សៀមរាបៈ អ្នកជំនាញបុរាណវិទ្យាកម្ពុជា និងម៉ិកស៊ិកចែករំលែកបទពិសោធក្នុងកិច្ចការស្រាវជ្រាវបុរាណវិទ្យាដល់អ្នកជំនាញបន្តវេនជំនាន់ក្រោយឱ្យបានយល់ដឹងពីកិច្ចការបេតិកភណ្ឌរបស់អ្នកជំនាន់មុនតាមរយៈសិក្ខាសាលាលើកទី ១ មានរយៈពេល ២ សប្តាហ៍។
សិក្ខាសាលានេះ រៀបចំឡើងតាមរយៈប្រព័ន្ធ Zoom ចាប់ថ្ងៃទី ៧ ដល់ទី ២១ ខែមិថុនា។
អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ក្នុងហ្វេសប៊ុកកាលពីថ្ងៃទី ៦ ខែមិថុនាថា៖ «(សិក្ខាសាលានេះ) រៀបចំឡើងក្នុងគោលបំណង ចែករំលែកបទពិសោធ និងចំណេះដឹងក្នុងកិច្ចការស្រាវជ្រាវបុរាណវិទ្យា ការងារអភិរក្សបុរាណស្ថាន និងបេតិកភណ្ឌ និងបង្កើនការយល់ដឹងផ្តល់បទពិសោធដល់អ្នកជំនាញបន្តវេនជំនាន់ក្រោយ ព្រមទាំងសាធារណជនឱ្យបានយល់ច្បាស់អំពីសារៈសំខាន់នៃកិច្ចការបេតិកភណ្ឌដែលជាមរតកវប្បធម៌របស់អ្នកជំនាន់មុន»។
ប្រធានបទសំខាន់ៗសម្រាប់សិក្ខាសាលាចែករំលែកនេះ រួមមានការស្រាវជ្រាវរបកគំហើញថ្មីៗ ការជួសជុល និងអភិរក្ស និងទស្សនៈផ្សេងៗនាពេលអនាគតក្នុងការបំពេញភារកិច្ចទាំងនេះ។
ហ្វេសបុកដដែលបញ្ជាក់ថា៖ «អ្នកជំនាញនៃប្រទេសទាំង ២ ប្រមាណជាង ១០០ នាក់ នឹងធ្វើការប្រជុំតាមកម្មវិធី ZOOM នឹងប្រព្រឹត្តទៅដោយមានការផ្លាស់ប្តូរម៉ោងពេលនៃភូមិសាស្ត្ររបស់ប្រទេសទាំង ២»។
លោក ឡុង កុសល ប្រធាននាយកដ្ឋានផ្សព្វផ្សាយ និងជាអ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៨ ខែមិថុនា ថា ប្រទេសម៉ិកស៊ិក ក៏មានប្រាសាទថ្មដូចកម្ពុជាដែរ និងមានបញ្ហាប្រឈមស្រដៀងនឹងកម្ពុជា។ ការជួបប្រជុំគ្នានេះ គឺដើម្បីផ្លាស់ប្តូរបទពិសោធ និងរៀនសូត្រពីគ្នាទៅវិញទៅមក។
លោកថ្លែងថា៖ «ការរៀបចំសិក្ខាសាលាខាងផ្នែកបុរាណវិទ្យារួមគ្នារវាងកម្ពុជា និងម៉ិកស៊ិកនេះ គឺដើម្បីឱ្យសាធារណជនបានជ្រាបអំពីប្រធានបទផ្សេងៗទៀត ពាក់ព័ន្ធជាមួយនឹងកិច្ចការងារអភិរក្សកិច្ចការងារថែរក្សាហ្នឹង គឺវាច្រើន។ វាមិនមែនសំដៅតែទៅលើការជួសជុលតែមួយទេ។ វាមានទាំងផ្នែកបរិស្ថានមានទាំងខាងផ្នែកអីផ្សេងពាក់ព័ន្ធច្រើនទៀត»។
លោក កុសល បន្តថានេះជាការផ្លាស់ប្តូរបទពិសោធគឺជាការទទួលបាននូវមេរៀន ឬក៏ហៅថា បទពិសោធល្អៗរវាងគ្នានឹងគ្នា។ គេក៏ទទួលបានចំណេះដឹងពីយើង។ យើងក៏ទទួលបានចំណេះដឹងពីគេ។
បើតាមលោក ឡុង កុសល កម្ពុជា និងម៉ិកស៊ិកមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជិតស្និទរវាងគ្នាខាងការងារអភិរក្សប្រាសាទបុរាណ ហើយទៅថ្ងៃអនាគតនឹងអាចមានសិក្ខាសាលាចែករំលែកបទពិសោធបន្តទៀត។
កាលពីខែកុម្ភៈ ឆ្នាំ ២០២១ លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងប្រធានក្រុមប្រឹក្សាភិបាល អាជ្ញាធរជាតិអប្សរាបានជួបជាមួយលោក Dinesh Patnait អគ្គលេខាធិការនៃក្រុមប្រឹក្សាទំនាក់ទំនងវប្បធម៌ឥណ្ឌា តាមរយៈប្រព័ន្ធអ៊ីនធើណិត។ ភាគីទាំង ២ បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការវប្បធម៌រវាងកម្ពុជា និងឥណ្ឌាដែលក្នុងនោះក៏មានរួមបញ្ចូលពីការធ្វើឱ្យកាន់តែប្រសើរឡើងនូវសារមន្ទីរវាយនភណ្ឌប្រពៃណីអាស៊ីមេគង្គ-គង្គា (កម្ពុជា ឥណ្ឌា ភូមា ថៃ ឡាវ វៀតណាម) ជាពិសេសពិនិត្យលទ្ធភាពបន្ថែមសមុច្ច័យថ្មីៗដើម្បីតាំងបង្ហាញ។
កាលពីខែធ្នូឆ្នាំ ២០២០ មូលនិធិបេតិកភណ្ឌវប្បធម៌កូរ៉េនៃទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ (KOICA) បានផ្តល់វគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពព្យាបាល និងជួសជុលវត្ថុបុរាណតាមបែបវិទ្យាសាស្ត្ររយៈពេល ៥ ថ្ងៃ ពីថ្ងៃទី ២១ ដល់ទី ២៥ ខែធ្នូ ឆ្នាំ ២០២០ ដល់មន្ត្រី និងបុគ្គលិកជំនាញជួសជុល និងអភិរក្សប្រាសាទនៃអាជ្ញាធរជាតិអប្សរាចំនួន ១៥ នាក់៕