ភ្នំពេញៈ អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ម្សិលមិញ​បាន​ដុត​កម្ទេចចោល​សត្វជ្រូក​ចំនួន​ ១០០ ​ក្បាល​ ដែល​ចាប់បាន​ពី​ទីសត្តឃាត​ចំនួន​ ២ ​កន្លែង​ផ្សេងគ្នា​ក្នុង​រាជធានី​ភ្នំពេញ បន្ទាប់ពី​រកឃើញ​មាន​កើត​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​។

លោក តាន់ ផាន់ណារ៉ា អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ បាន​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ តាម​ទូរស័ព្ទ​អំឡុងពេល​​ដុត​កម្ទេច​ជ្រូក​ទាំងនេះ​នៅ​តំបន់​​ភ្នំ​តាម៉ៅ ខេត្តតាកែវ ថា ជ្រូក​ទាំង​ ១០០ ក្បាល​នេះ​ គឺ​ត្រូវបាន​​ក្រុម​ជំនាញ ស្រាវជ្រាវ​តាម​ចាប់​​បាន​តាំងពី​ច្រកព្រំដែន​ថៃ រហូត​​មកឃាត់​បាន​នៅក្នុង​ទី​សត្វឃាត​ចំនួន​ ២ កន្លែង​ផ្សេងគ្នា​។

លោក​បាន​បន្តថា កន្លែង​ដែល​​ឃាត់​ជ្រូក​មាន​ផ្ទុក​ជំងឺ​នេះ​បាន គឺ​ទី​១ នៅ​ចំណុច​ទី​សត្វឃាត​ច្បារអំពៅ និង​ទី​២ នៅ​ទី​សត្វឃាត​ដំណាក់​ធំ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​ក្រុម​ជំនាញ​បាន​ចុះ​ប្រតិបត្តិការ​ឃាត់​ជ្រូក​ទាំងនេះ​កាលពី​សប្តាហ៍​មុន ខណៈ​លទ្ធផល​ធ្វើតេស្ត​បាន​រកឃើញ​ថា មាន​ផ្ទុក​ជំងឺប៉េស្ដ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​​ទទួលបាន​ព័ត៌មាន​ពី​ការនាំ​ជ្រូក​ទាំងនេះ​ខុសច្បាប់​នៅ​ច្រកព្រំដែន ប៉ុន្តែ​យើង​ដេញចាប់​មិនទាន់​ក៏​ចូល​ទៅដល់​​ទី​សត្វឃាត​នៅ​ភ្នំពេញ ហើយ​យើង​ក៏បាន​តាម​ចូលទៅ​ចាប់​រហូត​ដល់ទី​សត្វឃាត​ទាំងនេះ​តែម្តង​»​។

ចំពោះ​នីតិវិធី​លើ​ជន​ពាក់ព័ន្ធ​នឹង​ការនាំ​ជ្រូក​ខុសច្បាប់​ដែលមាន​ជំងឺ​ចូលមក​កម្ពុជា​នេះ លោក តាន់ ផាន់ណារ៉ា បាន​អះអាង​ថា អគ្គនាយកដ្ឋាន​នឹងធ្វើ​ទៅតាម​ច្បាប់​ដែល​មាន​ចែង ខណៈ​អ្នក​ជាប់​ពាក់ព័ន្ធ សមត្ថកិច្ច​បន្ត​ស្រាវជ្រាវ​ដើម្បី​យក​មក​អនុវត្ត​ទោស​តាម​នីតិវិធី​ច្បាប់​។

លោក​បាន​បន្ថែមថា​៖ «​ពេល​យើង​ចាប់​ហើយ យើង​សម្រេច​នូវ​អ្វី​ដែលជា​ហានិភ័យ​សិន ហើយ​វា​ក៏​ជាការ​សម្រេច​របស់​ឯកឧត្តម​រដ្ឋមន្ត្រី​ដែរ ថា​ដុត​​កម្ទេចចោល​សិន ហើយ​ចាំ​នីតិវិធី​ផ្សេងៗ​យើង​ធ្វើ​បន្តទៀត​។ ​មកទល់​ពេលនេះ​យើង​មិន​​ទាន់​ឃាត់ខ្លួន​នរណា​ទេ ប៉ុន្តែ​ភ័ស្តុតាង ដូចជា យានយន្ត​អី គឺ​នៅ​នឹង​យើង​នៅឡើយ​ទេ​»​។

គិត​ត្រឹម​ថ្ងៃទី ៣ ខែមិថុនា អគ្គនាយកដ្ឋាន​សុខភាព​សត្វ​បាន​ដុត​កម្ទេច​ជ្រូក​នាំចូល​ខុសច្បាប់​ដែលមាន​ផ្ទុក​ជំងឺ​​ប៉េស្ត​ជ្រូក​អាហ្វ្រិក​ចំនួន​ ៤ ​លើក​​មកហើយ គឺ​លើក​ទី​១ មាន​ចំនួន ៣០ ​ក្បាល លើក​ទី​២ មាន​ចំនួន​ ៣៨ ​ក្បាល និង​លើក​ទី​៣ មាន​ចំនួន​ ១២០ ​ក្បាល ខណៈ​ការដុត​កម្ទេចចោល​នៅ​ថ្ងៃទី​ ៣ ​មិថុនា ​គឺជា​ករណី​លើក​ទី​៤​។ នេះ​បើតាម លោក តាន់ ផាន់ណារ៉ា​។

