ការផ្ទុះឡើងនៃជំងឺកូវីដ ១៩ កាលពីឆ្នាំមុន បានធ្វើឱ្យស្ថានការណ៍កាន់តែធ្ងន់ធ្ងរថែមទៀត ដោយសារការរឹតត្បិតការធ្វើដំណើរ និងការផ្អាកការធ្វើដំណើរឆ្លងកាត់ព្រំដែនបានធ្វើឱ្យប៉ះពាល់ដល់ប្រជាជនកម្ពុជា ដែលកំពុងត្រូវការការព្យាបាលពីអ្នកជំនាញវេជ្ជសាស្ត្រ ហើយមួយក្នុងចំណោមនោះ គឺកុមារដែលកើតជំងឺមហារីក។
ដោយមើលឃើញពីផលប៉ះពាល់ធ្ងន់ធ្ងរនៃជំងឺរាតត្បាតមកលើការគាំទ្រផ្នែកវេជ្ជសាស្ត្រចំពោះកុមារដែលកើតជំងឺមហារីក ស្ថានទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជាបានសហការជាមួយក្រុមហ៊ុនថៃនៅក្នុងវិស័យសាជីវកម្មដែលកំពុងប្រតិបត្តិការនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមចំណែកជាថវិកា ក៏ដូចជាសម្ភារដល់មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន (Japan Heart Children’s Medical Centre) នៅឃុំវិហារហ្លួង។
ឯកអគ្គរាជទូតថៃប្រចាំកម្ពុជា ឯកឧត្តម Panyarak Poolthup បានមានប្រសាសន៍ថា៖ «កាលពីមុន អ្នកជំងឺជាច្រើននៅកម្ពុជាអាចធ្វើដំណើរទៅប្រទេសជិតខាង ដើម្បីទទួលការព្យាបាល»។
«តាមរយៈវិធានការពិនិត្យសុខភាពតឹងរ៉ឹង និងការរឹតត្បិតការធ្វើដំណើរដោយប្រទេសជាច្រើននៅលើពិភពលោកក្នុងការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យមានការលំបាកយ៉ាងខ្លាំងដល់ប្រជាជនកម្ពុជាក្នុងការទទួលបានការព្យាបាលសុខភាពចាំបាច់ ជាពិសេសសម្រាប់កុមារដែលកើតជំងឺមហារីក ដែលគំរាមកំហែងដល់អាយុជីវិត។ ជាការឆ្លើយតបស្ថានទូតថៃក៏បានសម្របសម្រួល និងផ្តល់ជំនួយដល់ប្រជាជនកម្ពុជាដែលស្វែងរកការព្យាបាលនៅប្រទេសថៃ»។
«ហើយនេះគឺជាអ្វីដែលជំរុញយើងឱ្យរៀបចំព្រឹត្តិការណ៍មួយនេះឡើង ដើម្បីផ្តល់អត្ថប្រយោជន៍ដល់អ្នកជំងឺមហារីក ដែលទទួលការព្យាបាលពីមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន»។
មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុនត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៤ គឺជាអង្គការថែទាំសុខភាពស្ម័គ្រចិត្ត មិនស្វែងរកប្រាក់ចំណេញស្ថិតនៅក្នុងបរិវេណមន្ទីរពេទ្យបង្អែកពញាឮ ដែលបានផ្តល់ការព្យាបាលជំងឺមហារីកដោយឥតគិតថ្លៃ ដល់អ្នកជំងឺជាកុមារនៅក្នុងព្រះរាជាណាចក្រកម្ពុជាគិតចាប់តាំងពីឆ្នាំ ២០១៨ មក ។
