កណ្តាលៈ អាជ្ញាធរខេត្តកណ្តាលចុះទៅសម្របសម្រួល និងពន្យល់ពលរដ្ឋឱ្យយល់ក្នុងរឿងដីធ្លី ចៀសវាងមានការតវ៉ាខុសច្បាប់ទៀត ក្រោយពីពួកគេបាននាំគ្នាតវ៉ាបិទផ្លូវកាលពីថ្ងៃទី ៣០ ឧសភា ប្រឆាំងនឹងការព្រមានចាត់វិធានការផ្លូវច្បាប់លើពលរដ្ឋ ដោយចោទថា ពួកគេទន្ទ្រានយកដីដែលមានបណ្ណកម្មសិទ្ធិ។ ទោះយ៉ាងណា អាជ្ញាធរនៅតែប្រកាសចាត់ការតាមផ្លូវច្បាប់ បើពលរដ្ឋនៅតែបំពានកាន់កាប់ដីមានកម្មសិទ្ធិ។
ករណីជម្លោះដីធ្លីនេះ មន្ត្រីការពារសិទ្ធិមនុស្សទាមទារឱ្យមានការដោះស្រាយ និងស្រាវជ្រាវឱ្យបានច្បាស់លាស់អំពីប្រវត្តិដីចាប់ពីដើមទី មុនឈានដល់ការបង្កើតជាប្លង់រឹង ដែលកាន់កាប់ដោយបុគ្គលមានលុយ មានអំណាចមួយចំនួន។
លោក គ្រុយ ម៉ាឡែន អ្នកនាំពាក្យរដ្ឋបាលខេត្តកណ្តាលថ្លែងពីម្សិលមិញថា នៅព្រឹកថ្ងៃទី ៣១ ខែឧសភា ក្រុមការងាររដ្ឋបាលខេត្តបានចុះទៅសម្របសម្រួលពន្យល់ពលរដ្ឋឱ្យបានយល់ កុំឱ្យមានការតវ៉ាដែលខុសនឹងច្បាប់ បន្ទាប់ពីមានប្រជាពលរដ្ឋនាំគ្នាបិទផ្លូវតវ៉ាកាលពីយប់ថ្ងៃទី ៣០ ឧសភា។
លោក ម៉ាឡែន ប្រាប់ឱ្យពលរដ្ឋត្រូវដាក់ពាក្យបណ្តឹងឱ្យបានត្រឹមត្រូវ ប្រសិនបើមានការតវ៉ាមិនពេញចិត្តយ៉ាងណានោះ។
លោកថ្លែងថា៖ «ការងារហ្នឹងមែនទែនទៅដូចអ្វី ដែលរដ្ឋបាលខេត្តប្រកាសហើយ យើងមិនអាចមានអីក្រៅពីហ្នឹងទៀតទេ។ សំខាន់គឺការអនុវត្តទៅលើទីតាំងដីហ្នឹង គឺយើងពិនិត្យទៅលើលិខិតឯកសារទាំងឡាយ ដែលជាឯកសារកម្មសិទ្ធិ មានបណ្ណ មានអីត្រឹមត្រូវ។ អ៊ីចឹងកាលណាមានការទៅរំលោភបំពាន កាន់កាប់ទីតាំងដី ដែលមានប្លង់កម្មសិទ្ធិហើយ វាខុសច្បាប់ ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ។ អ៊ីចឹងអាជ្ញាធរត្រូវតែមានវិធានការ»។
លោក ប៉ែន ប៊ុណ្ណារ៍ មន្ត្រីចងក្រងសហគមន៍នៃសមាគមការពារសិទ្ធិមនុស្ស (ADHOC) ទាមទារឱ្យមានការដោះស្រាយបញ្ហាដីធ្លី ដោយស្រាវជ្រាវឱ្យបានច្បាស់អំពីប្រវត្តិដី ចាប់ពីដំបូងទី មុនឈានដល់ការបង្កើតជាប្លង់រឹងដែលកាន់កាប់ដោយបុគ្គលមានលុយ មានអំណាចមួយចំនួន។
