សៀមរាបៈ ក្រុមមន្ត្រីជំនាញខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបកំពុងបន្តជីកស្ដារ និងបូមទឹកដាក់ក្នុងប្រព័ន្ធអូរ ប្រឡាយ និងអាងស្តុកទឹកមួយចំនួន ក្នុងតំបន់អភិរក្សត្រីមេពូជ បឹងពារាំង ដើម្បីជួយសង្គ្រោះត្រីមេពូជនៅក្នុងស្ថានភាពគំរាមកំហែង ដោយសារភាពរាំងស្ងួតក្នុងរដូវប្រាំង។
លោក ចាន់ តុង នាយរងខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាបបានឱ្យដឹងនៅថ្ងៃទី ៦ ខែមិថុនាថា ស្ថានភាពអាកាសធាតុ ក្ដៅ និងហប់ខ្យល់ខ្លាំង ធ្វើឱ្យត្រីមេពូជជាច្រើនរយក្បាលក្នុងតំបន់អភិរក្សមួយនេះបានងាប់ជាបន្តបន្ទាប់បង្កឱ្យមានក្ដីព្រួយកង្វល់។
លោកថ្លែងថា៖ «ក្រោយពីមានត្រីមេពូជងាប់ជាបន្តបន្ទាប់ ក្រុមការងារយើងបានចុះពិនិត្យស្ថានភាពក្នុងតំបន់នោះ ហើយឃើញថា កន្លែងខ្លះទឹកមានជម្រៅត្រឹមតែ ៣-៤ តឹក ហើយកន្លែងខ្លះទៀតមានជម្រៅត្រឹមតែ ៧-៨ តឹកប៉ុណ្ណោះ។ ចំណែកអាកាសធាតុក្នុងតំបន់នោះមានសភាពក្ដៅ និងហប់ខ្យល់ខ្លាំង ធ្វើឱ្យខ្វះខ្យល់អុកស៊ីហ្ស៊ែនក្នុងបរិយាកាស និងក្នុងទឹក»។
លោក ចាន់ តុង ថ្លែងថា ក្នុងរយៈពេល ២ ថ្ងៃមកនេះ ក្រុមការងាររបស់លោក បានប្រើម៉ាស៊ីនបូមទឹក បូមទឹកចេញពីអាងស្តុកទឹកចំនួន ២ ដែលស្ថិតនៅផ្នែកខាងលើជាប់មាត់បឹង បញ្ចូលទៅក្នុងប្រព័ន្ធអូរ ប្រឡាយ និងអន្លង់ពងកូននៃត្រីមេពូជក្នុងបឹងពារាំង ដើម្បីសង្គ្រោះត្រីមេពូជទាំងនោះ។
លោក ថ្លែងថា៖ «២ ថ្ងៃនេះយើងជីកស្ដារប្រឡាយក្នុងតំបន់បាតបឹងដែលមានទទឹង ៥ ម៉ែត្រ និងជម្រៅ ១,៥ ម៉ែត្រ បានប្រវែង ១០០ ម៉ែត្រ និងបានបូមទឹកដាក់បំពេញ ដើម្បីសម្រួលដល់ការបំផ្លាស់ទីរបស់ត្រី ហើយឥឡូវនេះ ត្រីក៏លែងឃើញមានងាប់ទៀតដែរ»។
ទោះជាបែបណាក៏ដោយ ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់អភិរក្សត្រីមេពូជបឹងពារាំងបានស្នើសុំឱ្យអាជ្ញាធរពាក់ព័ន្ធជីកអាង ឬស្រះ ស្តុកទឹកនៅផ្នែកខាងលើជាប់មាត់បឹងបន្ថែមទៀត សម្រាប់រក្សាទឹកសម្រាប់ប្រើប្រាស់ផង និង សម្រាប់ជួយផ្គត់ផ្គង់ដល់ប្រព័ន្ធអូរ ប្រឡាយ និងអន្លង់មួយចំនួនក្នុងតំបន់អភិរក្សត្រីមេពូជបឹងពារាំងនារដូវប្រាំង។
លោក សឿន សំបូរ ប្រធានផ្នែកអភិរក្សនៃសហគមន៍ទេសចរណ៍បឹងពារាំង បានឱ្យដឹងនៅថ្ងៃទី ៦ ខែមិថុនាថា បើទោះជានៅពេលនេះ មន្ត្រីជំនាញបានបូមទឹកចាក់ចូលទៅក្នុងប្រព័ន្ធប្រឡាយ និងអន្លង់ត្រីមេពូជក្ដី ប៉ុន្តែទំហំទឹកនោះ វាមានតិចតួចសម្រាប់រយៈពេលខ្លីប៉ុណ្ណោះ។
លោក សំបូរ ថ្លែងថា៖ «ឥឡូវនេះទឹកមានជម្រៅប្រមាណ ១,៥ ម៉ែត្រ ប៉ុន្តែវាអាចនឹងគោករីងជាថ្មីម្ដងទៀត ប្រសិនបើយើងមិនជីកអាង ឬស្រះសម្រាប់ស្តុកទឹកទុកឱ្យបានច្រើនជាងនេះ នៅផ្នែកខាងលើ និងផ្នែកកណ្ដាលនៃផ្ទៃបឹងទេនោះ»។
លោក សំបូរ បានថ្លែងថា ប្រភេទ ត្រីសណ្តាយ ត្រីក្រពាត់ និងត្រីក្រាយប្រមាណជា ១ តោនបានងាប់ ព្រោះប្រឡាយកន្លងមក មិនអាចស្តុកទឹកបាន សម្រាប់ទ្រទ្រង់ដល់ការរស់នៅរបស់ត្រីមេពូជនារដូវប្រាំងបានទាំងស្រុងនោះទេ៕