ប្រសិនបើអ្នកគ្មានពេលចេញទៅក្រៅ ឬក៏បរិវេណផ្ទះមិនធំទូលាយ អ្នកគ្រាន់តែរកទីកន្លែងណាមួយសមល្មមដែលមិនប៉ះពាល់ដល់អ្នកដទៃ។ ចាប់ផ្ដើមពត់ពេនខ្លួនហក់លោតចុះឡើងៗ និងលេងត្រែះបាល់ដើម្បីបញ្ចេញញើសនិងសារធាតុពុល។ វាអាចបំបាត់ការស្ពឹកស្រពន់សព្វអស់ទាំងខ្លួនដែលអាចបណ្ដាលមកពីការងារដ៏គួរឲ្យធុញថប់ និងអង្គុយយូរពេក៕
រៀនយោគរដោយងាយៗ
កីឡាមិនតម្រូវឲ្យអ្នកប្រើកម្លាំងហក់លោតខ្លាំងៗនោះទេប៉ុន្ដែវាជាកាយវិកាពត់ពេនយឺតៗ។ អ្នកអាចអង្គុយពែនភ្នែននិងផ្ងារបាតដៃទាំងសងខាងត្រួតលើគ្នាពីលើជើងរបស់អ្នករួចធ្វើចលនាដង្ហើមមួយៗឲ្យបានច្រើនដង។ដេកសណ្តូកដងខ្លួនហើយធ្វើចលនាដង្ហើម ឬក៏ងើបឈរធ្វើចលនាដៃជើងទៅមុខទៅក្រោយឡើងលើចុះក្រោម។ ប៉ុន្តែសូមចងចាំថាគ្រប់កាយវិកាទាំងអស់មានសភាពយឺតៗស្របទៅតាមចលនាដកដង្ហើមជានិច្ច។នៅពេលព្រឹកព្រលឹមអ្នកគួរតែព្យាយាមហាត់កីឡាយោគរនេះឲ្យបានកន្លះម៉ោងក្នុងមួយថ្ងៃ៕
ហាត់ប្រាណបង្អួតសាច់ដុំស្អាត
ដើម្បីឲ្យរូបរាងមានភាពស្រស់សង្ហាបុរសគ្រប់រូបគួរតែមានសាច់ដុំខ្លះ។បើចង់បានសាច់ដុំទ្រូងអ្នកត្រូវប្រើឧបករណ៍ហែកទ្រូង តែបើចង់បានសាច់ដុំដៃអ្នកអាចលើកដុំដែក ឬឧបករណ៍សម្រាប់ជំនួយសាច់ដុំគូទជាដើម។ចំពោះទម្ងន់សម្រាប់លើកយកសាច់ដុំ វាអាស្រ័យលើកម្លាំងរបស់មនុស្សម្នាក់ៗដើម្បីទទួលបានសុខភាពមាំមួនហើយអ្នកត្រូវទទួលទានអាហារបំប៉នដូចជាស៊ុតឲ្យបានច្រើនផងដែរពីព្រោះស៊ុតអាចជួយបង្កើនសាច់ដុំឲ្យអ្នក៕
រាំលេងកម្សាន្ដនៅផ្ទះដើម្បីសុខភាពល្អ
តើលោកអ្នកជាមនុស្សដែលមានភាពខ្មាសអៀនមិនហ៊ានហាត់រាំជាសាធារណៈមែនទេ?បើដូច្នេះមែនលោកអ្នកក៏កុំមានក្តីបារម្ភពីព្រោះលោកអ្នកអាចហាត់រាំនៅផ្ទះតែម្នាក់ឯងបានដោយគ្រាន់តែជ្រើសរើសបទចម្រៀងដែលអ្នកចូលចិត្តហើយបន្ធូរអារម្មណ៍ និងធ្វើកាយវិការទៅតាមចង្វាក់ភ្លេងនោះដើម្បីដុតជាតិខ្លាញ់លើស ហើយដងខ្លួនរបស់អ្នកអាចរក្សានូវតុល្យភាពនៃទម្ងន់។រាំកម្សាន្ដផង និងបង្កើនសុខភាពល្អផងដែរ៕
ហាត់ហែលទឹកដោយវិធីងាយៗ
ចាប់ផ្ដើមពីការផ្សាំទឹករាក់និងរៀនអត់ដង្ហើមក្នុងទឹកជាមុនសិនទើបមុជហែលជាមួយនឹងកាយវិការព្រមគ្នារបស់ដៃនិងជើងដើម្បីជំរុញដងខ្លួនឲ្យទៅមុខ។ អនុវត្ដវិធីងាយៗនេះជាប្រចាំអ្នកនឹងមានអារម្មណ៍ថា អ្នកប្រាកដជាអាចហែលទឹកបានជាមិនខាន។ ដើម្បីសុវត្ថិភាពអ្នកគួរតែរៀនហែលដោយប្រើពោងការពារដែលអាចជួយសម្រួលដល់ការហែលរបស់អ្នក។ យ៉ាងណាមិញ អ្នកមិនគួររៀនហែលទឹកតែម្នាក់ឯងដោយគ្មានអ្នកចេះហែលមកជួយឃ្លាំមើលទេ៕