មកដល់បច្ចុប្បន្ន មជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុនបានទទួលអ្នកជំងឺជិត ៥ ម៉ឺននាក់ និងបានធ្វើការវះកាត់ប្រមាណ ៥ ០០០ នាក់ សម្រាប់មនុស្សពេញវ័យ និងកុមារក្នុងនោះ ១២៦ ករណី ជាកុមារដែលកើតជំងឺមហារីក ហើយជារៀងរាល់ឆ្នាំតាមការប៉ាន់ស្មាន មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន បានព្យាបាលជាង ១០ ភាគរយនៃកុមារដែលកើតជំងឺមហារីកសរុបនៅកម្ពុជា។ មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុននៅឃុំវិហារហ្លួង ស្រុកពញាឮ មានឯកទេសព្យាបាលជំងឺមហារីកក្រពះ។
«យើងសម្រេចសហការជាមួយមជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ពីព្រោះពួកគេផ្តល់ការព្យាបាលជំនាញឯកទេសដល់កុមារកម្ពុជាដោយឥតគិតថ្លៃ ហើយទោះបី មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន ទទួលបានការគាំទ្រតាមរយៈម្ចាស់ជំនួយជប៉ុន និងអ្នកឧបត្ថម្ភពីវិស័យឯកជនជាប្រចាំក្តី ក៏មជ្ឈមណ្ឌលនៅតែត្រូវការប្រភពជំនួយហិរញ្ញវត្ថុបន្ថែម ដើម្បីអាចទ្រទ្រង់ និងរក្សាបាននូវសេវាកម្មព្យាបាលប្រកបដោយគុណភាព»។
ឯកឧត្តម Panyarak បានមានប្រសាសន៍ថា៖ «ចាប់តាំងពីក្រុមហ៊ុនថៃនៅកម្ពុជា បានផ្តោតសំខាន់លើទំនួលខុសត្រូវសង្គម ជាមួយគំនិតផ្តួចផ្តើមឯករាជ្យ និងមានសមូហភាព តាមរយៈការផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា យុទ្ធនាការបរិច្ចាគឈាម ដើម្បីជួយសង្គ្រោះជីវិត និងការរៃអង្គាសថវិកាដែលជាប្រភេទនៃកិច្ចខិតខំប្រឹងប្រែងផ្តល់ជំនួយសង្គ្រោះពេលមានគ្រោះមហន្តរាយផ្សេងៗនៅក្នុងចំណោមការផ្តល់ជំនួយជាច្រើនទៀត យើងក៏បានបន្តអញ្ជើញពួកគេឱ្យមកចូលរួមជាមួយយើងនៅក្នុងព្រឹត្តិការណ៍នេះផងដែរ»។
ដោយយល់ឃើញថា ជំងឺរាតត្បាតនេះបានជះឥទ្ធិពលយ៉ាងខ្លាំងដល់អាជីវកម្មនៅទូទាំងពិភពលោក និងនៅក្នុងប្រទេសកម្ពុជាផងដែរនោះ ក្រុមហ៊ុនថៃទាំងនោះបានចូលរួមយ៉ាងសកម្មហួសពីការរំពឹងទុកនៅក្នុងព្រឹត្តិការណ៍នេះ ដោយបានផ្តល់វិភាគទានយ៉ាងច្រើនដើម្បីបន្តនិរន្តរភាពមជ្ឈមណ្ឌលព្យាបាលកុមារបេះដូងជប៉ុន។
ជំនួយទាំងនោះមានទាំងថវិកា និងសម្ភារផ្សេងៗទៀត។ ក្នុងចំណោមអ្នកបរិច្ចាគទាំងអស់ អ្នកបរិច្ចាគធំៗមានដូចជាមន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ក្រុមហ៊ុន SCG ក្រុមហ៊ុន Cambodia Air Traffic Services Co., Ltd., ក្រុមហ៊ុន Smilephan Co., Ltd. (Pop Popular Cosmetics) ធនាគារ Export-Import Bank of Thailand