ភ្នំពេញៈ កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០១៩ កន្លងមកនេះ សាលាអាយឃីដ កម្មវិធី UCMAS បានរៀបចំកម្មវិធី ប្រគល់រង្វាន់សិស្សជយលាភី ថ្នាក់អន្តរជាតិលើកទី២៣ និងអបអរសារទដល់គ្រូបង្រៀនឆ្នើម ជាមួយម្ចាស់អាជ្ញាបណ្ណនៃកម្មវិធី UCMAS កម្ពុជា នៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ(CKCC)។
កម្មវិធីនេះត្រូវបានអញ្ជើញចូលរួមដោយលោក បឺតណាត វង្ស ជានាយកប្រតិបត្តិនៃ UCMAS កម្ពុជា និងជាទីប្រឹក្សាអប់រំមកពី UCMAS អន្តរជាតិ កញ្ញា ហេង រចនា ជានាយិកាគ្រប់គ្រង UCMAS កម្ពុជា និងជាម្ចាស់អាជ្ញាប័ណ្ណ លោកគ្រូអ្នកគ្រូ ព្រមទាំងមានអាណាព្យាបាលសិស្សនិងសិស្សានុសិស្សជយលាភីសរុបចំនួន ២៥០នាក់ ។
ក្នុងឱកាសនោះលោក បឺតណាត វង្ស នាយកប្រតិបត្តិនៃ UCMAS កម្ពុជានិងជាទីប្រឹក្សាអប់រំ មកពី UCMAS អន្តរជាតិបានធ្វើការសំណេះសំណាលទៅកាន់អង្គពិធីទាំងមូលថា៖« ការប្រឡងថ្នាក់អន្តរជាតិលើកទី២៣ នៅទីក្រុងកូឡាឡាំពួ កន្លងផុតទៅជាលទ្ធផលសិស្សកម្ពុជាបានទទួលជយលាភី ៥១ នាក់ ក្នុងចំណោមកុមារ UCMAS ឆ្លាតវៃជាច្រើនមកពី ៨០ ប្រទេសនៅជុំវិញ ពិភពលោក។ ក្នុងនាមជានាយកប្រតិបត្តិនៃកម្មវិធី UCMAS កម្ពុជា ខ្ញុំពិតជាមានអារម្មណ៏រំភើប និងត្រេកអរក្រៃលែង ចំពោះកុមារកម្ពុជា ដែលបាននាំមកនូវមោទភាពដ៏អស្ចារ្យ សម្រាប់កម្ពុជា និងក្រុមគ្រួសារព្រមទាំងប្រទេសជាតិទាំងមូល»។
បើតាមការបញ្ជាក់បន្ថែមរបស់លោកបានឲ្យដឹងថា សាលាអាយឃីដកម្មវិធី UCMAS កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះសម្រាប់ការប្រឡងថ្នាក់អន្តរជាតិលើកទី២៤ នៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ដែលររំពឹងទុកថា នឹងមានសិស្ស UCMAS កម្ពុជា ចន្លោះពី ៣០០០-៤០០០ នាក់ ចូលរួមក្នុងការប្រកួតនេះ ជាមួយនឹងសិស្ស UCMAS មកពីប្រទេសនានាជុំវិញពិភពលោក ដែលមានប្រមាណ ២០០០-៣០០០ នាក់ទៀត។ កម្មវិធីប្រឡងដ៏ធំនេះ នឹងប្រព្រឹត្តិទៅនៅខែធ្នូ ឆ្នាំ២០១៩ ខាងមុខ។
លោកសំណូមពរថា៖ «ដូច្នេះសិស្ស UCMAS កម្ពុជា ទាំងអស់ត្រូវតែខិតខំសិក្សាអនុវត្តបន្ថែម និងត្រៀមខ្លួនឲ្យបានរួចរាល់ ដើម្បីទទួលបានជោគជ័យក្នុងការ ប្រឡងថ្នាក់អន្តរជាតិលើកទី២៤ នៅក្នុងប្រទេសកម្ពុជា នាចុងឆ្នាំ២០១៩»៕