កោះកុងៈ រដ្ឋបាលខេត្ដកោះកុងកំពុងរៀបចំសំណុំរឿងបុគ្គលម្នាក់ ដើម្បីបញ្ជូនទៅតុលាការពាក់ព័ន្ធករណីរៀបចំឯកសារក្លែងបន្លំធ្វើជាតំណាងពលរដ្ឋជិត ១ ពាន់គ្រួសារ ដើម្បីស្នើសុំកាត់ឆ្វៀលដីពីតំបន់អភិរក្ស និងតំបន់ការពារធម្មជាតិដែលស្ថិតក្នុងស្រុកកោះកុង និងស្រុកបទុមសាគរ ខេត្តកោះកុង កាលពីថ្ងៃទី ៤ ខែមិថុនា។
លោក សុខ សុទ្ធី អភិបាលរងខេត្ដកោះកុងដែលបានដឹកនាំកិច្ចប្រជុំកាលពីថ្ងៃទី ៤ ខែមិថុនា ពាក់ព័ន្ធនឹងសំណើរបស់លោក ម៉ី ចិត្រ ដែលបានអះអាងថាជាតំណាងពលរដ្ឋជិត ១ ពាន់គ្រួសារហើយមកស្នើសុំចុះបញ្ជីដី និងសុំចេញវិញ្ញាបនបត្រសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុនៃស្រុកទាំង ២ នេះជាង ៣ ពាន់ហិកតាបានថ្លែងថា អាជ្ញាធរខេត្ដកោះកុងដែលពាក់ព័ន្ធបានបដិសេធសំណើនេះ និងបានអះអាងថា បុគ្គលនេះមិនមែនជាតំណាងប្រជាពលរដ្ឋឡើយ។
លោកបានថ្លែងថា៖ «បុគ្គលនេះគ្រាន់តែជាអ្នកយកឈ្មោះប្រជាពលរដ្ឋមកបន្លំ ហើយអះអាងជាតំណាងរបស់ប្រជាពលរដ្ឋ ដើម្បីស្នើសុំកាត់ឆ្វៀលដីរដ្ឋយកធ្វើជាកម្មសិទ្ធិ ប៉ុន្ដែបុគ្គលនេះគ្មានឯកសារប្រគល់សិទ្ធិ ហើយក៏គ្មានប្រជាពលរដ្ឋណាម្នាក់ក្នុងខេត្ដកោះកុង ស្នើតាមរយៈបុគ្គលនេះដើម្បីមកធ្វើបណ្ណកម្មសិទ្ធិដីធ្លីដែរ»។
លោក សុខ សុទ្ធី បានបន្តថា ការចង់ស្នើសុំធ្វើបណ្ណកម្មសិទ្ធិដីធ្លី ឬស្នើសុំកាត់ឆ្វៀលដីធ្លីគឺត្រូវស្នើសុំមករដ្ឋបាលខេត្ដ ឬរដ្ឋបាលភូមិឃុំហើយអាជ្ញាធរខេត្ដនឹងមានយន្តការចុះពិនិត្យដើម្បីរៀបចំចុះបញ្ជីដីធ្លីជូនពលដ្ឋទៅតាមផ្លូវច្បាប់។
លោកបានបញ្ជាក់ថា៖ «សកម្មភាពរបស់បុគ្គល ម៉ី ចិត្រ នេះគឺជាសកម្មភាពមួយដើរបោកប្រាស់តាមរយៈការក្លែងបន្លំឯកសារស្នាមផ្ដិតមេដៃប្រជាពលរដ្ឋ ដើម្បីស្នើទៅសម្ដេចតេជោនាយករដ្ឋមន្ដ្រី ហើយខុទ្ទកាល័យសម្ដេចឆ្លើយមកឱ្យរដ្ឋបាលខេត្ដ ដើម្បីដោះស្រាយដូច្នេះពេលយើងពិនិត្យមើលលើឯកសាររួចរាល់បុគ្គលនេះគឺជាអ្នកបោកប្រាស់»។
លោក សុទ្ធី បានបន្ថែមថា បច្ចុប្បន្នរដ្ឋបាលខេត្ដកំពុងរៀបចំឯកសារដែលទទួលបានច្បាស់លាស់ដើម្បីដាក់ទៅតុលាការខេត្តកោះកុងស៊ើបអង្កេត អនុវត្ដតាមនីតិវិធីច្បាប់លើជនក្លែងបន្លំរូបនេះ។
