
ក្រុមអតីតក្មេងរស់នៅគំនរសំរាមស្ទឹងមានជ័យកាលពីឆ្នាំ២០០៤-២០០៥ ចំនួន ៣០ រូប ទើបតែបញ្ចប់ការសិក្សាសាកលវិទ្យាល័យ។ ស្រេង ម៉េងស្រ៊ុន
ភ្នំពេញៈ អតីតជាក្មេងធ្លាប់រស់នៅតំបន់គំនរសំរាមស្ទឹងមានជ័យ នាអំឡុងឆ្នាំ ២០០៤-២០០៥ ដែលគេស្គាល់គ្រប់ៗគ្នា មានចំនួន ៣០ រូប បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ក្រោយពីពួកគេត្រូវអង្គការ Cambodian Children’sFund (CCF) សង្គ្រោះដំបូងគេមកនោះ។ នេះបើតាមការប្រារព្ធពិធីផ្តល់កិត្តិយសដល់កុមារមួយចំនួន ដែលត្រូវអង្គការ CCF ធ្វើឡើងដើម្បីចារឹកជាព្រឹត្តិការណ៍ក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន នៅបរិវេណសាលា Neeson Cripps Academy កាលពីថ្ងៃទី ២០ ខែធ្នូ ឆ្នាំ២០១៨ កន្លងមក ដោយមានលោក ស្កុតនីសុន ជាស្ថាបនិកអង្គការ។
ពិធីមួយនេះ គឺជាការប្រារព្ធឡើង ដើម្បីផ្តល់កិត្តិយសដល់និស្សិតសរុបចំនួន ៣០ នាក់ដែលបានទើបតែបញ្ចប់ការសិក្សា និងទទួលបានសញ្ញាបត្ររបស់ពួកគេ។
នៅក្នុងចំណោមនិស្សិតទាំងនេះមាននិស្សិតមួយចំនួនគឺជាកុមារ ដែលត្រូវបានរកឃើញដំបូងគេ នាពេលកំពុងធ្វើការ និងរស់នៅទីកន្លែងចាក់សំរាមកាលពីឆ្នាំ ២០០៤ និងឆ្នាំ ២០០៥។
និស្សិតទាំងអស់នេះបានឆ្លងកាត់កម្មវិធីអប់រំដែលមានសញ្ញាបត្ររបស់អង្គការ CCFដែលកម្មវិធីនេះបានគាំទ្រដល់ការសិក្សារបស់ពួកគេក្នុងអំឡុងពេលរៀននៅសាកលវិទ្យាល័យរហូតដល់បញ្ចប់ការសិក្សា។នេះគឺជាសមិទ្ធផលដ៏គួរឲ្យកត់សម្គាល់មួយសម្រាប់និសិ្សតទាំងនេះដែលមកពីកន្លែងដ៏ក្រីក្រជាងគេនៅកម្ពុជា ដោយពួកគេភាគច្រើនមិនបានចូលសាលារៀននោះឡើយមុនពេលចូលអង្គការ CCF ។
កញ្ញា រួស ស្រីនិច វ័យ ២៤ ឆ្នាំ ដែលធ្លាប់រស់នៅកន្លែងចាក់សំរាមកាលពីអាយុ ៨ ឆ្នាំ ពេលត្រូវបានលោក Scott Neeson ដែលជាស្ថាបនិករបស់អង្គការ CCF រកឃើញ។ ស្រីនិច គឺជាកុមារដំបូងគេ ត្រូវអង្គការ CCF បានទទួលយក ហើយនាងបានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកគ្រប់គ្រងពីសាកលវិទ្យាល័យន័រតុន និងបងប្អូនស្រី ឱក ណៃហួយ និង ណៃហៀង បានរស់នៅអង្គការ CCFអស់រយៈពេល ១៣ ឆ្នាំក្រោយពីត្រូវបានសង្គ្រោះពីកន្លែងចាក់សំរាម ដែលពួកគេធ្វើការទាំងថ្ងៃទាំងយប់។ ឥឡូវនេះ ពួកគេក៏បានបញ្ចប់ការសិក្សាដោយទទួលបានសញ្ញាបត្រដែរ។
បងប្អូនស្រី ឱក ណៃហួយ និង ណៃហៀង កាលពីក្មេង។ សហការី
លោក Scott Neeson ស្ថាបនិក និងជានាយកប្រតិបត្តិរបស់អង្គការ CCF មានប្រសាសន៍ថា៖ «ឃើញកុមារដែលធ្លាប់ធ្វើការនៅកន្លែងចាក់សំរាម បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ គឺជាពេលវេលាដ៏រំជួលចិត្តមួយសម្រាប់រូបខ្ញុំ»។
លោក បន្តថា៖«ឥឡូវនេះពួកយើងបានមកដល់ចុងបញ្ចប់នៃរង្វង់ជីវិតរបស់ពួកគេហើយ។ វាពិបាកនឹងពិពណ៌នាណាស់ថាតើពួកគេ និងអង្គការ CCFបានឈានមកដល់ចំណុចនេះដោយរបៀបណានោះ។យើងសុទ្ធមានមោទនភាពចំពោះពួកគេម្នាក់ៗខ្លាំង»។
ស្រីនិច ដែលបច្ចុប្បន្នមានវ័យ ២៤ឆ្នាំ បានរំឮកឲ្យដឹងស្ថានភាពជីវិតខ្លួនថា ៖«ជីវភាពនៅកន្លែងចាក់សំរាមពិតជាពិបាកណាស់ ខ្ញុំគ្មានឱកាសទៅរៀនឡើយ។ និយាយតាមត្រង់ការរស់នៅទីនេះដូចរស់នៅក្នុងឋាននរក។ ប្រសិនបើគ្មានការគាំទ្រពីអង្គការ CCF ខ្ញុំមិនអាចក្លាយជាខ្ញុំនៅពេលនេះឡើយ»។
កញ្ញា ឱក ណៃហៀង ក៏បានឲ្យដឹងពីស្ថានភាពខ្លួនកាលពីក្មេងដែរថា៖«ខ្ញុំតែងតែភ្ញាក់ពីម៉ោង ៤ ទៀបភ្លឺ និងដើររើសសំរាមរហូតដល់ពេលរសៀល។ ខ្ញុំត្រឡប់មកផ្ទះវិញដើម្បីញ៉ាំអាហារថ្ងៃត្រង់ហើយបន្ទាប់ពីញ៉ាំរួចខ្ញុំត្រូវត្រឡប់ទៅរើសសំរាមវិញរហូតដល់ពេលយប់។ នៅពេលខ្ញុំទៅដេក ខ្លួនរបស់ខ្ញុំធុំក្លិនអាក្រក់ណាស់»៕

ប្អូនស្រី ឱក ណៃហៀង កាលពីក្មេង និងបច្ចុប្បន្ន។សហការី
លោក ស្កុតនីសុន និងកញ្ញា រួស ស្រីនិច ពេលប្រារព្ធពិធីផ្តល់កិត្តិយសសិស្សរបស់អង្គការCCF។ ស្រេង ម៉េងស្រ៊ុន