
រូបបដិមាព្រះពុទ្ធនៅប្រាសាទផ្ទី ដែលទើបបញ្ចប់ការជួសជុល។ រូបថត អាជ្ញាធរជាតិអប្សរា
សៀមរាបៈ អាជ្ញាធរជាតិអប្សរាបានបញ្ចប់ការងារជួសជុលប្រាសាទផ្ទីដែលស្ថិតនៅកណ្ដាលបារាយណ៍នៃបណ្តុំប្រាសាទបេងមាលា និងកំពុងបន្តជួសជុលកែលម្អប្រាសាទមួយចំនួនជាបន្តបន្ទាប់ទៀត ដែលជាផ្នែកមួយនៃការអភិរក្សប្រាសាទបុរាណ។
លោក គឹម សុធិន អគ្គនាយករងអាជ្ញាធរជាតិអប្សរា ថ្លែងថា ការជួសជុលប្រាសាទផ្ទីបានសម្រេចរួចរាល់ហើយនៅចុងខែឧសភា បន្ទាប់ពីចាប់ផ្តើមដំណើរការនៅដើមខែមេសា។ នៅដើមខែមីនា ការធ្វើកំណាយពិនិត្យរចនាសម្ព័ន្ធប្រាសាទនេះបានចាប់ផ្តើម និងឈានដល់ការជួសជុលលើកតម្លៃឡើងវិញ ក្រោមការចូលរួមពីវិស័យឯកជន គឺលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ក្នុងបំណងដើម្បីចូលរួមអភិរក្សមរតកសម្បត្តិបេតិកភណ្ឌជាតិ។
លោកបានថ្លែងថា៖ «ការជួសជុលប្រាសាទនេះ មានការលំបាកខ្លះដែរ ព្រោះការដ្ឋានស្ថិតនៅកណ្ដាលបារាយណ៍ក្នុងព្រៃ ហើយផ្លូវធ្វើដំណើរមានភាពតូចបន្ដិច ដែលពិបាកក្នុងការដឹកជញ្ជូនថ្មតាមរថយន្តធុនធ្ងន់»។
យ៉ាងណាក្តី លោក គឹម សុធិន បានសម្តែងការរីករាយជាខ្លាំងជាមួយសមិទ្ធផលថ្មីមួយបន្ថែមទៀតនេះ ពិសេសប្រាសាទដែលបានដួលរលំឃើញតែគំនរដុំថ្ម ហើយពេលនេះបានខិតខំផ្គុំឱ្យមានរូបរាងឡើងវិញ។
បើតាមអាជ្ញាធរជាតិអប្សរា ប្រាសាទផ្ទីស្ថិតនៅចំកណ្តាលបារាយណ៍ប្រាសាទបេងមាលា នៅភូមិបេងមាលា ឃុំបេងមាលា ស្រុកស្វាយលើ ខេត្តសៀមរាប។ ប្រាសាទនេះមានលក្ខណៈជាសំណង់ថ្មបាយក្រៀម រាងការ៉េ ប្រវែង ១៥ ម៉ែត្រ ៤ ជ្រុង និងមានជញ្ជាំងព័ទ្ធជុំវិញកម្ពស់ ១ ម៉ែត្រ។ នៅចំកណ្តាលមានតម្កល់រូបព្រះពុទ្ធប្រក់នាគសរុបទាំងខឿនកម្ពស់ ៦,៥ ម៉ែត្រ ធ្វើអំពីថ្មភក់ ដែលទំនងជាត្រូវបានសាងសង់ឡើងរវាងពាក់កណ្ដាលសតវត្សរ៍ទី ១២ ទៅចុងសតវត្សរ៍ទី ១២។
