ភ្នំពេញៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញកាលពីម្សិលមិញបានចេញសេចក្ដីជូនដំណឹងដល់អ្នកដែលកំពុងរស់នៅលើផ្ទៃទន្លេ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញដោយខុសច្បាប់ ត្រូវរុះរើឬចល័តចេញ ក្នុងរយៈពេល ១ សប្ដាហ៍ ដោយហេតុប៉ះពាល់បរិស្ថាន និងផ្លូវនាវាចរ។
លោកអភិបាលរាជធានីភ្នំពេញបានដាក់ឱសានវាទរយៈពេល ១ សប្តាហ៍ ដល់ម្ចាស់ផ្ទះបណ្តែតទឹក ម្ចាស់បែចិញ្ចឹមត្រី និងម្ចាស់សំណង់មិនរៀបរយលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ចាប់ពីថ្ងៃទី ២ ខែ មិថុនា ឆ្នាំ ២០២១។
យោងតាមសេចក្តីជូនដំណឹងរបស់លោក ឃួង ស្រេង កាលពីថ្ងៃទី ២ ខែ មិថុនា បានឱ្យដឹងថា ជនឱកាសនិយមមួយចំនួនបានលបលួចធ្វើបែចិញ្ចឹមត្រី សង់ផ្ទះបណ្តែតទឹក ផ្ទះតូចៗ និងសំណង់មិនរៀបរយនៅលើផ្ទៃទន្លេ កន្លែងខ្លះ បានប្រែក្លាយជាកន្លែងស្នាក់នៅដោយខុសច្បាប់យ៉ាងអនាធិបតេយ្យ។
លោក ឃួង ស្រេង បានថ្លែងនៅក្នុងសេចក្ដីជូនដំណឹងថា៖ «(ការរស់នៅលើទឹកដោយខុសច្បាប់) បង្កឱ្យបាត់បង់សណ្តាប់ធ្នាប់ ប៉ះពាល់ដល់ផ្លូវនាវាចរ ប៉ះពាល់ដល់ប្រព័ន្ធអេកូឡូស៊ី ចរន្តទឹកហូរ គោករាក់ ពិសេសការប្រើប្រាស់ចំណីសម្រាប់ចិញ្ចឹមត្រី ការបញ្ចេញកាកសំណល់ ការបន្ទោបង់ពាសវាលពាសកាលក្នុងទន្លេ ធ្វើឱ្យខូចខាតយ៉ាងធ្ងន់ធ្ងរដល់ជីវចម្រុះក្នុងទឹក ខូចគុណភាពទឹក បំពុលបរិស្ថាន និងប៉ះពាល់ដល់សោភណភាពរាជធានីភ្នំពេញ ព្រមទាំងប៉ះពាល់ដល់សុខភាពនៃប្រជាពលរដ្ឋ ដែលបានប្រើប្រាស់ទឹកមិនស្អាតផងដែរ»។
លោក ឃួង ស្រេង បានអះអាងថា ដើម្បីរក្សាបរិស្ថាន ជីវចម្រុះ គុណភាពទឹក និងលុបបំបាត់បាតុភាពអសកម្មទាំងនេះ រដ្ឋបាលរាជធានីភ្នំពេញតម្រូវឱ្យម្ចាស់បែចិញ្ចឹមត្រី ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិន រៀបរយនៅលើផ្ទៃទន្លេទាំងអស់ត្រូវរុះរើ ឬចល័តចេញជាបន្ទាន់ក្នុងរយៈពេល ០១ សប្ដាហ៍។
លោក ឃួង ស្រេង ថ្លែងថា៖ «ផុតរយៈពេលនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងចាត់វិធានការរដ្ឋបាលដោយពុំទទួលខុសត្រូវរាល់ការខូចខាត ឬការបាត់បង់ណាមួយឡើយ ហើយក្នុងករណីរឹងរូស អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញនឹងកសាងសំណុំរឿងបញ្ជូនទៅតុលាការតាមផ្លូវច្បាប់»។