លោកបញ្ជាក់ថា ប្លង់កម្មសិទ្ធិទាំងឡាយមិនមែនសុទ្ធតែត្រឹមត្រូវតាមច្បាប់នោះទេ មានប្លង់ខ្លះកើតឡើងពីអំពើពុករលួយនៅក្នុងប្រព័ន្ធច្បាប់។ នៅពេលថ្មីៗនេះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសថា ប្លង់រឹងកម្មសិទ្ធិ ដែលជាប្លង់ទុច្ចរិតត្រូវមោឃភាពចោល។
លោកថ្លែងថា៖ «យើងទាមទារឱ្យមានការស្រាវជ្រាវដីគ្រប់កន្លែង មិនថា តែនៅខេត្តកណ្តាលទេ ខេត្តផ្សេងៗទៀតក៏មានករណីចេញប្លង់ទុច្ចរិតហ្នឹងដែរ។ ប្លង់ទាំងឡាយណា ដែលកើតចេញពីការលក់-ទិញដីរបស់រដ្ឋ ប្លង់ហ្នឹងមិនមែនជាប្លង់ត្រឹមត្រូវទេ វាជាប្លង់ទុច្ចរិត។ អ៊ីចឹងត្រូវសិក្សាពីប្រភពដីហ្នឹង អាហ្នឹងហើយដែលបង្កឱ្យមានអំពើហិង្សាជម្លោះ ហើយនៅពេលប្រជាពលរដ្ឋគាត់យល់ពីច្បាប់ ខ្ញុំគិតថា គាត់នឹងមានការតវ៉ា»។
អាជ្ញាធរខេត្តកណ្តាលកាលពីថ្ងៃទី ២៨ ឧសភា ព្រមានចាត់វិធានការផ្លូវច្បាប់ ចំពោះពលរដ្ឋដែលបានចូលទៅទន្ទ្រានកាន់កាប់ដីដោយខុសច្បាប់លើដីមានបណ្ណកម្មសិទ្ធិ ស្ថិតក្នុងភូមិសាស្ត្រស្រុកកៀនស្វាយ និងស្រុកស្អាង ដោយប្រាប់ឱ្យពលរដ្ឋរុះរើផ្ទះ និងសំណង់នានាជាកំហិត។
ពលរដ្ឋត្រូវបញ្ឈប់សកម្មភាពជាបន្ទាន់នៅលើទីតាំងដីដែលមានបណ្ណកម្មសិទិ្ធនៅឃុំបន្ទាយដែក ឃុំសំរោងធំ ឃុំគគីរ ស្រុកកៀនស្វាយ និងឃុំប្រាសាទ ស្រុកស្អាង ខេត្តកណ្តាល។ ត្រូវដកបង្គោលព្រំដី និងរុះរើផ្ទះ និងសំណង់នានាឱ្យបាន មុនថ្ងៃទី ២២ ខែមិថុនា ជាកំហិត។
បើមិនដូច្នោះទេ អាជ្ញាធរមានសមត្ថកិច្ចនឹងចាត់ការតាមផ្លូវច្បាប់។ នេះបើតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តកណ្តាលចុះថ្ងៃទី ២៨ ខែឧសភា ដែលភ្នំពេញប៉ុស្តិ៍ទទួលបាននាថ្ងៃទី ៣០ ឧសភា។
ការព្រមាននេះធ្វើឡើង បន្ទាប់ពីរដ្ឋបាលខេត្តកណ្តាលបានទទួលបណ្តឹងជាច្រើន និងរបាយការណ៍របស់រដ្ឋបាលស្រុកកៀនស្វាយ ដែលលើកឡើងអំពីការចូលទន្ទ្រានដីបែបអនាធិបតេយ្យ ដោយបោះបង្គោលព្រំដី និងសាងសង់ផ្ទះលើទីតាំងដីមានបណ្ណកម្មសិទ្ធិ តាមរយៈលិខិតលេខ ២៣ សជន.ឧស ចុះថ្ងៃទី ៦ មករា ឆ្នាំ ២០១៧ របស់គណៈរដ្ឋមន្ត្រី។
