ភ្នំពេញៈ កម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានរៀបចំកម្មវិធីពិភាក្សាចែករំលែកស្តីពីវិធានការគាំពារសង្គម ក្នុងអំឡុងពេលផ្ទុះឡើងនូវជំងឺកូវីដ ១៩ នៅប្រទេសកម្ពុជា ដើម្បីគាំទ្រដល់ជនក្រីក្រ និងស្តារសេដ្ឋកិច្ចឡើងវិញជូនដល់ស្ថាប័ន និងអង្គការដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធនៅក្នុងតំបន់។
សេចក្តីប្រកាសព័ត៌មានរបស់ UNDP នៅថ្ងៃទី ៣ ខែមិថុនា ឱ្យដឹងថា ចាប់តាំងពីខែកក្កដា ឆ្នាំ ២០២០ រដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវវិធានការមួយចំនួន ដើម្បីកាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ចសង្គម នៅពេលមានការរីករាលដាលនៃជំងឺកូវីដ ១៩។
វិធានការនោះរួមទាំងការបូកបញ្ចូលពីការផ្តល់ប្រាក់ដល់ជនងាយរងគ្រោះ និងជនក្រីក្រប្រមាណ ៧០០ ០០០ នាក់ ដែលទទួលរងផលប៉ះពាល់ខ្លាំងពីការរីករាលដាលនៃជំងឺកូវីដ ១៩។
លោក សំហេង បុរស រដ្ឋលេខាធិការក្រសួងសង្គមកិចុ្ច អតីតយុទ្ធជន និងយុវនីតិសម្បទាថ្លែងថា នេះគឺជាលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាបានអនុវត្តគម្រោងគាំពារសង្គមក្នុងទំហំធំបែបនេះ។ គម្រោងនេះ ផ្តោតលើគោលការណ៍សមធម៌ សមភាព និងប្រសិទ្ធភាព។
លោក សំហេង បុរស បន្ថែមថា ការធ្វើការក្នុងភាពជាដៃគូជាមួយដៃគូអភិវឌ្ឍន៍ រាជរដ្ឋាភិបាលបានប្រើប្រាស់យ៉ាងមានប្រសិទ្ធភាពនូវថវិកាសន្សំរបស់ខ្លួនក្នុងការជួយដល់អ្នកមានតម្រូវការបានទាន់ពេលវេលា ជាពិសេសជនងាយរងគ្រោះ និងជនក្រីក្រ។ វិធានការគាំពារសង្គមផ្សេងទៀតក៏បានផ្តល់ទៅឱ្យពលរដ្ឋដែលស្ថិតក្នុងតំបន់ដែលមានការបិទខ្ទប់។
លោក Kanni Wignararaja នាយកប្រចាំតំបន់ UNDP នៃការិយាល័យតំបន់អាស៊ី និងប៉ាស៊ីហ្វិក បានថ្លែងថា គម្រោងគាំពារសង្គមគឺជាការវិនិយោគដ៏សំខាន់បំផុតសម្រាប់ប្រជាជន។
លោក Kanni Wignararaja ថ្លែងថា៖ «នៅពេលដែលយើងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ ១៩ថ្មី យើងត្រូវតែស្វែងរកមធ្យោបាយកំណត់ការឆ្លង និងវិធានការគាំពារឱ្យបានកាន់តែប្រសើរ ចំពោះជនងាយរងគ្រោះបំផុត»។
បើតាមលោក Kannin Wignararaja គម្រោងគាំពារសង្គម គឺមានសារៈសំខាន់ខ្លាំងណាស់ក្នុងការធានាសុខុមាលភាពរបស់ជនដែលប្រឈមទៅនឹងហានិភ័យ រួមនឹងការជួយកម្ពុជាឱ្យទទួលបានជោគជ័យនូវការផ្លាស់ប្តូរទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់។