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បាប់អំពៅបានឱ្យដឹងថា មន្ត្រីជំនាញបានកំពុងបើកកិច្ចប្រជុំ ដើម្បីបើកយុទ្ធនាការអនុវត្តនូវសេចក្ដីជូនដំណឹងរបស់អភិបាលរាជធានីភ្នំពេញ។
លោក អំ សំអាត នាយករងទទួលបន្ទុកផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូបានថ្លែងថា វិធានការរបស់រដ្ឋបាលរាជធានីភ្នំពេញជារឿងល្អមួយ ដើម្បីបរិស្ថាន និងអនាម័យ។
លោកបានថ្លែងថា៖ «ទីក្រុងត្រូវមានសោភណភាព ទាំងបរិស្ថាន និងអនាម័យ ដូចជាទឹក ដែលពលរដ្ឋប្រើប្រាស់ត្រូវការចាំបាច់ណាស់អនាម័យ»។
ទោះជាយ៉ាងណាក៏ដោយ លោក សំអាត ថ្លែងថា សាលារាជធានីភ្នំពេញក៏គួរមានដំណោះស្រាយតាមរយៈការចរចាដោយសន្តិវិធីជាមួយអ្នកពាក់ព័ន្ធ ដើម្បីជាប្រយោជន៍រួម។
លោកថ្លែងថា៖ «អាជ្ញាធរត្រូវមានដំណោះស្រាយកុំឱ្យមានវិវាទ ឬបាតុភាពកើតឡើង ពីព្រោះយើងត្រូវគិតទាំងសងខាង បើគិតទៅលើបរិស្ថានអនាម័យ ក៏ត្រូវគិតការរស់នៅរបស់ប្រជាពលរដ្ឋដែរ។ ប្រសិនបើគាត់ត្រូវចាកចេញ តែគាត់គ្មានកន្លែងរស់នៅ ត្រង់នេះស្របពេលមានបញ្ហាកូវីដ ១៩ ទាំងនេះក៏យើងត្រូវគិតពីសុខុមាលភាពរបស់ប្រជាពលរដ្ឋជាធំផងដែរ ដូច្នេះសាលារាជធានីភ្នំពេញ ត្រូវតែត្រិះរិះពិចារណារកមធ្យោបាយក្នុងការដោះស្រាយបញ្ហានេះ ធ្វើម៉េចឱ្យបានសមរម្យផងដែរ»។
លោក ទីន សាឡេះ អតីតតំណាងសហគមន៍អាជីវកម្មបែត្រី សង្កាត់ច្រាំងចំរេះ ១-២ ប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកក៏បានជូនដំណឹងបន្តទៅបងប្អូន និងម្ចាស់បែចិញ្ចឹមត្រី ដើម្បីឱ្យត្រៀមរុះរើផងដែរ។
លោកថ្លែងថា៖ «ខ្ញុំបានជូនដំណឹងទៅគ្នាខ្ញុំហើយ ធ្វើម៉េចបើច្បាប់ដាក់ផែនការមកអ៊ីចឹងហើយ មានតែរើបែចិញ្ចឹមត្រីសិនហើយ ពួកយើងចិញ្ចឹមត្រីនៅតាមមាត់ទឹកតាំងពីយូរហើយ។ យើងដាក់ឡូត៍នៅមាត់ទឹក បានត្រីពូជអីហ្នឹង ចេះតែទម្លាក់ចូលឡូត៍ឥឡូវដល់ពេលរដ្ឋឱ្យរុះរើអីចឹង យើងមិនតវ៉ាអីទេ»។
រដ្ឋបាលរាជធានីភ្នំពេញក៏ស្នើបងប្អូនប្រជាពលរដ្ឋប្ដូរទម្លាប់ពីការចិញ្ចឹមត្រីតាមបែលើផ្ទៃទន្លេ នៅភូមិសាស្ត្ររាជធានីភ្នំពេញមកចិញ្ចឹមត្រីតាមស្រះវិញ ហើយសង្ឃឹមថា សាធារណជន ម្ចាស់បែចិញ្ចឹមត្រី ម្ចាស់ផ្ទះបណ្តែតទឹក ម្ចាស់ផ្ទះតូចៗ និងម្ចាស់សំណង់មិនរៀបរយនៅលើផ្ទៃទនេ្ល ទាំងអស់នឹងចូលរួមអនុវត្តតាមសេចក្ដីជូនដំណឹងដោយស្មារតីទទួលខុសត្រូវខ្ពស់ ដើម្បីផលប្រយោជន៍រួម៕