ភ្នំពេញៈ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈបេឡាជាតិរបបសន្តិសុខសង្គម (ប.ស.ស.) បានផ្តល់ថវិកាសរុបប្រមាណជាង ២,២ ពាន់លានរៀល ទៅដល់ស្ត្រីជាកម្មការិនី និងស្ត្រីដែលមានជីវភាពខ្វះខាតជាង ៥ ០០០ នាក់ ដែលបានឆ្លងទន្លេ សម្រាប់ខែឧសភា។
របាយការណ៍របស់ ប.ស.ស. នៅថ្ងៃទី ២ ខែមិថុនា បានឱ្យដឹងថា បើទោះបីជាវិបត្តិកូវីដ ១៩ នៅតែបន្តអូសបន្លាយយ៉ាងណាក៏ដោយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជានៅតែយកចិត្តទុកដាក់ខ្ពស់ គិតគូរពីតម្រូវការសង្គម និងជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។
របាយការណ៍នេះបញ្ជាក់ថា៖ «ក្នុងខែឧសភា ឆ្នាំ ២០២១ ថវិកាសរុបជាង ២,២ ពាន់លានរៀល ដែលជាប្រាក់ឧបត្ថម្ភបន្ថែមរបស់រាជរដ្ឋាភិបាលបានផ្តល់ជូនស្ត្រីដែលជាសមាជិក ប.ស.ស. ដែលបានសម្រាលកូនចំនួន ៥ ៤៨០ នាក់ មានកូនចំនួន ៥ ៥៣៣ នាក់»។
លោក អ៊ុក សមវិទ្យា អគ្គនាយក ប.ស.ស. នៃក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានថ្លែងថា៖ «អ្វីដែលយើងត្រូវធ្វើបន្តទៅទៀត គឺការទទួលខុសត្រូវរបស់យើងក្នុងនាមជាថ្នាក់ដឹកនាំ ទោះបីជាស្ថិតក្នុងលំដាប់ណាក៏ដោយ។ យើងជាអ្នកទទួលខុសត្រូវជាអ្នកគ្រប់គ្រងចាត់ចែងការងារ បំពេញភារកិច្ចប្រកបដោយភាពទទួលខុសត្រូវខ្ពស់ ដើម្បីផ្តល់សេវារបបសន្តិសុខសង្គមជូនបងប្អូនកម្មករនិយោជិតជាសមាជិក ប.ស.ស. បានទាន់ពេលវេលា»។
បើតាមរបាយការណ៍របស់ ប.ស.ស. កម្មការិនីទាំងអស់ដែលបម្រើការនៅតាមរោងចក្រ សហគ្រាស គ្រឹះស្ថាន ដែលបានប្រកាសបង់ភាគទានមកកាន់ ប.ស.ស. យ៉ាងតិច ៩ ខែក្នុងរយៈពេល ១២ ខែ គិតមកដល់ខែសម្រាលកូននឹងទទួលបានការឈប់សម្រាកពីការងាររយៈពេល ៩០ ថ្ងៃ រួមជាមួយប្រាក់បំណាច់ប្រចាំថ្ងៃ ៧០% បន្ថែមទៀតពី ប.ស.ស. ព្រមទាំងអត្ថប្រយោជន៍ផ្សេងៗជាច្រើនទៀត។
រាជរដ្ឋាភិបាលតាមរយៈ ប.ស.ស. បានផ្តល់ប្រាក់ឧបត្ថម្ភបន្ថែមដល់ស្ត្រីកម្មការិនី សម្រាលកូនចាប់តាំងពីថ្ងៃទី ១ ខែមករា ឆ្នាំ ២០១៨ ក្នុងនោះរួមមានសម្រាលកូនម្នាក់ទទួលបាន ៤០០ ០០០ រៀល, សម្រាលកូនភ្លោះ ២ នាក់ទទួលបាន ៨០០ ០០០ រៀល និងសម្រាលកូនភ្លោះ ៣ នាក់ទទួលបាន ១ ២០០ ០០០ រៀលរួមនឹងប្រាក់ឧបត្ថម្ភបន្ថែមចំនួន ៥ លានរៀលពីនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងឆ្នាំ ២០២០ រាជរដ្ឋាភិបាលបានចំណាយថវិកាជាង ៣២ ៤១២ លានរៀល ក្នុងនោះមានស្ត្រីសម្រាលកូនចំនួន ៨០ ៤៩៩ នាក់ ដែលកូនមានចំនួន ៨១ ០៣១ នាក់៕