បើតាមលោក សុខ សុទ្ធី ឈ្មោះ ម៉ី ចិត្រ រូបនេះជាក់ស្ដែងមិនមែនរស់នៅក្នុងខេត្ដកោះកុងនោះទេគឺជាបុគ្គលមានអត្តសញ្ញាណរស់នៅខេត្ដបាត់ដំបង។ ចំណែកអត្ដសញ្ញាណប័ណ្ណ និងស្នាមមេដៃដែលបុគ្គលនេះភ្ជាប់មកជាមួយដែលថាជាពលរដ្ឋស្នើសុំកាត់ឆ្វៀលដីជាង ៦០ នាក់ទៀតគឺជាប្រជាពលរដ្ឋមកពីខេត្តផ្សេងៗ។
លោកបានឱ្យដឹងថា កាលពីកិច្ចប្រជុំ លោក ម៉ី ចិត្រ បានអះអាងថា គាត់ពិតជាតំណាងប្រជាពលរដ្ឋចំនួន ២៩៨ គ្រួសារ ស្នើសុំចុះបញ្ជីដី និងធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុសរុបដីជាង ២ ៨០០ ហិកតា ស្ថិតនៅឃុំ ស្រុកកោះកុង និងជាតំណាងប្រជាពលរដ្ឋចំនួន ៦៧៤ គ្រួសារមកពីស្រុកបទុមសាគរស្នើសុំចុះបញ្ជីដី និងធ្វើវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ សរុបដីជាង ៦០០ ហិកតា។
ក៏ប៉ុន្តែបន្ទាប់ពីលោកសួរបញ្ជាក់ទៅមេឃុំ និងអភិបាលរងស្រុកដែលចូលរួមកិច្ចប្រជុំថា តើធ្លាប់ស្គាល់ឈ្មោះ ម៉ី ចិត្រ និងដឹងថាឈ្មោះនេះជាតំណាងប្រជាពលរដ្ឋក្នុងឃុំ ស្រុក របស់ខ្លួនឬទេ? មេឃុំ និងអភិបាលរងស្រុកបានឆ្លើយថា មិនដែលបានស្គាល់ទេ ហើយក៏មិនបានដឹងថាឈ្មោះនេះជាតំណាងប្រជាពលរដ្ឋដែរ។
ភ្នំពេញ ប៉ុស្ដិ៍ មិនទាន់មានប្រភពដើម្បីទាក់ទងបុគ្គលឈ្មោះ ម៉ី ចិត្រ បានទេកាលនៅថ្ងៃទី ៦ មិថុនា។
លោក ថោង ច័ន្ទតារា មន្ដ្រីសម្របសម្រួលសមាគមសិទ្ធិមនុស្សអាដហុកប្រចាំខេត្តកោះកុងថ្លែងថា តំណាងសហគមន៍ភាគច្រើន គឺលោកស្គាល់ ប៉ុន្ដែសម្រាប់ឈ្មោះ ម៉ី ចិត្រ នេះ លោកមិនធ្លាប់ស្គាល់ទេ។ នេះគឺជាសកម្មភាពបោកប្រាស់ ដើម្បីយកដីរដ្ឋមកធ្វើជាកម្មសិទ្ធិ។
លោកបានបញ្ជាក់ថា៖ «បន្ទាប់ពីរដ្ឋាភិបាលបានចេញអនុក្រឹត្យលេខ ៣០ អនក្រ.បក ដែលបានប្រគល់ដីទៅឱ្យរដ្ឋបាលខេត្តគ្រប់គ្រងចាត់ចែងមក ត្រូវបានជនឆ្លៀតឱកាសនិយមបន្លំធ្វើជាតំណាងប្រជាពលរដ្ឋមកស្នើសុំដីរាប់ពាន់ហិកតាមកធ្វើជាកម្មសិទ្ធិ។ តំណាងប្រជាពលរដ្ឋពិតប្រាកដខ្ញុំស្គាល់គ្រប់ឃុំទាំងអស់។ យើងបារម្ភដីទាំងអស់នេះធ្លាក់ទៅលើកណ្តាប់ដៃជនល្មើស ហើយប្រជាពលរដ្ឋនៅតែខ្វះខាតដីដដែល»៕