កោះកុង/កំពតៈ រដ្ឋបាលខេត្តកោះកុងបានសម្រេចបិទខ្ទប់ផ្ទះចំនួន ១៤ ខ្នង ក្នុងរយៈពេល ១៤ ថ្ងៃ ដែលស្ថិតនៅឃុំបឹងព្រាវ ស្រុកស្រែអំបិល ខណៈខេត្តកំពត សម្រេចបន្តអនុវត្តវិធានការរដ្ឋបាលក្នុងភូមិសាស្ត្រខេត្តទាំងមូលរយៈពេល ១ សប្តាហ៍ទៀត ដើម្បីគ្រប់គ្រងជំងឺកូវីដ ១៩ ឱ្យមានប្រសិទ្ធភាព។
សេចក្តីជូនដំណឹងចុះហត្ថលេខាដោយអភិបាលខេត្តកោះកុងលោកស្រី មិថុនា ភូថង ចុះថ្ងៃទី ១ ខែមិថុនា បានសម្រេចបិទខ្ទប់ផ្ទះចំនួន ១៤ ខ្នង នៅភូមិសាលាម្ខាង ឃុំបឹងព្រាវ ស្រុកស្រែអំបិលរយៈពេល ១៤ ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី ២ រហូតដល់ថ្ងៃទី ១៦ ខែ មិថុនា ឆ្នាំ ២០២១។
រដ្ឋបាលខេត្តបានគូសបញ្ជាក់ថា ក្នុងអំឡុងពេលនៃការបិទខ្ទប់នេះវិធានការរដ្ឋបាលដែលត្រូវអនុវត្តរួមមាន ហាមឃាត់ការធ្វើដំណើរចេញ-ចូល ចំពោះផ្ទះទាំងនោះ លើកលែងតែក្នុងករណីចាំបាច់ និងហាមឃាត់ការធ្វើអាជីវកម្មលក់ដូរប្រចាំថ្ងៃផងដែរ។
ក្រៅពីនេះរដ្ឋបាលខេត្តកោះកុងក៏បានដាក់ចេញនូវវិធានការរដ្ឋបាលទៅទីតាំងផ្សេងទៀតដោយត្រូវរឹតត្បិតការធ្វើដំណើរចេញ-ចូល ភូមិសាលាម្ខាង ភូមិផ្លោង ក្នុងឃុំបឹងព្រាវ ភូមិវាលជើង ក្នុងឃុំស្រែអំបិល ភូមិបានទៀត ក្នុងឃុំដងពែង និងភូមិសារាយ ក្នុងឃុំជ្រោយស្វាយនៅស្រុកស្រែអំបិល ខេត្តកោះកុង ។ «ចំពោះពលរដ្ឋដែលរស់នៅទីតាំងទាំងនេះត្រូវហាមឃាត់ការធ្វើដំណើរនានារបស់ប្រជាជន សកម្មភាពការងារ មុខរបរ និងអាជីវកម្ម ដែលមិនមែនជាតម្រូវការចាំបាច់ប្រចាំថ្ងៃ ការជួបជុំ ផ្សារ និងទីតាំងណាដែលមិនរៀបរយ និងមានហានិភ័យខ្ពស់»។
បន្ថែមពីនេះ ត្រូវបន្តពង្រឹងការអនុវត្តវិធានការរដ្ឋបាលលើការធ្វើដំណើរចេញ-ចូល ការប្រកបមុខរបរ ការបំពេញការងារក្នុងភូមិតានី ភូមិត្រពាំងកណ្ដោល ភូមិជីខនៃឃុំជីខលើ ភូមិតាធង ភូមិដងពែង ភូមិក្រាំងនៃឃុំដងពែង ភូមិបឹងព្រាវ ភូមិជ្រោយ ភូមិអូរជ្រៅ នៃឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង។
