែរមួយឆ្នាំម្ដងជាប្រចាំបានប្រាប់ពីក្ដីស្រមៃរបស់ខ្លួនថា៖ «ខ្ញុំចង់បើកហាងលក់អាហារស៊ូស៊ីជប៉ុនដោយខ្លួនឯងហើយខ្ញុំសង្ឃឹមថា ខ្ញុំនឹងអាចសម្រេចនូវគោលបំណងនេះ»។
ជាចុងក្រោយ អ្នកនាង មួយស័ង្ស បានផ្ដាំផ្ញើរថា៖ «ជីវិតរស់នៅស្រុកគេមិនងាយស្រួលដូចការរស់នៅក្នុងស្រុកខ្មែរយើងដែលចង់ធ្វើអ្វីក៏ធ្វើបាននោះទេ។ នៅទីនោះយើងគ្មានជម្រើសអ្វីក្រៅតែពីការងារប្រើកម្លាំងបាយឡើយ»៕