ក្រុមហ៊ុន PTT (Cambodia) Limited ក្រុមហ៊ុន Da Houg Heng Enterprise Ltd., ក្រុមហ៊ុន I-TIC (Cambodia) Co., Ltd., ក្រុមហ៊ុន TNP Health Care Co., Ltd., ក្រុមហ៊ុន Betagro (Cambodia) Co. Ltd., សណ្ឋាគារ Phnom Penh Hotel ធនាគារ Krung Thai Bank Pcl (Phnom Penh Branch) ក្រុមហ៊ុន Mong Khun Group Co., Ltd. ក្រុមហ៊ុន Home Access និងក្រុមហ៊ុន Modern Plastic & Packaging (Cambodia) Co., Ltd។
ស្ថានទូតថៃប្រចាំព្រះរាជាណាចក្រកម្ពុជាក៏ជាសប្បុរសជនម្នាក់ទៀតដែរ ដែលបានផ្តល់ជំនួយជាគ្រែ អ្នកជំងឺចំនួន ១០ គ្រែដែលជាបរិក្ខារចាំបាច់យ៉ាងខ្លាំងនៅក្នុងមជ្ឈមណ្ឌលកាលពីខែមីនា ឆ្នាំ ២០២១។
ព្រឹត្តិការណ៍នេះរៃអង្គាសថវិកាសរុបបានចំនួន ១១ ២០០ ដុល្លារ និងសម្ភារផ្សេងៗគិតជាថវិកាជាង ១០ ០០០ ដុល្លារ។
ចំពោះថវិកា និងសម្ភារផ្សេងៗដែលប្រមូលបាននៅក្នុងព្រឹត្តិការណ៍នេះ នឹងត្រូវយកទៅប្រើប្រាស់ទៅលើការព្យាបាលដោយឥតគិតថ្លៃសម្រាប់កុមារដែលកើតជំងឺមហារីកក៏ដូចជាការចំណាយផ្សេងៗផងដែរ។
ឯកឧត្តម Panyarak យល់ឃើញថា គំនិតផ្តួចផ្តើមនេះគឺជាព្រឹត្តិការណ៍មួយ ដោយមិនចាំបាច់ទាល់តែអ្នកជាជនជាតិខ្មែរ ជប៉ុន ឬថៃ នោះទេ ប៉ុន្តែយើងធ្វើក្នុងនាមជាមនុស្សជាតិ ដែលត្រូវចេះជួយ និងគាំទ្រគ្នាទៅវិញ ទៅមកក្នុងគ្រាមានអាសន្ន។
«យើងដឹងថាវាលំបាក និងប្រឈមខ្លាំងជាងពេលណាៗទាំងអស់សម្រាប់ប្រជាជនកម្ពុជាក្នុងអំឡុងពេលនៃជំងឺរាតត្បាតនេះ ជាពិសេសប្រសិនបើ បុត្រធីតារបស់អ្នក ឬសមាជិកគ្រួសារណាម្នាក់ត្រូវការការព្យាបាលបន្ទាន់ ឬជំនាញខ្លាំង»។
«ព្រឹត្តិការណ៍នេះគឺមានលក្ខណៈប្លែក ពីព្រោះមិនមែនជាការចូលរួមផ្ទាល់ពីក្រុមហ៊ុនណាមួយជាពិសេសនោះទេ ប៉ុន្តែវាជាការប្រមូលផ្តុំវិស័យឯកជនថៃទាំងអស់នៅកម្ពុជារួមតែមួយ។ ប៉ុន្តែអ្វីដែលមានអាទិភាព និងសំខាន់បំផុតនោះគឺ យើងជាមិត្តដ៏ជិតស្និទ្ធបំផុតម្នាក់របស់កម្ពុជា ដែលខិតខំផ្តល់ជំនួយឧបត្ថម្ភ និងការគាំទ្រដល់ប្រទេសកម្ពុជាឱ្យបានច្រើនបំផុតតាមដែលអាចធ្វើបានក្នុងកាលៈទេសៈដ៏ចាំបាច់នេះ»។
ឯកឧត្តមក៏បានមានប្រសាសន៍ថា៖ «តាមរយៈការបរិច្ចាគលើកនេះ យើងសង្ឃឹមថា ព្រឹត្តិការណ៍ដ៏តូចមួយនេះនឹងក្លាយជាកម្លាំងជំរុញដល់វិស័យដទៃទៀត ដើម្បីជួយគាំទ្រដល់មជ្ឈមណ្ឌលព្យាបាលកុមារ បេះដូងជប៉ុន និងមន្ទីរពេទ្យដទៃទៀត ក៏ដូចជាក្រុមជនងាយរងគ្រោះនៅកម្ពុជាផងដែរ»៕