The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - លោក ​ប្រាក់​ សុខុន ​​អំពាវ​ឱ្យ​ប្រទេស​មេគង្គ​-​ឡាន​ឆាង​ទាំង ​៦ រួមគ្នា​ដោះស្រាយ​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ ដោយ​ធានាឱ្យមាន​វ៉ាក់សាំង​ និង​ថ្នាំពេទ្យ​គ្រប់គ្រាន់




លោក ​ប្រាក់​ សុខុន ​​អំពាវ​ឱ្យ​ប្រទេស​មេគង្គ​-​ឡាន​ឆាង​ទាំង ​៦ រួមគ្នា​ដោះស្រាយ​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ ដោយ​ធានាឱ្យមាន​វ៉ាក់សាំង​ និង​ថ្នាំពេទ្យ​គ្រប់គ្រាន់

Content image - Phnom Penh Post
លោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេសនិង​សហការី នៅក្នុងកិច្ច​ប្រជុំមេគង្គ-ឡានឆាង។ រូបថត ក្រសួងការបរទេស

លោក ​ប្រាក់​ សុខុន ​​អំពាវ​ឱ្យ​ប្រទេស​មេគង្គ​-​ឡាន​ឆាង​ទាំង ​៦ រួមគ្នា​ដោះស្រាយ​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ ដោយ​ធានាឱ្យមាន​វ៉ាក់សាំង​ និង​ថ្នាំពេទ្យ​គ្រប់គ្រាន់

​ភ្នំពេញៈ​ ​លោក ​ប្រាក់​ សុខុន ​រដ្ឋមន្ត្រី​ការបរទេស​អំពាវ​ឱ្យ​ប្រទេស​មេគង្គ​-​ឡាន​ឆាង​ ទាំង ​៦ នៅក្នុងកិច្ចប្រជុំ រួមគ្នា​ដោះស្រាយ​វិបត្តិ​ជំងឺ​កូ​វីដ ​១៩ ដោយ​ធានាឱ្យមាន​វ៉ាក់សាំង​ និង​ថ្នាំពេទ្យ​គ្រប់គ្រាន់​ហើយ​ជា​ទំនិញ​សាធារណៈ​ទៀត​ផង​។​

សេចក្តី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​បញ្ជាក់​នៅ​ថ្ងៃទី​ ៩ ខែមិថុនាថា​៖ «​ឯកឧត្តម​ឧបនាយក​រដ្ឋមន្ត្រី ​ប្រាក់ ​សុខុន ​បាន​សង្កត់​ធ្ងន់​ថា​ ប្រទេស​មេគង្គ​-​ឡាន​ឆាង ​ត្រូវតែ​បន្ត​បង្ហាញ​សាមគ្គីភាព​ក្នុងការ​ដោះ​ស្រាយ​វិបត្តិ​សុខភាព​ពិភព​លោក​ ​និង​ត្រូវផ្តោត​អាទិ​ភាពជា​ចម្បង​ក្នុងការ​ធានា​នូវ​ការ​ទទួលបាន​គ្រប់គ្រាន់​នូវ​វ៉ាក់សាំង​ ​និង​ថ្នាំពេទ្យ ​ដែល​ជា​ទំនិញ​សាធារណៈ​សកល​»​។​

ប្រទេស​ក្នុង​កិច្ច​សហ​ប្រតិ​បត្តិការ​មេគង្គ​-​ឡាន​ឆាង​ រួមមាន​ ចិន​ មី​យ៉ាន់​ម៉ា​ កម្ពុជា ​ឡាវ​ ​ថៃ ​និង​វៀត​ណាម​។​​

លោក ​សុខុន​ ថ្លែង​ដូច្នេះ ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​កា​របរទេស​នៃ​កិច្ច​សហប្រតិ​បត្តិការ​ឡាន​ឆាង​-​មេគង្គ​ លើក​ទី​៦ កាលពី​ថ្ងៃទី ​៨ ខែមិថុនា ​ក្នុង​ដំណើរ​ទៅ​បំពេញ​ទស្សនកិច្ច​ ២ ថ្ងៃ​ ​ទៅ​កាន់​ក្រុង​ឆុង​ឈី​ង​កាលពី​ថ្ងៃទី ៧​ ​ដល់​ថ្ងៃទី ​៨ ​ខែ​មិថុនា​ ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរ​ទេស​ពិសេស​អាស៊ាន​-​ចិន​ និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​ការ​បរទេស​នៃ​កិច្ច​សហ​ប្រតិបត្តិ​ការ​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៦ នេះ​។​