លិខិតរដ្ឋបាលខេត្តសរសេរថា៖ «ទង្វើនេះជាការរំលោភបំពានទៅលើកម្មសិទ្ធិស្របច្បាប់របស់អ្នកដទៃ និងប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈយ៉ាងធ្ងន់ធ្ងរ ដែលត្រូវចាត់វិធានការដោះស្រាយជាចាំបាច់»។
អភិបាលស្រុកកៀនស្វាយលោក អ៊ូ ឈាង ប្រាប់នៅថ្ងៃទី ៣០ ឧសភាថា ពលរដ្ឋមួយចំនួនបានទៅបោះបង្គោលលើដីដែលមានម្ចាស់កម្មសិទ្ធិ។ ព្រោះមានជនខិលខូចជាមេខ្យល់នៅពីក្រោយខ្នង ញុះញង់ពលរដ្ឋឱ្យពួកគាត់ចូលទៅទន្ទ្រាន ប៉ុន្តែអាជ្ញាធរស្រុកនៅមិនទាន់អាចអះអាងថាជានរណាបានទេ ដោយសារកំពុងស្ថិតក្នុងការស្រាវជ្រាវ។
លោកថ្លែងថា៖ «វាមានអ្នកនៅពីក្រោយ ខ្នងមេខ្យល់ ប៉ុន្តែយើងកំពុងតែស្រាវជ្រាវរកមេខ្យល់ហ្នឹងថា អ្នកណាជាអ្នកញុះញង់ឱ្យប្រជាពលរដ្ឋទៅរំលោភទន្ទ្រានចាប់យកដីកម្មសិទ្ធិរបស់គេ។ យើងស្នើឱ្យខេត្តចេញ សជណ មួយសិន ដើម្បីផ្សព្វផ្សាយឱ្យពួកគាត់បានយល់ថា អ្វីដែលពួកគាត់កំពុងធ្វើគឺខុសច្បាប់»។
លោក អ៊ូ ឈាង បន្តថា ការចូលទៅបោះបង្គោលទន្ទ្រានយកដីដែលមានកម្មសិទ្ធិនេះ អាជ្ញាធរស្រុកមិនអាចគ្រប់គ្រង និងកំណត់ចំនួនមនុស្សបានទេ ដោយសារតែមានការចេញចូលមិនច្បាស់លាស់។
លោកបញ្ជាក់ថា រូបភាពដែលពលរដ្ឋមួយចំនួនកំពុងធ្វើនេះ គឺក្រោមរូបមន្ត ឈ្នះបានដី ចាញ់បានលុយ។ លោកថ្លែងថា៖ «គាត់មិនមែនមិនដឹងច្បាប់ទេ គាត់ដឹង ប៉ុន្តែគាត់ធ្វើអ៊ីចឹងទៅ ដោយយល់ថាក្រែងលោមានរដ្ឋាភិបាល ឬមួយក៏មានអីសម្របសម្រួលគោលនយោបាយឱ្យពួកគាត់ អ៊ីចឹងទៅណា»។
លោក ញឹម វ៉ាន់ឌិន អភិបាលស្រុកស្អាងឲ្យដឹងថា សម្រាប់ឃុំប្រាសាទ ស្រុកស្អាង មិនមានបញ្ហាចោទអ្វីច្រើនទេចំពោះពលរដ្ឋចូលទៅទន្ទ្រានបោះបង្គោលលើដីដែលមានកម្មសិទ្ធិហើយនោះ។
លោកថ្លែងថា៖ «បញ្ហាពលរដ្ឋទន្ទ្រានលើដីដែលមានម្ចាស់កម្មសិទ្ធិហើយនោះ ច្រើនមាននៅខាងឃុំបន្ទាយដែក ស្រុកកៀនស្វាយ។ ចំណែកឯ នៅឃុំប្រាសាទនេះ មានខ្លះដែរ ប៉ុន្តែខ្ញុំឃាត់អស់យូរហើយ តាំងពីឆ្នាំទៅ ហើយមកដល់ឆ្នាំនេះមានការស្ងប់ស្ងាត់ទៅវិញហើយ។ វាមានខ្លះដែរតែមិនច្រើនទេ»។
ភ្នំពេញ ប៉ុស្តិ៍ មិនអាចស្វែងរកប្រភពទាក់ទងពលរដ្ឋដែលចូលទៅទន្ទ្រានកាន់កាប់ដីមានកម្មសិទ្ធិនោះទេពីម្សិលមិញ៕