ចំពោះការអនុវត្តវិធានការរដ្ឋបាលក្នុងអំឡុងពេលនេះ សមត្ថកិច្ចត្រូវហាមឃាត់ការបើកដំណើរការសាលារៀន (ទាំងសាលារដ្ឋ និងឯកជន) ក្លិបកម្សាន្តគ្រប់ប្រភេទ អាជីវកម្ម ម៉ាស្សា ហាងលក់គ្រឿងស្រវឹង ខារ៉ាអូខេ រមណីយដ្ឋាន និងការជួបជុំដែលមានមនុស្សកកកុញ ឬការជួបជុំលើសពី ១០ នាក់។ ប៉ុន្តែអនុញ្ញាតឱ្យធ្វើចរាចរណ៍នៅក្នុងតំបន់លឿង សកម្មភាពការងារ មុខរបរ និងអាជីវកម្មនានា ការជួបជុំក្នុងគ្រួសារ និងការជួបជុំសុំរៀបចំបុណ្យសពប៉ុណ្ណោះ។
ដោយឡែកនៅខេត្តកំពតឯណោះវិញ លោក ជាវ តាយ អភិបាលខេត្តនេះ បានសម្រេចអនុវត្តវិធានការរដ្ឋបាលបណ្តោះអាសន្នក្នុងភូមិសាស្ត្រខេត្តរយៈពេល ១ សប្តាហ៍ទៀតគិតចាប់ពីថ្ងៃទី ២ ខែមិថុនាតទៅ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ ១៩ ក្នុងសហគមន៍។
តាមសេចក្តីជូនដំណឹងរដ្ឋបាលខេត្តកំពតបានឱ្យដឹងថា «គ្រប់ផ្សាររដ្ឋ ផ្សារឯកជន ផ្សារម៉ាត ភោជនីយដ្ឋាន អាហារដ្ឋាន តូបអាហារ ហាងកាហ្វេ ហាងភេសជ្ជៈ អាជីវកម្មដ្ឋានផ្នែកអាហារភេសជ្ជៈ អាជីវករ អ្នកលក់ដូរ អ្នកចែកចាយគ្រឿងស្រវឹងគ្រប់ប្រភេទ ត្រូវផ្អាករាល់ការបម្រើ និងលក់គ្រឿងស្រវឹងជូនភ្ញៀវរយៈពេល ១ សប្តាហ៍គិតចាប់ពីថ្ងៃទី ២ ដល់ថ្ងៃទី ៩ ខែមិថុនា ឆ្នាំ ២០២១ ក្នុងភូមិសាស្ត្រខេត្តកំពត»។
ជាមួយគ្នានេះដែរ ត្រូវផ្អាកជាបណ្តោះអាសន្ននូវសកម្មភាពអាជីវកម្មចំពោះ អាហារដ្ឋាន ភោជនីយដ្ឋាន ហាងកាហ្វេហាងភេសជ្ជៈ និងភោជនីយដ្ឋាននៅតាមសណ្ឋាគារនៅចន្លោះម៉ោង ២០ ដល់ម៉ោង ៥ ជាកំហិត ប៉ុន្តែអាចលក់អាហារវេចខ្ចប់បាន។
ចំណែកឯនៅខេត្តតាកែវវិញ លោកអភិបាលខេត្ត អ៊ូច ភា ចេញសេចក្តីជូនដំណឹងចុះថ្ងៃទី ២ ខែមិថុនា ដោយបានសម្រេចបញ្ចប់ការបិទខ្ទប់ និងបើកឱ្យដំណើរការផ្សារសំរោងយ៉ោងឡើងវិញ ព្រមទាំងភូមិចំនួន ៤ ស្ថិតនៅឃុំត្រពាំងសាប ស្រុកបាទី ចាប់ពីថ្ងៃទី ២ មិថុនា នេះតទៅ។
បើតាមសេចក្តីជូនដំណឹងនេះ ភូមិដែលត្រូវបានបញ្ចប់ការបិទខ្ទប់ និងបើកឡើងវិញ រួមមាន ភូមិស្មៅខ្ញី ភូមិចក ភូមិពូនភ្នំ និងភូមិរលាំងគ្រើល ក្នុងឃុំត្រពាំងសាប ស្រុកបាទី៕