លោក ឡុង កុសល អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរាថ្លែងថា ក្រៅពីប្រាសាទផ្ទី នៅមានប្រាសាទផ្សេងៗទៀតជាច្រើនដែលកម្លាំងអាជ្ញាធរជាតិអប្សរាកំពុងធ្វើការជួសជុលឡើងវិញ ដើម្បីឱ្យមានសោភណភាពស្អាត។
ជាមួយគ្នានោះ អាជ្ញាធរក៏បានធ្វើការរៀបចំកែលម្អទិដ្ឋភាព និងទេសភាពជុំវិញតំបន់ប្រាសាទអង្គរ និងពង្រឹងកិច្ចការងារអភិរក្ស លើកកម្ពស់សេវាកម្មទេសចរណ៍ ផ្តល់ទំនុកចិត្តដល់ភ្ញៀវទេសចរក្នុងការមកទស្សនាកម្សាន្តនៅតំបន់សៀមរាបអង្គរផងដែរ។
លោក កុសល ថ្លែងថា៖ «បើនិយាយពីការជួសជុលគឺមានច្រើនក្នុងនោះយើងកំពុងធ្វើកិច្ចការងារជួសជុលលើកតម្លៃប្រាសាទបាយក្អែកនៅមុខប្រាសាទអង្គរវត្ត ជួសជុលប្រាសាទមេបុណ្យខាងលិច យើងធ្វើការជួសជុលព្រលានជល់ដំរី ស្ពានហាលនៅអង្គរវត្ត និងធ្វើការជួសជុលស្រះទឹកខាងជើងនៃប្រាសាទអង្គរវត្ត ស្ទើរគ្រប់ទីកន្លែងហ្នឹង បើនិយាយទៅ»។
ជាមួយគ្នានេះអាជ្ញាធរជាតិអប្សរាបានទទួលវត្ថុបុរាណចំនួន ៥ ពីបញ្ជាការដ្ឋានយោធភូមិភាគទី ៤ ក្នុងឱកាសដាំកូនឈើប្រណីតចំនួន ១ ម៉ឺនដើមនៅបញ្ជាការដ្ឋាន យោធភូមិភាគទី ៤ កាលពីថ្ងៃទី ១ ខែមិថុនា ដើម្បីយកទៅថែរក្សា និងអភិរក្ស។
លោក ឡុង កុសល ថ្លែងថា កម្លាំងយោធភូមិភាគទី ៤ បានប្រទះឃើញវត្ថុបុរាណទាំងនោះ នៅពេលធ្វើកិច្ចការងារផ្សេងៗក្នុងពេលកន្លងមក ហើយបានរក្សាទុក រង់ចាំពេលវេលាសមស្របទើបផ្តល់ជូនមកអាជ្ញាធរជាតិអប្សរា។
លោកបានបញ្ជាក់ថា៖ «កន្លងមកគាត់បានឃើញអ៊ីចឹងទៅគាត់ប្រមូលទុកនៅកន្លែងនេះ កន្លែងនោះអ៊ីចឹងសិនទៅ។ តែឥឡូវគាត់បានយកមកផ្តុំទុក ១ កន្លែងហើយប្រគល់ជូនមកអាជ្ញាធរជាតិអប្សរា។ អ៊ីចឹងពេលនេះ យើងបានយកទៅរក្សាទុកនៅឃ្លាំងអភិរក្ស ដើម្បីធ្វើការជួសជុល ហើយទើបសិក្សាមើលថា តើត្រូវយកទៅដាក់នៅទីណា» ។
វត្ថុបុរាណដែលអាជ្ញាធរជាតិអប្សរាបានទទួលនោះ រួមមាន ១- សសរពេជ្រ ១ កំណាត់តូច ២- កំពូលប្រាសាទតាមជ្រុងនៃប្រាសាទធំ ៣- ឆ្នាំងថ្នាំមួយ ៤- ដុំហោជាងផ្នែកខាងលើ មានកំណាត់ព្រះសិររូបព្រះ ១ ផ្នែក និង៥- បង្គោលព្រះទិស ១ ដុំ៕