លោក​ ​សុខុន​ ​សរ​សើរ​ចិន​ចំពោះ​ការប្តេជ្ញា​ចិត្ត​ និង​តួនាទី​ជា​អ្នក​ដឹក​ក្នុងការ​ផ្តល់នូវ​ឱសថ ​សម្ភារ​វេជ្ជសាស្ត្រ ​និង​វ៉ាក់សាំង​ការពារ​ជំងឺ​កូ​វីដ ​១៩ ចំនួន​រាប់លាន​ដូ​ស​ ជូន​ដល់​បណ្តា​ប្រទេស​មេគង្គ​បាន​ទាន់ពេល​វេលា​។

បើ​យោង​តាម​សេចក្តី​ប្រ​កាស​ព័ត៌​មាន​ដដែល​នេះ ​រដ្ឋ​មន្ត្រី​ទាំង​អស់​បាន​សរសើរ​ដ​ល់​ប្រទេស​មេគង្គ​-​ឡាន​ឆាង​ ដែល​បាន​ធ្វើការ​រួមគ្នា​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​រីក​រាល​ដាល​នៃ​ជំងឺ​រាតត្បាត​កូ​វីដ​ ១៩​។

រដ្ឋ​មន្ត្រី​ទាំង​អស់​បាន​អំពាវ​នាវ​ឱ្យ​ពង្រឹង​កិច្ចស​ហ​ប្រតិ​បត្តិការ​រួម​គ្នា ដោយ​ផ្តោត​សំខាន់​លើ​ការផ្គត់ផ្គង់​គ្រឿង​បរិក្ខា​វេជ្ជសាស្ត្រ ​និង​វ៉ាក់​សាំង​ ការចែករំលែក​បទពិសោធ​ន៍​ក្នុងការ​ឆ្លើយតប​ទៅនឹង​ការ​ផ្ទុះឡើង​នៃ​ជំងឺ​រាត​ត្បាត​ និង​ការ​ប្រើប្រាស់​ឱ្យបាន​ពេញ​លេញ​នូវ​មូលនិធិ​ពិសេស​មេគង្គ​-​ឡាន​ឆាង​ សម្រាប់​សុខភាព​សាធារណៈ​សម្រាប់​ដោះស្រាយ​ការ​រាតត្បាត​ក្នុងពេល​បច្ចុប្បន្ន ​និង​អនាគត។​

ប្រភព​ដដែល​បន្តថា ​រដ្ឋមន្ត្រី​ទាំងអស់​បាន​សម្តែង​នូវ​ការ​ពេញចិត្ត​ចំពោះ​មូលនិធិ​ពិសេស​មេគង្គ​-​ឡាន​ឆាង​ ចំពោះ​ការគាំទ្រ​ដល់​គម្រោង​ប្រមាណ​ជាង​ ៥០០​ នៅ​ក្នុង​វិស័យ​ជាច្រើន​ រួ​ម​មាន​ធនធាន​ទឹក កសិកម្ម​ ​អប់រំ​ ​ការ​កាត់​បន្ថយ​ភាព​ក្រីក្រ ​និង​សុខាភិបាល​ ​ចាប់​ពី​ពេល​បង្កើត​ឡើង​។​​

សេចក្តី​ប្រកាស​ព័ត៌មាន​បន្ថែម​ថា​៖ ​«(​រដ្ឋ​មន្ត្រី​ទាំង​អស់​) ​បាន​កោត​សរសើរ​ប្រទេស​ទាំង ​៦ ដែល​បាន​ខិតខំ​ប្រឹងប្រែង​អនុវត្ត​គម្រោង ​ក្នុង​អំឡុង​ពេល​មាន​ជំងឺ​រាតត្បាត​។​ រដ្ឋមន្ត្រី​ទាំង​អស់​ក៏បាន​ស្វាគមន៍​ចំពោះ​បញ្ជី​គម្រោង​គាំទ្រ​ដោយ​មូល​និធិ​ពិសេស​មេគង្គ​-​ឡាន​ឆាង​ឆ្នាំ​ ២០២១​ ដែល​ក្នុង​នោះ​គម្រោង​របស់​កម្ពុ​ជា​មាន​ចំនួន ​១២ ​ត្រូវ​បាន​អនុម័ត​ ដែល​នាំ​ឱ្យ​គម្រោង​សរុប​របស់​កម្ពុជា​កើន​ឡើង​ដល់​ ចំនួន ៦៧​»។