ដូច្នេះ UNDP ដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចការនេះ ដោយធ្វើការជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា និងដៃគូអភិវឌ្ឍន៍ ដើម្បីកសាងប្រព័ន្ធគាំពារសង្គមមួយដ៏ខ្លាំង សម្រាប់ប្រទេស។
UNDP បានព្យាករពីការធ្លាក់ចុះសេដ្ឋកិច្ច -៤,១% ហើយស្ថានភាពក្រីក្រ អាចកើនឡើងទ្វេដងដល់ ១៧,៦% ក្នុងឆ្នាំ ២០២០ ប្រសិនបើមិនមានការអន្តរាគមន៍ទាន់ពេលវេលា។ ផលប៉ះពាល់លើភាពក្រីក្រត្រូវបានប៉ាន់ស្មានថា មិនសូវមានភាពធ្ងន់ធ្ងរ ហើយកំណើនសេដ្ឋកិច្ចនឹងកើនឡើងក្នុងរង្វង់ ៤ % នៅឆ្នាំ ២០២១។
បញ្ហាប្រឈមធំជាច្រើនបានកើតឡើងក្នុងការឆ្លើយតបទៅនឹងរលកនៃជំងឺកូវីដ-១៩ ដែលបានផ្ទុះឡើងនៅចុងខែមករា។ ការបិទខ្ទប់ទីក្រុងយ៉ាងតឹងរ៉ឹង និងការបង្កើតឡើងតំបន់ក្រហមត្រូវបានអនុវត្ត ដែលជាវិធានការ ដើម្បីកាត់ផ្តាច់ការចម្លងនៃជំងឺកូវីដ ១៩ ដែលបង្កឱ្យមានបញ្ហាប្រឈមដល់ក្រុមជនងាយរងគ្រោះមួយចំនួន។
បើតាម UNDP តម្រូវការនាពេលនេះ គឺដើម្បីធានាថា បានដោះស្រាយបញ្ហាបានភ្លាមៗ និងធានាថា ការរឹតបន្តឹងនៅពេលអនាគតលើការរួមបញ្ចូលចលនា ការពារទៅលើសិទ្ធិ និងសុខុមាលភាពនៃអ្នករងគ្រោះ ធ្ងន់ធ្ងរបំផុតជាមួយវិធានការដ៏មានប្រសិទ្ធភាពក្នុងការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ ១៩។ UNDP និងដៃគូអភិវឌ្ឍន៍ដទៃទៀត កំពុងចូលរួមគាំទ្ររាជរដ្ឋាភិបាលកម្ពុជាក្នុងការរកដំណោះស្រាយ។
លោក Luke Arnold ឯកអគ្គរាជទូតរងនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជាថ្លែងថា រដ្ឋាភិបាលកម្ពុជាបានផ្តល់ថវិកាប្រមាណ ៣០០ លានដុល្លារអាមេរិកជួយដល់គ្រួសារក្រីក្របំផុតចំនួន ៧០០ ០០០ គ្រួសារ ដើម្បីឆ្លើយតបនឹងផលប៉ះពាល់ខាងសេដ្ឋកិច្ចដោយសារជំងឺរាតត្បាតនេះ។
ការគាំទ្ររបស់អូស្ត្រាលីតាមរយៈដៃគូដូចជា GIZ Cambodia និង UNDP Cambodia បានដើរតួនាទីយ៉ាងសំខាន់ក្នុងការបង្កើតប្រព័ន្ធផ្ទេរប្រាក់បន្ទាន់នេះ។
បើតាមលោក Luke Arnold ដោយមើលឃើញពីអត្ថប្រយោជន៍សេដ្ឋកិច្ចសង្គម និងនយោបាយនៃកម្មវិធីគាំពារសង្គមបែបនេះ សម្រាប់ទាំងប្រទេសកម្ពុជា និងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក អូស្ត្រាលីនឹងបន្តគាំទ្រដល់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមប្រកបដោយនិរន្តរភាពនៅប្រទេសកម្ពុជា ទាំងក្នុងអំឡុង និងក្រោយពេលនៃជំងឺរាតត្បាតកូវីដនេះ៕