លោក ស្រ៊ុន ពៅ ប្រធាន​សមាគម​អ្នក​ចិញ្ចឹមសត្វ​កម្ពុជា​​បាន​ថ្លែងថា ករណីនេះ ​គឺជា​ការធ្វេសប្រហែស​របស់​សមត្ថកិច្ច​នៅតាម​ព្រំដែន​ដែល​នៅតែ​បណ្តែតបណ្តោយ​ឱ្យមាន​ការនាំចូល​ជ្រូក​ដោយ​ខុសច្បាប់​រហូត​មក​ដល់​រាជធានី​ភ្នំពេញ​។ លោក​បារម្ភ​ថា បើ​អគ្គនាយកដ្ឋាន​មិន​បង្ក្រាប​ករណីនេះ​បានទេ អាច​នឹងមាន​ការចម្លង​ជំងឺ​នេះ​ចូលមក​កាន់​ប្រទេស​កម្ពុជា​។

ករណីនេះ​លោក​ភ័យខ្លាច​ការនាំ​ចូល​ខុសច្បាប់​ដទៃទៀត​ដែល​អាច​នឹង​បង្ក​ឱ្យ​កើតមាន​ហេតុការណ៍​ផ្ទុះ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក ដែល​ជា​ហេតុ​ធ្វើឱ្យ​កម្ពុជា​ខាតបង់​សេដ្ឋកិច្ច​យ៉ាងធ្ងន់ធ្ងរ​ម្តងទៀត​។

លោក ស្រ៊ុន ពៅ បាន​អះអាង​ថា ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​នេះ គឺជា​ជំងឺ​សត្វ​ជ្រូក ១ ​ប្រភេទ ​ដែល​ឆ្លង​យ៉ាង​សាហាវ​បំផុត​ទៅដល់​សត្វ​ជ្រូក​ដទៃ ហើយ​វា​មិនទាន់មាន​វ៉ាក់សាំង​សម្រាប់​ចាក់​ការពារ​ និង​ព្យាបាល​នោះទេ ព្រោះ​ថា ប្រសិន​បើ​មាន​ឆ្លង​ចូលមក​ដល់​ជ្រូក​នៅក្នុង​ស្រុក នឹង​បន្ត​រីករាលដាល​តាមរយៈ​ការប៉ះពាល់​សត្វ​ជ្រូក​មាន​ជំងឺ តាមរយៈ​រុយ ឬ​ចៃ​របស់​សត្វ​ទាំងនោះ​យ៉ាង​ឆាប់រហ័ស​។

លោក​បាន​បញ្ជាក់ថា​៖ «​ខ្ញុំ​សូម​សំណូមពរ​ឱ្យ​សមត្ថកិច្ច​នៅតាម​ព្រំដែន​រឹតបន្ដឹង​ឱ្យ​មែនទែន ពីព្រោះ​សត្វ​មាន​ជំងឺ​នេះ បើកាលណា ដឹក​ឆ្លងកាត់​មក​យើង មិនដឹង​ឆ្លងកាត់​ប៉ុន្មាន​កន្លែង​រួចមកហើយ​ទេ​។ អ៊ីចឹង​ហើយ ប្រសិនបើ​សត្វ​អស់នេះ យើង​ការពារ​មិនបាន​ដោយ​​នៅតែ​បណ្តែត​បណ្តាយ​ចូល​​មក​បាន​ទៀត នឹង​ធ្វើឱ្យ​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​អ្នក​ចិញ្ចឹម​​ក្នុងស្រុក​»​។

កាលពី​ឆ្នាំ ២០១៩ នៅក្នុង​​ប្រទេស​កម្ពុជា​ធ្លាប់មាន​ការផ្ទុះ​ជំងឺ​នេះ​ម្តង​រួចមកហើយ ដោយ​ការឆ្លង​ចូល​នៃ​ជំងឺប៉េស្ត​ជ្រូក​អាហ្វ្រិក​ជា​ហេតុ​ធ្វើឱ្យ​កម្ពុជា​ជួបប្រទះ​នូវ​ការខ្វះ​ជ្រូក​សម្រាប់​ផ្គត់ផ្គង់​ក្នុងស្រុក ដោយសារ​តែ​ត្រូវ​សម្លាប់​ជ្រូក​ដែល​ឆ្លង​ក្នុង​​ស្រុក​អស់​រាប់ពាន់​ក្បាល​។ នេះ​បើ​យោងតាម​ការអះអាង​របស់​រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​៕

វីដេអូ៖