ក្នុង​កិច្ច​ប្រជុំ​កំពូល​មេគង្គ​-​ឡាន​ឆាង​លើក​ទី​៣​កាល​ពី​ឆ្នាំមុន​ ​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន ​សែន​ បាន​ថ្លែង​គាំទ្រ​ចំពោះ​សំណើ​របស់​លោក ​លី ខឺ​ឈាង ​នាយក​រដ្ឋ​មន្ត្រី​ចិន​ ក្នុ​ង​ការ​ជំរុញ​ការ​នាំចូល​បន្ថែម​នូវ​ផលិត​ផល​កសិកម្ម​ ​និង​បសុ​សត្វ​ ​ប្រក​ប​ដោយ​គុណ​ភាព​ ​ពី​បណ្តា​ប្រទេស​មេគង្គ​។

ក្រសួង​ការបរទេស​ប​ញ្ជា​ក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​នេះ​ថា​៖ «​ថ្មីៗ​នេះ​មានការ​នាំចេញ​នូវ​ផ្លែស្វាយ​ស្រស់​ពី​ប្រទេស​កម្ពុជា ​ទៅកាន់​ប្រទេស​ចិន បន្ថែម​ពីលើ​ការដឹកជញ្ជូន​ផ្លែឈើ និង​ផលិតផល​កសិកម្ម​ដែល​មាន​ស្រាប់​»​។​

​ក្នុង​កិច្ច​ប្រជុំ​នេះ ​រដ្ឋមន្ត្រី​ទាំងអស់​បាន​អនុម័ត​លើ​គំនិត​ផ្តួចផ្តើម​ស្តីពី​កិច្ច​សហ​ប្រតិបត្តិការ​ស៊ីជម្រៅ​ក្នុងចំណោម​រដ្ឋាភិបាល​ថ្នាក់មូលដ្ឋាន​នៃ​ប្រទេស​ឡាន​ឆាង​-​មេគង្គ​ សេចក្តីប្រកាស​រួម​ស្តីពី​ការលើកកម្ពស់​កិច្ច​សហ​ប្រតិបត្តិ​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៃ​ប្រទេស​ឡាន​ឆាង​-​មេគង្គ​ និង​សេចក្តីប្រកាស​រួម​ស្តីពី​កិច្ច​សហ​ប្រតិ​បត្តិការ​ស៊ីជម្រៅ​លើ​វិស័យ​ឱសថ​បុរាណ ក្នុង​ក្របខ័ណ្ឌ​កិច្ច​សហ​​ប្រតិបត្តិការ​ឡាន​ឆាង​-​មេគង្គ​។​

លោក​ គិ​ន ​ភា ​ប្រធាន​វិទ្យាស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រា​ជប​ណិ្ឌ​ត្យ​សភា​កម្ពុជាប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ នៅ​ថ្ងៃទី​ ១០ ​ខែមិថុនា​ ថា​ការ​ប្រយុទ្ធ​ប្រឆាំង​ជំងឺ​កូ​វីដ​ ១៩​ នេះ ​គឺជា​ការ​ចាំបាច់​ដែល​ប្រទេស​នៅក្នុង​តំបន់​ត្រូវ​មាន​កិច្ច​ខិតខំ​ប្រឹងប្រែង​រួមគ្នា​ ពី​ព្រោះ​វា​ជា​ជំងឺ ​និង​ជា​វិបត្តិ​ដែល​មិនមាន​ព្រំដែន​នោះ​ទេ​។​​

លោក​ថ្លែង​ថា​៖ «​អ៊ីចឹង​ទេ ​កិច្ច​ខិតខំ​ប្រឹងប្រែង​រួម​របស់​បណ្តា​ប្រទេស​ក្នុង​តំបន់​ គឺជា​រឿង​ចាំបាច់​រាប់ទាំង​វ៉ាក់សាំង ​រាប់​ទាំង​ការស្តារ​សេដ្ឋកិច្ច​ឡើងវិញ​»​។​

