ភ្នំពេញៈ ក្រសួងអប់រំ យុវជន និង កីឡា កាលពីម្សិលមិញបានប្រកាសពីការផ្ដល់អាហារូបករណ៍ជយលាភីនិស្សិតឆ្នើមក្នុងឆ្នាំ ២០២១ នេះក្រោមកិច្ចសហប្រតិបត្តិការជាមួយ Asia Development Foundation របស់ប្រទេសកូរ៉េខាងត្បូងដោយមាននិស្សិតថ្មីចំនួន ៣០ រូបត្រូវបានជ្រើសរើសនៅឆ្នាំនេះ។
យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងអប់រំចុះថ្ងៃទី ៤ មិថុនា បានឱ្យដឹងថា នៅឆ្នាំនេះ ក្រោមកិច្ចសហប្រតិបត្តិការនេះមាននិស្សិតជយលាភីកម្ពុជាចំនួន ៦២ រូបដែលកំពុងសិក្សានៅគ្រឹះស្ថានរដ្ឋនិងឯកជនចំនួន ១៨ ត្រូវបានជ្រើសដើម្បីទទួលបានអាហារូបករណ៍ជាសាច់ប្រាក់ ២ លានរៀលក្នុង ១ ឆ្នាំសិក្សា។
បើតាមសេចក្តីប្រកាសដដែល ការជ្រើសរើសនេះផ្ដោតលើលក្ខខណ្ឌនៃលទ្ធផលការសិក្សាថ្នាក់វិទ្យាល័យ ផែនការសិក្សានិងការស្រាវជ្រាវនៅថ្នាក់ឧត្តមសិក្សា ស្ថានភាពហិរញ្ញវត្ថុនិងការប្ដេជ្ញាចិត្តរបស់បេក្ខជន។ ក្នុងនោះរួមមាននិស្សិតជយលាភីជំនាន់ទី ១ ដែលត្រូវបានជ្រើសរើសចាប់តាំងពីឆ្នាំ ២០១៨ ចំនួន ១៣ រូប និស្សិតជយលាភីជំនាន់ទី ២ ដែលត្រូវបានជ្រើសរើសចាប់តាំងពីឆ្នាំ ២០១៩ ចំនួន ១៨រូបនិងនិស្សិតជយលាភីជំនាន់ទី ៣ ដែលត្រូវបានជ្រើសរើសថ្មីនៅឆ្នាំ ២០២១ នេះចំនួន ៣០ រូប។
យោងតាមក្រសួងអប់រំ យុវជន និង កីឡា គិតចាប់តាំងពីឆ្នាំ ២០១៨ មក Asia Development Foundation(ADF) បានផ្ដល់អាហារូបករណ៍ជាសាច់ប្រាក់ដល់និស្សិតឆ្នើមកម្ពុជាដែលត្រូវឆ្លងការដាក់ពាក្យសុំតាមប្រព័ន្ធអនឡាញ (Online) ដោយការប្រឡងវិញ្ញាសាសំណេរនិងការសម្ភាសពីក្នុងចំណោមពាក្យស្នើសុំប្រមាណ ៧០០ ទៅ ១០០០ ច្បាប់ក្នុង ១ ឆ្នាំៗ។
ចំណែកលក្ខខណ្ឌដែលអាចទទួលបានអាហារូបករណ៍សម្រាប់ឆ្នាំថ្មីបន្តទៀតនិស្សិតជយលាភីគ្រប់រូបត្រូវមានរបាយការណ៍ដែលបង្ហាញពីសកម្មភាពសង្គមនិងការស្ម័គ្រចិត្តសហគមន៍និងលទ្ធផលខ្ពស់នៃការសិក្សា។ នេះបើតាមក្រសួងអប់រំដដែល។
ជាមួយគ្នានេះ ក្រសួងអប់រំ ក៏បានសម្ដែងការអរគុណចំពោះThe Asia Development Foundation(ADF) ចំពោះការផ្ដល់អាហារូបករណ៍ជាសាច់ប្រាក់ដល់និស្សិតជយលាភីកម្ពុជា តាំងពីឆ្នាំ ២០១៨ មក៕