ភ្នំពេញៈ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) និងក្រសួងមហាផ្ទៃណែនាំដល់អភិបាលរាជធានី-ខេត្ដប្រធានលេខាធិការដ្ឋានរាជធានី-ខេត្ដរៀបចំការបោះឆ្នោត និងក្រុមការងារពាក់ព័ន្ធអំពីការរៀបចំត្រៀមបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតប្រចាំឆ្នាំ។
តាមរយៈសេចក្ដីណែនាំរួម ចុះហត្ថលេខាដោយលោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងលោក ស៊ិក ប៊ុនហុក ប្រធាន គ.ជ.ប នៅថ្ងៃទី ២៦ ខែឧសភា បានណែនាំដល់អភិបាលនៃគណៈអភិបាលរាជធានី ខេត្ត ប្រធានលេខាធិការដ្ឋានរាជធានី-ខេត្ត រៀបចំការបោះឆ្នោត និងអភិបាលនៃគណៈអភិបាលក្រុង ស្រុក ខណ្ឌ ត្រូវជួយគាំទ្រដល់ក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន ឃុំ សង្កាត់ នាយប៉ុស្តិ៍នគរបាល រដ្ឋបាលឃុំ សង្កាត់ និងមេភូមិក្នុងការរៀបចំត្រៀមបម្រើឱ្យការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតជារៀងរាល់ឆ្នាំ និងត្រូវសហការ ឬចាត់ចែងអនុវត្តការងារតាមឋានានុក្រម និងភារកិច្ចរៀងៗខ្លួន ដើម្បីរៀបចំបញ្ជីឈ្មោះបោះឆ្នោតដែលធានាបាននូវភាពពេញលេញ ត្រឹមត្រូវ និងមានបច្ចុប្បន្នភាព។
លោក សោម សូរីដា អគ្គលេខាធិការរង គ.ជ.ប ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថា សេចក្ដីណែនាំរួមថ្មីនេះ គឺដើម្បីធ្វើបច្ចុប្បន្នភាពទៅលើសេចក្ដីណែនាំរួមចាស់។ នៅក្នុងសេចក្ដីណែនាំរួមចាស់ គឺបានប្រគល់តួនាទី និងភារកិច្ចក្នុងការស្រង់ស្ថិតិប្រជាពលរដ្ឋក្នុងការចុះឈ្មោះបោះឆ្នោតទៅដល់ក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀនឃុំ សង្កាត់ប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់។
លោកបន្តថា៖ «ប៉ុន្ដែសេចក្ដីណែនាំរួមថ្មីនេះគឺយើងរុញការងារស្រង់ស្ថិតិប្រជាពលរដ្ឋក្នុងការចុះឈ្មោះបោះឆ្នោតនេះទៅដល់មេភូមិ ដែលយើងចាត់ទុកថា គឺជាប្រតិបត្ដិករដំបូងបំផុតនៅក្នុងការស្រង់ស្ថិតិប្រជាពលរដ្ឋនៅក្នុងភូមិរបស់ខ្លួន»។
លោក សោម សូរីដា បញ្ជាក់ថា៖ «អ្វីដែល គ.ជ.ប និងក្រសួងមហាផ្ទៃកំពុងធ្វើនេះ គឺបានកំណត់មុខសញ្ញាដែលជាប្រតិបត្ដិករ មានសក្ដានុពលក្នុងការប្រមូលស្ថិតិប្រជាពលរដ្ឋ។ មេភូមិស្គាល់ប្រជាពលរដ្ឋ តាំងពីដើមភូមិរហូតដល់ចុងភូមិ គឺដឹងច្បាស់ថា ពលរដ្ឋទៅណា ស្លាប់ឬរស់យ៉ាងណា។ ដូច្នេះមេភូមិ គឺជាអ្នកដំបូងបំផុតក្នុងការរៀបចំការស្រង់ស្ថិតិប្រជាពលរដ្ឋសម្រាប់ចុះឈ្មោះបោះឆ្នោត»។
ការស្រង់ស្ថិតិនេះ គ.ជ.ប មានគោលដៅចំនួន ២ គឺទី១ ស្រង់ស្ថិតិប្រជាពលរដ្ឋ ដើម្បីលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត រួមមានអ្នកដែលបានស្លាប់ អ្នកដែលបានផ្លាស់ប្ដូរទីលំនៅចេញ និងអ្នកដែលត្រូវបានដកហូតសិទ្ធិបោះឆ្នោត។ ទី២ គឺស្រង់ស្ថិតិប្រជាពលរដ្ឋ ដើម្បីចុះឈ្មោះអ្នកបោះឆ្នោតថ្មី។
លោកបន្ថែមថា ការស្រង់ស្ថិតិពលរដ្ឋដើម្បីលុបចេញពីបញ្ជីឈ្មោះបោះឆ្នោតនេះ គឺអនុលោមតាមមាត្រា ៥១ នៃច្បាប់ស្ដីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ដ្រដែលបានចែងថា នៅពេល គ.ជ.ប បានផ្ដល់សុពលភាពលើបញ្ជីបោះឆ្នោតផ្លូវការ គឺក្រុមប្រឹក្សាឃុំ សង្កាត់ ត្រូវស្រង់ស្ថិតិប្រជាពលរដ្ឋនៅរៀងរាល់ ២ ខែម្ដង។
លោក សូរីដា បញ្ជាក់ថា៖ «កិច្ចការងារនេះ ច្បាប់បានកំណត់ឱ្យធ្វើនៅរៀងរាល់ ២ ខែម្ដង ដើម្បីស្នើតារាងស្រង់ស្ថិតិនេះទៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោត»។
ចំណែកការស្រង់ស្ថិតិប្រជាពលរដ្ឋ ដើម្បីចុះឈ្មោះបោះឆ្នោតថ្មី គឺស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលជាអ្នកដែលគ្រប់អាយុ ១៨ ឆ្នាំគិតត្រឹមថ្ងៃបោះឆ្នោត ឬថ្ងៃផ្ដល់សុពលភាពបញ្ជីបោះឆ្នោតផ្លូវការ។ អ្នកដែលមានអាយុលើសពី ១៨ ឆ្នាំ ដែលមិនទាន់បានចុះឈ្មោះបោះឆ្នោតកន្លងមក និងអ្នកដែលផ្លាស់ទីលំនៅចូលទៅក្នុងឃុំ សង្កាត់ថ្មី។
លោកបញ្ជាក់ថា មុខសញ្ញាទាំងនេះ គឺជាអ្នកដែលក្រុមប្រឹក្សាឃុំ សង្កាត់ និងស្មៀនឃុំ សង្កាត់ ស្រង់ស្ថិតិដើម្បីជូនមកលេខាធិការដ្ឋានរាជធានី-ខេត្ដរៀបចំការបោះឆ្នោត។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២១ បានចុះហត្ថលេខាលើអនុក្រឹត្យស្តីពីការប្រកាសកាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ-សង្កាត់ អាណត្តិទី៥ ដោយបានកំណត់យកថ្ងៃទី ៥ ខែ មិថុនា ឆ្នាំ ២០២២៕