រដ្ឋាភិបាលជប៉ុន តាមរយៈស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា បានសម្រេចផ្តល់ជំនួយជារថយន្តគិលានសង្គ្រោះចំនួន ៣០ គ្រឿងបន្ថែមទៀតដល់កម្ពុជា ដើម្បីចូលរួមការប្រយុទ្ធប្រឆាំងជំងឺឆ្លងកូវីដ ១៩ នៅកម្ពុជា។
ពិធីប្រគល់ទទួលរថយន្តគិលានសង្គ្រោះ ៣០ គ្រឿងដែលជាជំនួយរបស់រដ្ឋាភិបាលជប៉ុនត្រូវបានប្រារព្ធឡើងកាលពីថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២១ នៅឃ្លាំងឱសថកណ្តាលនៃក្រសួងសុខាភិបាល ក្រោមវត្តមានលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាលោក មិកាមិ ម៉ាសាហ៊ីរ៉ូ។
លោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឱ្យដឹងថា ប្រទេសជប៉ុននឹងបន្តកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជាក្នុងការផ្តល់នូវឧបករណ៍ និងសម្ភារៈចាំបាច់ផ្សេងៗទៀត ហើយសង្ឃឹមថាការផ្គត់ផ្គង់ទាំងនេះនឹងអាចជួយដល់ភាគីពាក់ព័ន្ធផ្នែកសុខាភិបាលនៅកម្ពុជាដែលកំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការប្រយុទ្ធប្រឆាំងជាមួយនឹងជំងឺកូវីដ ១៩។
កាលពីថ្ងៃទី ៧ ខែ ឧសភា ឆ្នាំ ២០២១ រដ្ឋាភិបាលជប៉ុនបានប្រគល់រថយន្តគិលានសង្គ្រោះចំនួន ៣៥ គ្រឿងជូនដល់កម្ពុជា ដើម្បីជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការប្រយុទ្ធប្រឆាំងនឹងការឆ្លងវីរុសកូរ៉ូណាប្រភេទថ្មីនៅលើសកលលោក៕