លោក ​ភា ​បន្តថា​ ចិន​នៅតែ​ជា​ប្រទេស​ដែល​នៅតែ​ជា​ក្បាល​ម៉ាស៊ីន​ ឬ​ទូរ​រថភ្លើង​សេដ្ឋកិច្ច​សម្រាប់​សន្តោង​ការរីក​ចម្រើន​ក្នុង​តំបន់​ ជាពិសេស​ប្រទេស​កម្ពុជា​ដែលមាន​ទំនាក់ទំនង​ខ្លាំង​ជាមួយ​ចិន​លើ​វិស័យ​ពាណិជ្ជកម្ម​ការ​នាំចេញ​ក៏មាន​ការ​កើន​ឡើង ​ការនាំ​ចូល​ និង​ការវិ​និ​យោគ​ផ្សេង​ទៀត​។

ដោយ​ឡែក ​ក្នុង​កិច្ចប្រជុំ​ទ្វេភាគី​រវាង​លោក ​សុខុន​ និង​លោក​ ដន​ប្រា​ម៉ាត់​វិណៃ ​(Don Pramudwinai)​ រដ្ឋមន្ដ្រី​ការ​បរទេស​ថៃ​ រដ្ឋមន្ត្រី​ទាំងពីរ​បាន​បញ្ជាក់​សារជាថ្មី​នូវ​ការប្តេជ្ញា​ចិត្ត​ខ្ពស់​ក្នុងការ​ធ្វើការ​យ៉ាង​ជិតស្និ​ទ្ធ​ ​ដើម្បី​ពង្រឹង​ចំណង​មិត្ត​ភាព​ដែល​មាន​តាំងពី​យូរលង់​មកហើយ​ ​និង​ភាព​ជា​អ្នក​ជិត​ខាង​ល្អ​រវាង​ប្រទេស​ទាំងពីរ​។​

លោក​ ​ប្រាក់​ សុខុន​ បាន​សរសើរ​ប្រទេស​ថៃ ​ដែល​បាន​ផលិត​វ៉ាក់​សាំង​ដោយ​ជោគជ័យ​ និង​អរគុណ​រដ្ឋាភិបាល​ថៃ​ ព្រមទាំង​វិស័យ​ឯកជន​ ដែល​បាន​ផ្តល់ជំនួយ​ដល់​កម្ពុជា​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​ និង​ការគ្រប់​គ្រង​ការផ្ទុះ​ឡើង​នៃ​ជំងឺ​កូ​វីដ​ ១៩ ​ព្រមទាំង​បាន​យកចិត្ត​ទុក​ដាក់​ថែទាំ ​សុខុ​មាល​ភាព​ប្រជាជន​កម្ពុជា​ ​ដែល​កំពុង​ធ្វើការ​ ​និង​រស់​នៅក្នុង​ប្រទេស​ថៃ​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បាន​ឱ្យ​ដឹង​ថា​ ដើម្បី​សម្រេច​បាន​នូវ​គោល​ដៅ​ពាណិជ្ជកម្ម​ទ្វេភាគី​ចំនួន​ ​១៥​ ប៊ី​លាន​ដុល្លារ ​ដែល​ត្រូវ​បាន​កំណត់​ដោយ​ នាយក​រដ្ឋ​មន្ត្រី​ នៃ​ប្រទេស​ទាំង​ពីរ​នៅ​កិច្ច​ប្រជុំ​ចង្អៀត​គណៈរដ្ឋ​មន្ត្រី​រួម​លើក​ទី​៣ កាល​ពី​ឆ្នាំ ​២០១៧ ​រដ្ឋមន្ត្រី​ទាំងពីរ​បាន​លើក​ទឹកចិត្ត​ឱ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​នៃ​ភាគី​ទាំងពីរ​ខិតខំ​ទ្វេដង​ ដើម្បី​សម្រប​សម្រួល​លំហូរ​ពាណិជ្ជ​កម្ម​ ​នៅ​តាម​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ព្រំដែន​។

សេចក្តី​ប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់​ថា​៖ «​ភាគី​ទាំង​ពីរបាន​ឯកភាព​នឹង​រៀបចំ​កិច្ចប្រជុំ​គណៈកម្ម​ការ​ចម្រុះ​ទ្វេភាគី​កម្ពុជា​-​ថៃ លើក​១១ នៅ​ចុងឆ្នាំ ​២០២១ ​ឬ​ដើម​ឆ្នាំ ​២០២២ នៅ​កម្ពុជា​ ហើយ​សង្ឃឹម​ថា កិច្ចប្រជុំ​នេះ​នឹង​អាច​រៀបចំ​ដោយមាន​ការ​ចូលរួម​ដោយ​ផ្ទាល់​»​៕

អត្ថបទគួរចាប់អារម្មណ៍