ភ្នំពេញៈ ដោយសារតែខ្លួនមានចំណូលចិត្តខ្លាំងផ្នែកនិពន្ធ និងធ្លាប់ជានិស្សិតទទួលបានអាហារូបករណ៍សិក្សាជំនាញនិពន្ធរយៈពេល ២ ឆ្នាំ ពីអង្គការសិល្បៈខ្មែរអមតៈ ហើយត្រូវបញ្ចប់ក្នុងឆ្នាំ ២០១៨ នេះផង ទើបធ្វើឲ្យអ្នកនិពន្ធវ័យក្មេង ស្វាយ លីម៉េង មានទស្សនៈសុទិដ្ឋិនិយមខ្លាំងទៅនឹងអាជីពដែលខ្លួនស្រឡាញ់ និងចង់ផ្ញើសារចែករំលែកពីបទពិសោធខ្លួនទៅដល់យុវវ័យសម័យក្រោយដែរ។
ម្ចាស់វណ្ណកម្មនៃសា្នដៃខ្សែភាពយន្តខ្លីរឿង «នារីសក់ខ្លី» ម្ចាស់ពានរង្វាន់ប្រជាប្រិយភាពពីមហាជនជ្រើសរើសច្រើនជាងគេក្នុងចំណោមខ្សែភាពយន្តខ្លីទាំង ៤ ចុងក្រោយនៃកម្មវិធីភាពយន្តស្តីពីកេរដំណែល
(Legacy Film Lab) កាលពីឆ្នាំ ២០១៧ លោក ស្វាយ លីម៉េង ក៏មានសារចង់ផ្តាំផ្ញើ និងចែករំលែកបទពិសោធខ្លះៗពីអាជីពអ្នកនិពន្ធ សម័យទំនើបដល់យុវជនផងដែរ ក្រោយពីខ្លួនរៀនចប់ជំនាញនិពន្ធ តាមរយៈអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន នៅឯអង្គការសិល្បៈខ្មែរអមតៈ។
អ្នកនិពន្ធវ័យក្មេងដែលជានិស្សិតបានបញ្ចប់ជំនាញបរិញ្ញាបត្រច្បាប់ និងមានស្រុកកំណើត នៅខេត្តប៉ៃលិន ស្វាយ លីម៉េង ប្រាប់ពីដើមទងដែលសម្រេចយកអាជីពជាអ្នកនិពន្ធ ក្នុងឱកាសប្រកាសជយលាភីអាហារូបករណ៍សិល្បៈអមតៈ អាន ចនផន សម្រាប់ការសិក្សាឆ្នាំ ២០១៩ កាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០១៨ នៅសាលសម្តែងសិល្បៈនៃសារមន្ទីរជាតិ ថា៖ «អាចមកពីចំណូលចិត្តសរសេររឿងប្រលោមលោក ហើយការចូលរួមប្រកួតពានរង្វាន់អក្សរសិល្ប៍នូហាចឆ្នាំ ២០១០ ដែលស្នាដៃរឿងខ្លីរបស់ខ្ញុំមានចំណងជើងថា «គ្រប់យ៉ាងដើម្បីអ្នកណា?» បានចំណាត់ថ្នាក់លេខ ៣ នោះ បានផ្តល់តម្លៃដោយការលើកទឹកចិត្ត ក៏បានជំរុញចិត្តខ្ញុំឲ្យខិតខំបន្តដើម្បីផ្នែកនិពន្ធនេះកាន់តែខ្លាំងឡើង។ ក្រោយមកខ្ញុំក៏ទទួលបានអាហារូបករណ៍ពីអង្គការសិល្បៈខ្មែរអមតៈសិក្សាលើជំនាញនិពន្ធនេះរយៈពេល ២ ឆ្នាំ ដែលត្រូវបញ្ចប់នៅឆ្នាំនេះតែម្តង»។
តាមរបត់សង្គមខ្មែរបច្ចុប្បន្ននេះ សង្កេតឃើញថា ការសិក្សាលើជំនាញសិល្បៈផ្នែកនិពន្ធ ហាក់ដូចមិនសូវមានភាពផុសផុលពីយុវវ័យជំនាន់ក្រោយឡើយ នៅក្រោមហេតុផលរួមមួយគឺទីផ្សាររកប្រាក់ចំណូលមិនសូវកាក់កប។
លោក ស្វាយ លីម៉េង អ្នកនិពន្ធវ័យ ២៨ ឆ្នាំ ដែលធ្លាប់ជាសហនិពន្ធនៃវណ្ណកម្មកុនដុំរឿង «វិកលចរិត» និងកុនរឿង «ទារុណកម្មខ្មោច» នៃផលិតកម្មមាតុចក្រភាពយន្ត និងជាម្ចាស់ស្នាដៃសៀវភៅប្រលោមលោកខ្លី ១០ រឿង សៀវភៅប្រលោមលោកវែង ៣ រឿង និងសៀវភៅរឿងកុមារ ៥ រឿង រូបនេះ ហាក់បានលើកឡើងផ្ទុយពីចំណុចទីផ្សារអ្នកនិពន្ធសម័យទំនើបនេះវិញ។
លោកបញ្ជាក់ថា៖ «តាមបទពិសោធខ្ញុំផ្ទាល់ អាជីព និពន្ធ ទោះបីជាមិនអាចរកបានឲ្យក្លាយជាអ្នកមានក្តី តែក៏មិនមានន័យថា អត់ទីផ្សារនោះទេ ព្រោះថា បច្ចុប្បន្ននេះ សម្បូរប៉ុស្តិ៍ទូរទស្សន៍ ដែលចង់បានស្នាដៃនិពន្ធទាំងកុនខ្នាតខ្លី វែង ឬកុនដុំ និងកុនភាគ។ ប្រការសំខាន់នោះ បើយើងស្រឡាញ់ចូលចិត្តអាជីពអ្វី សូមចាប់ឲ្យជាប់ និងស្គាល់ឲ្យច្បាស់ វានឹងផ្តល់តម្លៃមកឲ្យយើងវិញជាមិនខាន»។
កម្មវិធីអាហាររូបករណ៍សិល្បៈអមតៈ អាន ចនផន បង្កើតឡើងដោយអង្គការសិល្បៈខ្មែរអមតៈ (CLA) ដើម្បីជួយដល់សិស្សានុសិស្ស និងនិស្សិតអភិវឌ្ឍជំនាញជាអ្នកដឹកនាំ ការគ្រប់គ្រងហិរញ្ញវត្ថុ ការរៀបចំផែនការងារ និងផ្តល់កញ្ចប់ថវិកាដើម្បីចំណាយលើថ្លៃបណ្តុះបណ្តាល និងចំណាយលើការសិក្សាផ្សេងៗ។ តាមរយៈកម្មវិធីអាហាររូបករណ៍នេះ ក៏បានផ្តល់ឱកាសដល់សិស្សសិល្បៈ និងសិល្បករវ័យក្មេងបង្ហាញពីសមត្ថភាព ទេព្យកោសល្យ និងជំរុញទឹកចិត្តពួកគេក្នងការអភិវឌ្ឍជំនាញសិល្បៈផងដែរ។
អាហាររូបករណ៍សិល្បៈអមតៈ អាន ចនផន ឆ្នាំ២០១៨ មានសិស្សសិល្បករបញ្ចប់ការសិក្សាចំនួន ៥ រូប ខណៈសិស្សសិល្បករត្រូវទទួលបានអាហាររូបករណ៍ឆ្នាំសិក្សាថ្មីឆ្នាំ២០១៩ មានចំនួន ១០ រូប៕